ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក និង​រុស្ស៊ី​ត្រៀម​ជួប​គ្នា​នៅ​អា​រ៉ាប៊ីសាអូ​ឌីត​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​

5 ថ្ងៃ មុន

ទី​ក្រុង​រីយ៉ាត៖ អាមេរិក​ និង​រុស្ស៊ី​ចាប់​ផ្ដើម​ចាក​ចេញ​ដំណើរ​ទៅ​​អារ៉ាប៊ី​សាអូឌីត​​​ដើម្បី​​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន និង​ដើម្បី​រៀប​ចំគម្រោង​ជួប​គ្នា​កម្រិត​កំពូល​រវាង​លោក​ត្រាំ និង​លោក​​ពូ​ទីន​។ លើក​នេះ​ច្បាស់​ហើយ​ថា​អឺរ៉ុប​គ្មាន​ចំណែក​នៅ​ក្នុ​ងការ​ចរ​ចា​គ្នា​ទេ​។ ហេតុ​នេះ ​​អ៊ុយ​ក្រែន​កំពុង​ភ័យ​​ខ្លួន​ថា​ហេង​ស៊យ​ខ្លួន​ក៏​​ត្រូវ​​គេ​ទុក​នៅ​ក្រោយ​វាំង​នន ឬ​ក្រៅ​សង្វៀន​ដូច​អឺរ៉ុប​ដែរ​​។ ​​ប៉ុន្តែ​លោក​ត្រាំ​​​ថា​អ៊ុយ​ក្រែន​នឹង​មាន​កៅ​អី​អង្គុយ​ដ៏​សម​គួរ​មួយ​នៅ​ក្នុង​ការ​ចរ​ចា​។…

ទី​ក្រុង​រីយ៉ាត៖ អាមេរិក​ និង​រុស្ស៊ី​ចាប់​ផ្ដើម​ចាក​ចេញ​ដំណើរ​ទៅ​​អារ៉ាប៊ី​សាអូឌីត​​​ដើម្បី​​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន និង​ដើម្បី​រៀប​ចំគម្រោង​ជួប​គ្នា​កម្រិត​កំពូល​រវាង​លោក​ត្រាំ និង​លោក​​ពូ​ទីន​។ លើក​នេះ​ច្បាស់​ហើយ​ថា​អឺរ៉ុប​គ្មាន​ចំណែក​នៅ​ក្នុ​ងការ​ចរ​ចា​គ្នា​ទេ​។ ហេតុ​នេះ ​​អ៊ុយ​ក្រែន​កំពុង​ភ័យ​​ខ្លួន​ថា​ហេង​ស៊យ​ខ្លួន​ក៏​​ត្រូវ​​គេ​ទុក​នៅ​ក្រោយ​វាំង​នន ឬ​ក្រៅ​សង្វៀន​ដូច​អឺរ៉ុប​ដែរ​​។

​​ប៉ុន្តែ​លោក​ត្រាំ​​​ថា​អ៊ុយ​ក្រែន​នឹង​មាន​កៅ​អី​អង្គុយ​ដ៏​សម​គួរ​មួយ​នៅ​ក្នុង​ការ​ចរ​ចា​។ គ្រាន់​តែ​ថា​លោក​មិន​បាន​បញ្ជាក់​ថា​អ៊ុយ​ក្រែន​អាច​លូក​មាត់​នៅ​ក្នុង​ការ​ចរ​ចា​ ឬ​គ្រាន់​តែ​អង្គុយ​ស្ដាប់​មេ​ធំ​ៗ​ចរ​ចា​គ្នា​? ​​លោក​ហ្សេឡិន​ស្គីត្អូញ​ត្អែរ​ថា​លោក​មិន​ត្រូវ​អា​មេ​រិក​ហៅ​ទៅ​​ចូល​រួម​កិច្ច​ជំនួប​គ្នា​នៅ​អារ៉ាប៊ី​សាអូឌីត​ទេ​។ ​​ដូច្នេះ លោក​ហ្សេឡិន​ស្គី​សូម​ផ្ដាំ​ទុក​ជា​មុន​ថា​លោក​​មិន​ទទួល​យកជា​ដាច់​ខាត​​នូវ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ដែល​សម្រេច​គ្នា​ស្ងាត់​ៗ​តែ​២​នាក់​អាមេរិក និង​រុស្ស៊ី​ដោយ​គ្មានសួរ​មតិ​​របស់​អ៊ុយ​ក្រែន​​​។

