រាជធានីភ្នំពេញ ៖ មនុស្សម្នាគ្រប់វ័យបាននាំគ្នាសម្រុកទៅមកទិញបាច់ផ្កាសម្រាប់ជូនទៅកាន់មនុស្សជាទីស្រលាញ់ គូសង្សារ ឬក៏ឪពុកម្តាយជាដើម ដែលភាគច្រើនជាយុវជនបានយល់ដឹងច្រើនអំពីអត្ថន័យនៃទិវាបុណ្យក្តីស្រលាញ់ ១៤ កុម្ភៈ ។

ជាក់ស្តែង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ គឺជាថ្ងៃមួយដែលយុវវ័យភាគច្រើនតែងគិតថា ជាថ្ងៃពិសេស រវាងគូស្នេហ៍ដែលផ្តល់នូវភាពផ្អែមល្ហែមឲ្យគ្នាទៅវិញទៅមក និងអ្នកមួយចំនួនទៀតបាននាំឪពុកម្តាយដើរលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍ ដើម្បីផ្តល់ក្តីស្រលាញ់ជូនពួកគាត់ផងដែរ ។ ហើយទីតាំងដែលសំបូរទៅដោយអ្នកលក់ផ្កា គឺមានតាមបណ្តោយមហាវិថីព្រះសីហនុ , ផ្សារបឹងកេងកង និងផ្សារធំថ្មីជាដើម ។

អ្នកនាង ហ្សា ជាអ្នកលក់ផ្កានៅម្តុំផ្សារដើមថ្កូវលើផ្លូវលេខ៤៣០ បានលើកឡើងថា ឆ្នាំនេះ គាត់លក់ដាច់គួរសមដែរ ហើយថ្ងៃនេះ គាត់បានមករៀបដាក់តាំងលក់ផ្កា និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ ចាប់ពី ម៉ោង១០ព្រឹក រហូតដល់លក់អស់តែម្តង ។ បើចំពោះតម្លៃផ្កាក្រដាស មានតម្លៃចាប់ពី០៥ដុល្លារ រហូតទៅដល់៣០ដុល្លារ ប៉ុន្តែបើសិនជាចង់បានម៉ូតធំ មានក្បាច់ច្រើនតម្លៃក៏ខ្ពស់ទៅតាមហ្នឹងដែរ អាចមានតម្លៃរហូតទៅដល់ជាង១០០ដុល្លារឯណោះក្នុងមួយបាច់ ។

រីឯផ្កាស្រស់ទាល់តែមានភ្ញៀវកម្មង់ ទើបគាត់រៀបចំជូន ដោយសារផ្កាស្រស់ ប្រសិនជាមិនមានស្រោចទឹកឬក៏ទុកដាក់ហាលខ្យល់ ហាលថ្ងៃយូរមិនស្រួលងាយនឹងរលួយណាស់ ។ ទើបគាត់តែងតែ ទុកដាក់មួយឡែក ទាល់តែមានភ្ញៀវកម្មង់ ទើបគាត់រៀបជាម៉ូតបាច់ផ្កាទៅតាមការកម្មង់ ។ ចំណែកតម្លៃផ្កាស្រស់វិញ គឺមានចាប់ពី៣០ដុល្លារឡើងទៅ ហើយអាចឈានទៅដល់តម្លៃខ្ទង់១០០ដុល្លារដូចគ្នា ទៅតាមម៉ូតតូច-ធំ ។

លោកស្រី ស៊ីវ បុផ្ផា ជាអ្នកលក់ផ្កានៅផ្សារបឹងកេងកង សម្រាប់ឆ្នាំនេះ ភ្ញៀវដែលបានមកទិញផ្កានៅថ្ងៃ១៤ កុម្ភៈ នេះ គឺភាគច្រើនមានវ័យចាប់ពី២៧ឆ្នាំឡើងទៅហើយ ឆ្នាំនេះលក់ដាច់គ្រាន់បើជាឆ្នាំមុនៗ ។ ដោយសារអ្នកដែលធ្លាប់មកទិញកន្លែងរបស់គាត់ គេបានសរសើរថា ផ្ការបស់គាត់ល្អទុកបានយូរ មិនងាយខូច ទើបឆ្នាំនេះលក់ដាច់ជាងឆ្នាំមុនៗបែបនេះ ។

លោកស្រីបន្តថា ភាគច្រើនហាងរបស់គាត់ វេចខ្ចប់អោយភ្ញៀវសុទ្ធតែយកអោយឪពុកម្តាយ ដើម្បីរំលឹកក្តីស្រលាញ់កូនចំពោះឪពុកម្តាយ ។ ហើយកន្លែងរបស់គាត់មិនមែនមានតែផ្កានោះទេ មានទាំងតុក្កតាថែមទៀត ដែលមានតម្លៃចាប់ពី១០ដុល្លារឡើងទៅនឹងតុក្កតាខ្លះមានតម្លៃខ្ទង់៦០-៧០ដុល្លារ សម្រាប់លក់ជូនភ្ញៀវ ។

បើតាមគាត់សង្កេតមើល ភាគច្រើនយុវវ័យសម័យនេះមានការយល់ដឹងច្រើន ដោយភាគច្រើននាំគ្នាមកទិញបាច់ផ្កាជូនឳពុកម្តាយ ដើម្បីអរគុណសម្រាប់ការចិញ្ចឹមបីបាច់ថែរក្សា នឹងចែករំលែកក្តីស្រលាញ់រវាងកូននឹង ឪពុកម្តាយ ៕
ចែករំលែកព័តមាននេះ