ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក,​រុស្ស៊ី​ទៅ​ដល់​អារ៉ាប៊ី​សាអូ​ឌី​ត​ដើម្បី​ដោះ​​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន

4 ថ្ងៃ មុន

ទីក្រុង​រីយ៉ាត៖ ​​កាល​ពី​យប់​មិញ គណៈ​ប្រតិ​ភូ​​​ដឹក​នាំ​ដោយ​​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​ក្រុង​រីយ៉ាត​ ប្រទេស​អារ៉ាប៊ី​សាអូឌីត​​ហើយ​ ហើយ​អម​ដំណើរ​ដោយ​ទី​ប្រឹក្សា​​របស់​លោក​ពូទីន​ទទួល​បន្ទុក​ខាង​កិច្ច​ការ​បរទេស​​​លោក​យូរី អ៊ូសាកូស (Yuri Ushakov)​។ ​​ភាគី​អាមេរិក​​​ដឹក​នាំ​ដោយ​រដ្ឋ​មន្ត្រី​ការ​បរទេស​​រូប៊ីយ៉ូ​ក៏​បាន​ទៅ​ដល់​អារ៉ាប៊ី​សាអូឌីត​រួច​ហើយ​ដែរ​​។ គណៈ​ប្រតិ​ភូ​ទាំង​២​ក្រុម​នឹង​ជជែក​គ្នា​អំពី​បញ្ហា​សំខាន់​ៗ​​ដូច​ជា​៖…

ទីក្រុង​រីយ៉ាត៖ ​​កាល​ពី​យប់​មិញ គណៈ​ប្រតិ​ភូ​​​ដឹក​នាំ​ដោយ​​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​ក្រុង​រីយ៉ាត​ ប្រទេស​អារ៉ាប៊ី​សាអូឌីត​​ហើយ​ ហើយ​អម​ដំណើរ​ដោយ​ទី​ប្រឹក្សា​​របស់​លោក​ពូទីន​ទទួល​បន្ទុក​ខាង​កិច្ច​ការ​បរទេស​​​លោក​យូរី អ៊ូសាកូស (Yuri Ushakov)​។ ​​ភាគី​អាមេរិក​​​ដឹក​នាំ​ដោយ​រដ្ឋ​មន្ត្រី​ការ​បរទេស​​រូប៊ីយ៉ូ​ក៏​បាន​ទៅ​ដល់​អារ៉ាប៊ី​សាអូឌីត​រួច​ហើយ​ដែរ​​។

គណៈ​ប្រតិ​ភូ​ទាំង​២​ក្រុម​នឹង​ជជែក​គ្នា​អំពី​បញ្ហា​សំខាន់​ៗ​​ដូច​ជា​៖ ​ការ​​កែ​សម្រួល​​ទំនាក់​ទំនង​​​អាមេរិក-​​រុស្ស៊ី​ដែល​ធ្លាក់​ចុះ​ខ្លាំង​កាល​ពី​ជំនាន់​លោក​បៃដិន​ដោយ​សារ​សង្គ្រាម​អ៊ុយ​ក្រែន និង​ការ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​​, ការ​រៀប​ចំ​គម្រោង​ចរ​ចា​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន និង​ការ​រៀប​ចំ​គម្រោង​ជួប​គ្នា​កម្រិត​កំពូល​រវាង​លោក​ត្រាំ និ​ងលោក​ពូទីន​នា​ពេល​អនា​គត​។​

​លោក​អ៊ូសាកូស​ថ្លែង​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រុស្ស៊ី​ថា​គណៈ​ប្រតិ​ភូ​របស់​លោក​មក​អារ៉ាប៊ី​សាអូឌីត​លើក​នេះ​ដើម្បី​ជជែក​គ្នា​ប្រកប​ដោយ​​ជំហាន​ហ្មត់​ចត់​​។ រដ្ឋ​មន្ត្រី​រុស្ស៊ី លោក​ឡាវ​រ៉ូស​ (Sergei Lavrov) នឹង​​ជជែក​គ្នា​ជា​មួយ​​ភាគី​​អាមេរិក​ដែល​មាន​លោក​រូប៊ីយ៉ូ​ និង​អ្នក​ដទៃ​ទៀត​។ របៀប​វារៈ​សំខាន់​គឺ​ការ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​ និង​ការ​​ស្ដារ​ទំនាក់​ទំនង​ឡើង​វិញរវាង​អាមេរិក និង​រុស្ស៊ី​។​

លោក​រូប៊ីយ៉ូ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​ក្រុង​រីយ៉ាត​មុន​គេ​មុន​ឯង​តាំង​ពី​ថ្ងៃ​ចន្ទ​។ ចំណែក​​ទី​ប្រឹក្សា​សន្តិ​សុខ​ជាតិ​អាមេរិក និង​ប្រេសិត​ពិសេស​ទទួល​បន្ទុក​ខាង​កិច្ច​ការ​មជ្ឈិម​បូព៌ា​ក៏​បាន​ទៅ​ដល់​រួច​ហើយ​ដែរ​។ អ្នក​នាំ​ពាក្យ​វិមាន​​ក្រឹម​ឡាំង​ថ្លែង​ថា​លោក​ឡាវរ៉ូស និង​លោក​អ៊ូសាកូស​នឹង​ជួប​សម​ភាគី​អាមេរិក​នៅ​ថ្ងៃ​អង្គារ​ ហើយ​នឹង​កែ​សម្រួល​ទំនាក់​ទំនង​ឱ្យ​បាន​ល្អ​ឡើង​វិញ​។