​​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក លោក​ម៉ាកូ​ រូប៊ីយ៉ូ (Marco Rubio) រួម​ជា​មួយ​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោ​កម៉ាយ​វ៉ាល់ (Mike Waltz) និង​ប្រេសិត​ពិសេស​អាមេរិក​​ លោក​ស្ទីវ​ វីត​ខូស (Steve Witkoff) ចាប់​ផ្ដើម​ធ្វើ​​ដំណើរ​ទៅ​អា​រ៉ា​ប៊ី​​សា​អូឌីត​​។ គ​ម្រោង​​ជួប​គ្នា​​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​​លោក​ត្រាំ​​និយាយ​ទូរ​ស័ព្ទ​​​ជា​មួយ​លោក​ពូទីន​​ និង​លោក​ហ្សេឡិន​ស្គី​។

កាល​ពី​យប់​ថ្ងៃ​សៅរ៍​ លោក​រូប៊ីយ៉ូបាន​​និយាយ​ទូរ​ស័ព្ទ​ទៅ​សម​ភាគី​រុស្ស៊ី​​ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​​បញ្ហា​អ៊ុយ​ក្រែន​ និង​បញ្ហា​ដទៃ​​ទៀត​។ ​នៅ​ឯ​កិច្ច​ប្រជុំ​​សន្តិ​សុខ​ជាតិ​​នៅ​​អាល្លឺ​ម៉ង់​ ​​លោក​ហ្សេឡិន​ស្គី​ព្រលយ​ពាក្យ​ថា​រាល់​ការ​ចរ​ចា​គ្នាពាក់​ព័ន្ធ​នឹង​អ៊ុយ​ក្រែន​គួរ​ណាស់​មាន​ចំណែក​អ៊ុយ​ក្រែន​ចូល​រួម​​​។​​ លោក​ថា​អ៊ុយ​ក្រែន​មិន​ទទួល​យក​ទេ​នូវ​​ការ​សម្រេច​ចិត្ត​ពី​ក្រោយ​ខ្នង​របស់​ពួក​យើង​។​ បើ​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​ត្រូវ​តែ​មាន​អ៊ុយ​ក្រែន​ចូល​រួម​ បើ​ដោះ​ស្រាយ​បញ្ហា​អឺរ៉ុប​ត្រូវ​តែ​មាន​អឺរ៉ុប​ចូល​រួម​។

​ប្រេសិត​ពិសេស​របស់​អាមេរិក​ទទួល​បន្ទុក​ខាង​ការ​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន លោ​កខេត​ខេឡក់ (Keith Kellogg) ថ្លែង​ថា​អ៊ុយ​ក្រែន​នឹង​មាន​កៅ​អី​អង្គុយ​នៅ​ក្នុង​ការ​ចរ​ចា​គ្នា​។ លោក​ថា​តាម​ពិត​ទៅ តួ​អង្គ​សំខាន់​នៅ​ក្នុង​ការ​ចរ​ចា​គ្នា​គឺ​រុស្ស៊ី និង​អ៊ុយ​ក្រែន​ហ្នឹង​ហើយ​។ ចំណែក​អាមេរិក​គ្រាន់​តែ​ដើរ​តួ​នាទី​ជា​អន្តរ​ការី (អ្នក​កណ្ដាល​ ឬ​អ្នក​សម្រប​សម្រួល​) តែ​ប៉ុណ្ណោះ​។​ ដោយ​ឡែក​ ចំពោះ​សំណួរ​ថា​​តើ​អឺរ៉ុប​នឹង​មាន​​ចំណែក​​​ទេ​? លោក​ខេឡក់​សូម​ឆ្លើយ​ភ្លាម​ៗ​ថា​អឺរ៉ុប​គ្មាន​មុខនៅ​​ក្នុង​ការ​ចរ​ចា​គ្នា​​​ទេ​។​

