រាជធានីភ្នំពេញ ៖ នារីជាកម្មការិនីម្នាក់ ត្រូវបានរថយន្តប្រភេទធំយីឌុប បុកពីក្រោយ អូសប្រមាណ២០ម៉ែត្រ បណ្ដាលឱ្យស្លា.ប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យតេជោសន្តិភាព ខណៈពេលរូបនាងសុំច្បាប់រោងចក្រទៅលេងកូន នៅសង្កាត់ព្រែកលៀប ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៨និង១៥នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ស្ថិតនៅក្នុងភូមិត្រពាំងវែង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះ ដែលបានស្លា.ប់ឈ្មោះ ផ្លោក សេង ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកម្មការនី ស្នាក់នៅភូមិទំនប់លើ ឃុំទំនប់ ស្រុកបាធាយ ខេត្ដកំពង់ចាម (ស្លា.ប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតេជោសន្តិភាព) ជិះម៉ូតូម៉ាក HONDA WAVE ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AJ-1769 ។ ចំណែករថយន្តបង្ក ពុំស្គាល់ម៉ាកឡើយជាប្រភេទរថយន្តយីឌុប បានបើកគេចបាត់ ។
តាមសាក្សី បានឱ្យដឹងថា ថ្ងៃមុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿង ធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីលិចទៅកើត នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តប្រភេទយីឌុប មួយគ្រឿង បើកបុកពីក្រោយ អូសប្រមាណ២០ម៉ែត្របណ្ដាឱ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតេជោសន្តិភាព ហើយបានស្លា.ប់តាមផ្លូវ។ បន្ទាប់ពីបង្កគ្រោះថ្នាក់ រថយន្តក៏បានគេចខ្លួនបាត់ ។
តាមក្រុមគ្រួសារបានអោយដឹងថា នៅព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះបានសុំច្បាប់រោងចក្រ នៅម្ដុំផ្សារព្រៃទា ដើម្បីទៅមើលកូននៅសង្កាត់ព្រែកលៀប នៅពេលធ្វើដំណើរតាមផ្លូវ ក៏បានជួបគ្រោះថ្នាក់តែម្ដង។ បន្ទាប់ពីកើតមានគ្រោះថ្នាក់ នគរបាលចរាចរណ៍ខណ្ឌព្រែកព្នៅ ក៏បានចុះទៅស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាព ដើម្បីស្វែងរករថយន្តបង្ក។ ស.ពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចបញ្ជូនអធិការដ្ឋាននគរខណ្ឌព្រែកព្នៅ ដើម្បីបន្តនីតិវិធី ៕
ចែករំលែកព័តមាននេះ