ទីក្រុងប្រ៊ុចសែល៖ បណ្ដាប្រទេសធំៗនៅអឺរ៉ុបជួបប្រជុំគ្នាជាបន្ទាន់ និងយ៉ាងប្រញាប់ប្រញាល់បំផុតបន្ទាប់ពីសភាពការណ៍នៅអ៊ុយក្រែនចាប់ផ្ដើមប្រែក្រឡាស់១៨០ដឺក្រេ។ មិនរង់ចាំយូរទេ អាមេរិក និងរុស្ស៊ីបានបញ្ជូនគណៈប្រតិភូទៅអារ៉ាប៊ីសាអូឌីតដើម្បីចរចាគ្នា។ អឺរ៉ុបដឹងច្បាស់ហើយតាមរយៈប្រេសិតអាមេរិកថាខ្លួននឹងត្រូវគេទុកឱ្យនៅក្រោយវាំងននឬក្រៅសង្វៀន។

អឺរ៉ុបកំពុងមានអារម្មណ៍មិនស្រណុកខ្លួនទាល់តែសោះព្រោះខ្លាចការចរចាសន្តិភាពនេះមិនយកចិត្តទុកដាក់ចំពោះកង្វល់របស់ខ្លួន ជាពិសេសបញ្ហាសន្តិសុខជាតិរបស់អឺរ៉ុប។ ដូច្នេះ មិនរង់ចាំយូរតទៅទៀតទេនៅថ្ងៃចន្ទសប្ដាហ៍នេះ ប្រទេសមហាអំណាចធំៗនៅទ្វីបអឺរ៉ុបត្រៀមកោះប្រជុំគ្នាជាបន្ទាន់នៅទីក្រុងប៉ារីស ប្រទេសបារាំង តបតាមសំណើរបស់លោកម៉ាក្រុង។ គេដឹងថារបៀបវារៈសំខាន់ៗនៃកិច្ចប្រជុំនេះគឺការចរចាសន្តិភាពនៅអ៊ុយក្រែន និងវិស័យការពារជាតិអឺរ៉ុបនាពេលអនាគត។

កិច្ចជំនួបរបស់អឺរ៉ុបធ្វើឡើងស្របពេលដែលលោកត្រាំក៏កំពុងពន្លឿនការចរចាផងដែរ។ រដ្ឋមន្ត្រីការបរទេសអាមេរិក និងរុស្ស៊ីនឹងជួបគ្នានៅអារ៉ាប៊ីសាអូឌីតដើម្បីរៀបចំគម្រោងជួបគ្នាកម្រិតកំពូលរវាងលោកត្រាំ និងលោកពូទីន។ គម្រោងជួបគ្នារបស់អឺរ៉ុបនឹងចូលរួមដោយអង់គ្លេស, អាល្លឺម៉ង់, ប៉ូឡូញ, ស្ថាប័នរបស់អឺរ៉ុប, អគ្គលេខាធិការណាតូ និងប្រទេសដទៃទៀត។
ពួកគេនឹងពិភាក្សាគ្នាអំពីការដាក់ចេញផែនការដ៏ហ្មត់ចត់មួយដើម្បីពង្រឹងវិស័យការពារជាតិរបស់អឺរ៉ុបប្រសិនបើគ្មានវត្តមានរបស់អាមេរិក។ ការគិតទៅដល់ចំណុចនេះបន្ទាប់ពីមានសញ្ញាថាអាមេរិកលែងខ្វល់អំពីសន្តិសុខជាតិរបស់អឺរ៉ុប និងអ៊ុយក្រែនតទៅទៀតហើយ។ អាមេរិកគិតអំពីសន្តិសុខនៅព្រំដែនរបស់ខ្លួន និងការទប់ទល់នឹងឥទ្ធិពលរបស់ចិនតែប៉ុណ្ណោះ។

ដោយសារអឺរ៉ុបគ្មានចំណែកនៅក្នុងការចរចាគ្នា ដូច្នេះទោះបីនៅពីក្រោយវាំងននក៏ដោយ អឺរ៉ុបចង់ជូនយោបល់ឱ្យអ៊ុយក្រែនខិតខំដាក់លក្ខខណ្ឌតឹងរ៉ឹងនៅក្នុងការចរចាដើម្បីតថ្លៃគ្នាផ្នែកនយោបាយ។ មន្ត្រីរដ្ឋាភិបាលលោកខាងលិចដែលស្នើសុំមិនបញ្ចេញឈ្មោះប្រាប់ថាសភាពការណ៍ហាក់ដូចជាប្រែប្រួលឆាប់រហ័សពេកហើយ។ ដូច្នេះ អឺរ៉ុបមិនអាចធ្វើអ្វីបានក្រៅពីជូនយោបល់ទៅអ៊ុយក្រែន។ បើមើលក្រឡាមិនស្រួល អ៊ុយក្រែនគួរតែកុំទទួលយកលក្ខខណ្ឌដែលបង្ខំដោយអាមេរិក និងរុស្ស៊ី។