ឥឡូវ​នេះ គេ​សង្កេត​ឃើញ​ថា​លោក​ហ្សេឡិន​ស្គី​ហាក់​ដូច​ជា​ចង់​អូស​ទាញ​អឺរ៉ុប​ឱ្យ​ចូល​ទៅ​ក្នុង​កញ្ចប់​ចរ​ចា​គ្នា​ដែរ​​ដោយ​សម្អាង​ថា​សន្តិ​សុខ​ជាតិ​របស់​អ៊ុយ​ក្រែន​ក៏​ពាក់​ព័ន្ធ​នឹង​សន្តិ​សុខ​ជាតិ​របស់​អឺរ៉ុប​ដែរ​។ ប៉ុន្តែចំណុច​ស្លាប់​រស់​នៅ​ត្រង់​គោល​ជំហរ​មិន​ស្រប​គ្នា​រវាង​អាមេរិក​ និ​ងអឺរ៉ុប​។ លោក​ត្រាំ​អាច​នឹង​គិត​ថា​បើ​អូស​អឺរ៉ុប​ចូល​ក្នុង​ការ​ចរ​ចា​គ្នា​មិន​មែន​ប្រញាប់​ឱ្យ​ត្រូវ​គ្នា​ទេ​ ប៉ុន្តែ​ជា​លក្ខណៈ​យក​ជើង​រា​ទឹក​ទៅ​វិញ​។ លោក​ហ្សេឡិន​ស្គី​ក៏​ហាក់​ដូច​ជា​អន្ទង់​វែង​ឆ្នាំង​​វែង​ពេក​ហើយ​នៅក្នុង​រឿង​នេះ​។

លោក​ហ្សេឡិន​ស្គី​ទទួល​អារម្មណ៍​ថា​អាមេរិក​ហាក់​ដូច​ជា​បោះ​សន្ទូច​រំលង​ភ្នំ ឬ​ក៏​ថា​ធ្វើ​អ្វី​អន្តនោ​ម័ត​ និង​ឆិន​ឆៃ​​​ដើម្បីចរ​ចា​គ្នា​ឱ្យ​ឆាប់​ចប់​។ លោក​ព្រលយ​ពាក្យ​ថា​វា​ជា​រឿង​ដ៏​គ្រោះ​ថ្នាក់​ដែល​​យើង​​ចាប់​ផ្ដើម​ភ្លាម​​អត់​ទាន់​​ពិភាក្សា​គ្នា​​​នៅ​ក្នុង​ចំណោម​សម្ព័​ន្ធ​មិត្ត​ទេ​ ប៉ុន្តែ​បែរ​ជា​​ចរ​ចា​គ្នា​ជា​មួយ​សត្រូវ​របស់​យើង​តែ​ម្ដង​។ លោក​សូម​បញ្ជាក់​ជំហររបស់​អ៊ុយ​ក្រែន​ឡើង​វិញ​ថា​យើង​ចាំ​បាច់​ត្រូវ​តែ​ប្រកាន់​ជំហរ​រួម​គ្នា។​​ អ៊ុយ​ក្រែន អាមេរិក និង​អឺរ៉ុប​ត្រូវ​តែ​នៅ​ជា​មួយ​គ្នា​មុន​នឹង​នាំ​គ្នា​ទៅ​ចរ​ចា​ជា​មួយ​លោក​ពូទីន​។​​

មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ទទួល​ស្គាល់​ថាគេ​មិន​​បាន​​​អញ្ជើញ​អ៊ុយ​ក្រែន​ឱ្យ​ចូល​រួម​កិច្ច​ជំនួប​រវាង​អាមេរិក និង​រុស្ស៊ី​នៅ​អារ៉ាប៊ី​សាអូឌីត​ពិត​មែន​។ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​គេ​ដាក់​អ៊ុយ​ក្រែន​ឱ្យ​នៅ​ក្រៅ​សង្វៀន​ទេ​។ ជា​បឋម​ អាមេរិក​ចង់​ជជែក​គ្នា​​​ទ្វេ​ភាគី​​ជា​មួយ​រុស្ស៊ី​សិន។​​ បន្ទាប់​មក​អាមេរិក​ជជែក​គ្នា​ទ្វេ​ភាគី​ជា​មួយ​អ៊ុយ​ក្រែន​ទៀត។​​ នៅ​ទី​បញ្ចប់​ជជែក​គ្នា​ត្រី​ភាគី​រវាង​អាមេរិក អ៊ុយ​ក្រែន និង​រុស្ស៊ី​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