ទីក្រុងអាប៊ូដាប៊ី៖ លោកហ្សេឡិនស្គីដែលកំពុងស្ថិតនៅប្រទេសអារ៉ាប់រួមបានប្រកាសមិនទទួលស្គាល់ទុកជាមុននូវគម្រោងជួបគ្នារវាងគណៈប្រតិភូអាមេរិក និងរុស្ស៊ីនៅអារ៉ាប៊ីសាអូឌីត។ គម្រោងនេះរៀបចំឡើងដើម្បីត្រៀមជួបគ្នាកម្រិតកំពូលរវាងលោកត្រាំ និងលោកពូទីន។ លោកហ្សេឡិនស្គីថ្លែងថាគម្រោងនេះធ្វើឡើងស្ងាត់ៗ។ អ៊ុយក្រែនមិនបានដឹងសូម្បីតែបន្តិច។
លោកថារដ្ឋាភិបាលទីក្រុងកៀវនឹងមិនទទួលយកលទ្ធផលនៃការចរចាដោយគ្មានចំណែករបស់អ៊ុយក្រែនចូលរួមជាដាច់ខាត។ ការថ្លែងដូចនេះធ្វើឡើងបន្ទាប់ពីពួកអឺរ៉ុបរិះគន់ខ្លាំងៗដែលអាមេរិកទុកអ៊ុយក្រែនឱ្យនៅក្រោយវាំងនន។ អង់គ្លេស លីទុយអានី អាល្លឺម៉ង់ និងប្រទេសដទៃទៀតទាមទារឱ្យអាមេរិកផ្ដល់កៅអីឱ្យបានសមរម្យសម្រាប់អ៊ុយក្រែននៅពេលចរចា។
ប្រទេសទាំងនេះចោទប្រកាន់ថាអាមេរិកបានធ្វើទៅតាមការចង់បានរបស់រុស្ស៊ីបាត់ទៅហើយតាំងពីមុនកិច្ចចរចាគ្នាជាផ្លូវការទៅទៀត។ វិមានក្រឹមឡាំងប្រកាសកាលពីថ្ងៃចន្ទថារដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងទីប្រឹក្សាលោកពូទីននឹងជួបសមភាគីអាមេរិកនៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីរៀបចំការចរចាសន្តិភាពដោយគ្មានវត្តមានរបស់អ៊ុយក្រែនចូលរួមទេ។
នៅពេលឮដំណឹងនេះ លោកហ្សេឡិនស្គីចាប់ផ្ដើមក្ដៅឆេវ និងបញ្ចេញប្រតិកម្មតបទៅវិញផូងៗតែម្ដង។ លោកថាអ៊ុយក្រែនមិនទទួលយកការចរចានេះទេ។ អ៊ុយក្រែនមិនបានដឹងរឿងនេះសូម្បីតែប៉ុនសរសៃសក់។ លោកផ្ដាំថារាល់ការចរចាដែលគ្មានវត្តមានរបស់អ៊ុយក្រែនត្រូវចាត់ទុកថាជាការចរចាដែលគ្មានលទ្ធផល ឬក៏ថាលទ្ធផលនេះមិនអាចចាត់យកជាបានការ។
លោកនិយាយបន្ថែមថាយើងមិនអាចទទួលស្គាល់កិច្ចព្រមព្រៀងដែលគ្មានការដឹងឮពីយើងបានឡើយ។ ច្បាស់ណាស់គម្រោងជួបគ្នានៅអារ៉ាប៊ីសាអូឌីតនោះធ្វើឡើងស្ងាត់ៗតែ២ភាគី។ ទេបើថាពួកគេមានរឿងត្រូវនិយាយគ្នាទ្វេភាគីរវាងអាមេរិក និងរុស្ស៊ី យើងទុកឱ្យពួកគេនិយាយគ្នាចុះ ឥតមានទាស់ខុសអ្វីទេ។ ប៉ុន្តែនេះពួកគេគ្រោងជជែកគ្នាអំពីបញ្ហាអ៊ុយក្រែន។
លោកហ្សេឡិនស្គីថារហូតដល់រឿងនេះបែកធ្លាយជាចំហ ហើយត្រូវគេដឹងឮយ៉ាងព្រោងព្រាតអស់ទៅហើយទើបអាមេរិកប្រកាសជាសាធារណៈ។ បើគិតឱ្យសព្វៗទៅ នេះជាទង្វើដ៏អាក្រក់ដែលត្រូវជជែកគ្នាជាមួយប្រទេសឈ្លានពានយើងនៅពេលយើងកំពុងមានសង្គ្រាម។ លោកហ្សេឡិនស្គីបញ្ជាក់ប្រាប់ទូរទស្សន៍អឹនប៊ីស៊ី (NBC) ថាលោកមិនទទួលយកជាដាច់ខាតនូវរាល់សេចក្ដីសម្រេចណាមួយនាពេលខាងមុខដោយគ្មានវត្តមានរបស់អ៊ុយក្រែន។
គេដឹងថាកិច្ចពិភាក្សាទ្វេភាគីរវាងគណៈប្រតិភូអាមេរិក និងរុស្ស៊ីនោះនឹងផ្ដោតសំខាន់ទៅលើការកែសម្រួលទំនាក់ទំនងរវាងប្រទេសទាំង២មកធម្មតាឡើងវិញ, ការរៀបចំគម្រោងចរចាគ្នាដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន និងការរៀបចំគម្រោងជួបគ្នាកម្រិតកំពូលរវាងលោកត្រាំ និងលោកពូទីន។ ខាងភាគីអាមេរិកដែលចូលរួមមានដូចជារដ្ឋមន្ត្រីការបរទេសអាមេរិក លោករូប៊ីយ៉ូ (Marco Rubio), ប្រេសិតពិសេសទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា លោកស្ទីវវីតខូស (Steve Witkoff) និងទីប្រឹក្សាសន្តិសុខជាតិ លោកម៉ាយវ៉ាល់ (Mike Waltz)៕
ចែករំលែកព័តមាននេះ