​អាមេរិក និង​រុស្ស៊ី​ចាប់​ផ្ដើម​ពន្លឿន​ការ​ចរ​ចា​គ្នា​ក្រោយ​​ការ​សន្ទនា​គ្នា​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​តាម​ទូរ​ស័ព្ទ​រវាង​លោក​ត្រាំ និង​លោក​ពូទីន​កាល​ពី​សប្ដាហ៍​មុន​។ លោក​ត្រាំ​អះ​អាង​ថា​ក្រោយ​ការ​សន្ទនា​គ្នា​ជា​មួយ​លោក​ពូទីន និង​លោក​ហ្សេឡិន​ស្គី លោក​ទាំង​២​សុទ្ធ​តែ​និយាយ​ដូច​ៗ​គ្នា​ថា​ពួក​គេ​ចង់​បញ្ចប់​សង្គ្រាម​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ចំពោះ​ការ​ចោទ​ប្រកាន់​ថា​អា​មេ​រិក​លួច​ចរ​ចា​គ្នា​ស្ងាត់​ៗ​ជា​មួយ​រុស្ស៊ី​នោះ ខាង​អាមេរិក​ចេញ​មក​បក​ស្រាយ​ហើយ​ថា​ខ្លួន​មិន​មែន​ជា​អ្នក​អារ​កាត់​នៅ​ក្នុង​រឿង​នេះ​ទេ​។ ខ្លួន​នឹង​ដើរ​តួ​​នាទី​ជា​អន្តរ​ការី​ ឬ​អ្នក​កណ្ដាល​​។ ចំណែក​តួ​អង្គ​សំខាន់​គឺ​អ៊ុយ​ក្រែន និង​រុស្ស៊ី​ដែល​ត្រូវ​​ជជែក​ទល់​មុខ​គ្នា​។​

រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក លោក​រូប៊ីយ៉ូ​ ដែល​បាន​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​ជា​មួយ​លោក​ឡាវរ៉ូស​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នោះ​ លោក​ថ្លែង​ថា​នេះ​ជា​កិច្ច​ជំនួប​បឋម​សម្រាប់​ជា​ការ​ស្ទាប​ស្ទង់​ចិត្ត​ថ្លើម​គ្នា​។ លោក​ថា​អាមេរិក​កំពុង​មើល​​​ជំហរ​របស់​រស្ស៊ី​ដើម្បី​ចង់​ដឹង​ថា​តើ​លោក​ពូទីន​​មាន​ឆន្ទៈ​មោះ​មុត​កម្រិត​ណា​នៅ​ក្នុង​ការ​ចរ​ចា​សន្តិ​ភាព​។ ​មិន​ទាន់​បាន​អី​ផង​ ប្រមុខ​ដឹក​នាំ​អ៊ុយ​​ក្រែន​ប្រកាស​ពី​ប្រទេស​អារ៉ាប់​រួម​ថា​លោក​មិន​ទទួល​ស្គាល់​គម្រោង​ជួប​គ្នា​នេះ​ឡើយ​។

លោក​ថា​លោក​នឹង​មិន​ទទួល​យក​ជា​ដាច់​ខាត​នូវ​លទ្ធ​ផល​នៃ​កិច្ច​ជំនួប​ដែល​គ្មាន​ចំណែក​របស់​អ៊ុយ​ក្រែន​ចូល​រួម​។​​ ទី​ប្រឹក្សា​សន្តិ​សុខ​ជាតិ​អាមេរិក លោ​កម៉ាយ​វ៉ាល់ (Mike Walt) ថ្លែង​ថា​គ្មាន​នរណា​មាន​សិទ្ធិ​ចាប់​បង្ខំ​ឱ្យ​អ៊ុយ​ក្រែន​ទទួល​យក​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ជំនួស​ឱ្យ​អ៊ុយ​ក្រែន​ខ្លួន​ឯង​ទេ​។ ចំពោះ​សំណួរ​ថា​តើ​​ទី​​ក្រុងវ៉ាស៊ីនតោន​​នឹង​​គាំទ្រ​​បេសក​កម្ម​ថែ​រក្សា​សន្តិ​ភាព​របស់​កង​ទ័ព​អឺរ៉ុប​​នៅ​អ៊ុយ​ក្រែន​ដែរ​ឬ​ទេ? ទី​ប្រឹក្សា​រូប​នេះ​យល់​ថា​បញ្ហា​នេះ​​​ចាំ​និយាយ​​គ្នា​នៅ​ពេល​ក្រោយ​ទៀត​៕​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