បន្ទាយមានជ័យ ៖ កម្លាំងជិត១០០នាក់បានអន្តរាគមន៍ពន្លត់អគ្គិភ័យឆេះព្រៃលើភ្នំតូច រយៈពេលជិត៦ម៉ោងទើបពន្លត់បានឆេះព្រៃអស់ជិត១០ហិកតា កើតឡើង នៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិភ្នំតូចជើង ឃុំភ្នំតូច ស្រុកមង្គលបូរី ។

លោកវរៈសេនីយ៍ ទោ ប៊ុន ចាន់ថាន នាយករងសេនាធិការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានប្រាប់ថា ៖ ក្រោយទទួលព័ត៌មានបានដឹងអគ្គិភ័យ បានឆាបឆេះព្រៃលើកំពូលភ្នំតូចខាងជើង ដែលប្រឈមអគ្គិភ័យឆាបឆេះរាល់ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង រស់នៅជាប់ជើងភ្នំកម្លាំងយោធាតំបន់ប្រតិបត្តិការសឹងរង ខេត្តបន្ទាយមានជ័យ និងស្រុកមង្គលបូរី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបូរី និងប៉ុស្តិ៍នគរបាលឃុំភ្នំតូចប្រមាណជិត១០០នាក់ និងរថយន្តពន្លត់អគ្គិភ័យ១គ្រឿង បានជួយអន្តរាគមន៍ពន្លត់ ។

លោកវរៈសេនីយ៍ទោ ឌី ទាវ អធិការនគរបាលស្រុកមង្គលបូរីបានបញ្ជាក់ថា ៖ក្រោយកម្លាំងចម្រុះចុះអន្តរាគមន៍ពន្លត់អគ្គិភ័យឆាបឆេះព្រៃលើកំពូលភ្នំតូចខាងជើង ដោយផ្នែកខាងលើភ្នំ ដែលមានកម្ពស់ជិតកន្លះគីឡូម៉ែត្ររថយន្តពន្លត់ឡើងមិនរួចទើបកម្លាំងចម្រុះជិត១០០នាក់ កាច់មែកឈើវ៉ៃ និងប្រជាពលរដ្ឋជញ្ជូនទឹកឡើងភ្នំយកធុងបាញ់ថ្នាំស្រូវបាញ់ពន្លត់ និងរថយន្តពន្លត់អគ្គិភ័យបាញ់ផ្នែកជើងភ្នំខាងក្រោម ដែលឆាបឆេះចាប់ម៉ោង៦ដល់១១យប់ទើបពន្លត់បានទាំងស្រុង ។

មន្ត្រីក្រុមប្រឹក្សាឃុំភ្នំតូចបានបញ្ជាក់ថា ៖ មូលហេតុដែលអគ្គិភ័យឆាបឆេះ គឺបណ្តាលមកពីអ្នកយកឃ្មុំទើបបង្កអោយឆាបឆេះព្រៃលើភ្នំតូចខាងជើងដែលប្រឈមឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋរស់នៅជាប់ជើងភ្នំ ហើយអគុណដល់កម្លាំងចម្រុះដែលបានអន្តរាគមន៍ជួយពន្លត់បានទាន់ពេលមិនប៉ពាល់ដល់ផ្ទះប្រជាពលរដ្ឋ តែភ្នំតូចត្រូវបានអគ្គិភ័យបានឆាបឆេះព្រៃលើកំពូលភ្នំស្ទើររាល់ឆ្នាំទោះជាអាជ្ញាធរបានផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋចូលរួមការពារទប់ស្កាត់កុំអោយមានភ្លើងព្រៃកើតឡើង ដែលប្រឈមប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋរស់នៅជាប់ជើងភ្នំ ៕


ចែករំលែកព័តមាននេះ