ប្រេសិតពិសេសរបស់លោកត្រាំទទួលបន្ទុកខាងមជ្ឈិមបូព៌ា លោកស្ទីវវីតខូស (Steve Witkoff) ចាប់ផ្ដើមធ្វើដំណើរទៅអារ៉ាប៊ីសាអូឌីតជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកម៉ាយវ៉ាល់ (Mike Waltz)។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោកប៉េស្កូស (Peskov) ថ្លែងប្រាប់ទូរទស្សន៍រុស្ស៊ីថាការដែលលោកត្រាំបោះដៃទៅរកការចរចាគ្នានេះជាសារនយោបាយដ៏មានឥទ្ធិពលមួយប្រាប់ទៅពិភពលោកថាយើងត្រូវតែដោះស្រាយបញ្ហាអ៊ុយក្រែនដោយការសន្ទនាគ្នាជាជាងធ្វើសង្គ្រាមបង្ហូរឈាម។

នៅក្នុងគម្រោងជួបគ្នានៅអារ៉ាប៊ីសាអូឌីតនោះសូម្បីតែអ៊ុយក្រែនក៏មិនត្រូវគេជូនដំណឹងដែរ។ អ៊ុយក្រែនដឹងរឿងនេះតាមរយៈការចុះផ្សាយនៅលើទំព័រសារព័ត៌មានតែប៉ុណ្ណោះ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ដែលស្និទ្ធនឹងលោកហ្សេឡិនស្គី។ ប៉ុន្តែដោយសារក្រុមអ្នកការទូតរបស់អ៊ុយក្រែនបានធ្វើដំណើរទៅអារ៉ាប់រួម និងតួកគីស្រាប់ទៅហើយ ដូច្នេះ ពួកគេក៏នឹងឆ្លៀតឆៀងចូលអារ៉ាប៊ីសាអូឌីតតែម្ដង។ ប៉ុន្តែមិនមែនទៅចូលរួមនៅក្នុងកិច្ចជំនួបទ្វេភាគីរវាងរុស្ស៊ី និងអាមេរិកនោះទេ។
អឺរ៉ុបចង់និយាយអំពីលទ្ធភាពនៃការបញ្ជូនកងទ័ពទៅឈរជើងនៅអ៊ុយក្រែន (ជាលក្ខណៈកងទ័ពថែរក្សាសន្តិភាព)។ ប៉ុន្តែពួកគេនឹងឈរជើងនៅសមរភូមិខាងក្រោយក្នុងនាមជាអ្នកជួយមើលការខុសត្រូវចំពោះសន្តិសុខជាតិ។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីមន្ត្រីរដ្ឋាភិបាលអឺរ៉ុប។ ប៉ុន្តែសំណើនេះក៏មិនទាន់ស៊ីសង្វាក់គ្នានៅក្នុងចំណោមអឺរ៉ុបខ្លួនឯងដែរព្រោះយ៉ាងហោចណាស់គេដឹងថាអាល្លឺម៉ង់ហាក់ដូចជាប្រយ័ត្នប្រយែងក្នុងការគាំទ្រការបញ្ជូនកងទ័ពថែរក្សាសន្តិភាពទៅអ៊ុយក្រែន។

រហូតមកដល់ពេលនេះ គេមិនទាន់ដឹងថាតើអាមេរិកនឹងចូលរួមចំណែកកម្រិតណាក្នុងការធានាសន្តិសុខជាតិរបស់រដ្ឋជាសមាជិកណាតូដែលដាក់ពង្រាយនៅអ៊ុយក្រែន។ ប៉ុន្តែច្បាស់ណាស់ថាអាមេរិកមិនបញ្ជូនកងទ័ពទៅអ៊ុយក្រែនទេ។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីមន្ត្រីរដ្ឋាភិបាលរបស់លោកត្រាំ។ ប៉ុន្តែមិនមែនមានន័យថាអាមេរិកដកខ្លួនទាំងស្រុងទេ។ អឺរ៉ុបអះអាងថាអាមេរិកមិនបដិសេធទេនូវការគាំទ្រពីក្រោយខ្នងបើសិនរដ្ឋជាសមាជិកណាតូត្រូវបញ្ជូនកងទ័ពទៅអ៊ុយក្រែន៕
ចែករំលែកព័តមាននេះ