រាជធានីភ្នំពេញ ៖ ឆេះបន្ទប់ថតស្បែកចំនួន០១បន្ទប់ ខូចខាតសម្ភារៈមួយចំនួនស្ទើរទាំងស្រុងផ្អើលពលរដ្ឋលើផ្លូវ៣១០ ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង០៣រសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចជាន់ទី០១ នៃហាងលក់ស្បែកជើង យីហោ « ហាដូ ស្តរ » ដែលស្ថិតតាមបណ្តោយផ្លូវ៣១០ សង្កាត់បឹងកេងកងទី០២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីពលរដ្ឋអ្នកឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ ពួកគាត់បានឃើញមានផ្សែងខ្មៅហ៊ុយឃ្មួលឃ្មាញ់ ចេញពីបន្ទប់ជាន់ទី០១ ផ្នែកខាងក្រោយនៃហាងលក់ស្បែកខាងលើ ។
ភ្លាមៗពួកគាត់បានឮសំឡេងស្ត្រីស្រែកអោយជួយចេញពីទីតាំងឆេះ ស្របពេលនោះពួកគាត់បាននាំរត់ទៅយកបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់នឹងបានចូលទៅជួយស្ត្រីខាងលើ ដែលមានផ្ទៃពោះយកចុះមកក្រោមដោយសុវត្ថិភាព ។

ដោយស្ថានភាពពេលនោះ គឺមិនអាចគ្រប់គ្រងបានទេដោយសារមានផ្សែងច្រើនលាយលំនឹងអណ្តាតភ្លើងឆាបឆេះសន្ធោសន្ធៅទៅហើយ ។ ទើបពួកគាត់សម្រេចរាយការណ៍ជូនសមត្ថកិច្ចជំនាញអគ្គិភ័យ ដើម្បីមកជួយអន្តរាគមន៍អោយទាន់ពេលវេលាជៀសវាងបង្កការរាលដាល ។

អគ្គិភ័យនេះដែរ បានបង្កការខូចខាតបន្ទប់ស្ទីតយ៉ូចំនួន០១ បន្ទប់ទាំងស្រុង រួមនឹងសម្ភារៈមួយចំនួន ហើយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន០៤ គ្រឿង បាញ់អោយរលត់ជាស្ថាពរ ។ ចំពោះមូលហេតុ សមត្ថកិច្ចជំនាញបានកំពុងស្រាវជ្រាវបណ្តាលមកពីឆ្លងចរន្តចេញពីកង្ហារស្រូបផ្សែង ៕


ចែករំលែកព័តមាននេះ