ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ហ្វ័​រ​ម៉ាត(​ខេ​ម​បូ​ឌា​) ត្រូវ​អគ្គិ​លេប​ត្របាក់​អស់ទាំង​ស្រុង

20 ម៉ោង មុន

រាជធានីភ្នំពេញ ៖ អគារ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ហ្វ័​រ​ម៉ាត (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​៥០​ម៉ែត្រ ភូមិ​អន្លូងគង សង្កាត់​ព្រៃ​ស…

រាជធានីភ្នំពេញ ៖ អគារ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ហ្វ័​រ​ម៉ាត (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​៥០​ម៉ែត្រ ភូមិ​អន្លូងគង សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ រួម​ទាំង​ម៉ាស៊ីន​សង្វា​ក់​ផលិតកម្ម និង​សម្ភារ​វត្ថុធាតុដើម​ព្រមទាំង​ផលិតផល​សម្រេច​ទាំងអស់​នៅ​ក្នុង​នោះ​ផង ត្រូវ​ព្រះ​អគ្គិ​លេប​ត្របាក់​អស់ទាំង​ស្រុង​កាល​៦​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី ១១ ខែកុម្ភៈ ឆ្នាំ​២០២៥ ។

បើ​តាម​នគរបាល​ខណ្ឌដង្កោ​បាន​ប្រាប់​ឲ្យ​ដឹង​ថា អគារ​រោងចក្រ​កាត់ដេរ​ខាងលើ​នោះ​ ជា​ប្រភេទ​សំណង់​ថ្ម​ប្រក់​ស័ង្កសី ទំហំ ១០,០០០​ម៉ែត្រការ៉េ ដែល​មាន​ម្ចាស់ ឈ្មោះ​YOO MIWOL ភេទ​ស្រី អាយុ​៥១​ឆ្នាំ ជនជាតិ​កូរ៉េ​ខាងត្បូង ហើយ​១​អគារ​នេះ ​មាន​កម្មករ​បម្រើ​ការងារ​នៅ​ក្នុង​នោះ​ជាង​៤០០​នាក់។ ប៉ុន្តែ​ពុំ​មានកម្ម​ករ​ណា​ម្នាក់​រង​របួស ឬ​ស្លាប់​នោះ​ឡើយ ព្រោះ​ខណៈនោះ​ផុត​ម៉ោង​ធ្វើការ​ទៅ ដែល​ហើយ​កម្មករ​និយោជក​ទាំងអស់​បាន​ចាកចេញ​អស់​ទៅ​ហើយ ចំណែក​មូលហេតុ​ នៃ​ការ​ឆាបឆេះ​នេះ​ក៏​មិន​ទាន់​ត្រូវ​បានដឹង​នៅឡើយ ដោយពេល​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ស្រាវជ្រាវ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ​ អាជ្ញាធរ​ និង​សមត្ថកិច្ច​បាន​ចេញ​អន្តរាគមន៍​ភ្លាម​ៗ ប៉ុន្តែ​ភ្លើង​ឆេះ​លឿន​ខ្លាំង​ណាស់ លុះ​ពេល​ទៅ​ដល់​ឃើញ​អគារ​រោងចក្រ​ទាំងមូល​រុំ​ព័ទ្ធ​ទៅ​ដោយ​អណ្ដាតភ្លើង​ជុំ​ជិត ​ដែល​មើលទៅ​ឃើញ​ក្រហមឆ្អៅ​លាយឡំ​ជាមួយ​ផ្សែង​ឃ្មួ​ល​ខ្មាញ់​បាត់​ទៅ​ហើយ។ ពេល​នោះ​ រថយន្ត​ពន្លត់​អគ្គិភ័យ​នៅ​តាម​បណ្ដា​អង្គភាព​ និង​ក្រុមហ៊ុន​នានា​បាន​ចេញ​ទៅ​ពន្លត់​ជា​បន្តបន្ទាប់​ច្រើន​គ្រឿង ដោយ​គិត​ត្រឹម​វេលា​ម៉ោង​២២​និង​៥០​នាទី​យប់​ថ្ងៃខែឆ្នាំ​ដដែល​ បាន​ថមថយ​អណ្ដាតភ្លើង ប៉ុន្តែ​នៅ​តែ​ឆេះ​ហុយ​នៅឡើយ។ ប្រសិនបើ​មិន​បាន​បន្ត​ធ្វើ​សកម្មភាព​ពន្លត់​បន្ត​នោះ​ទេ ភ្លើង​និង​ឆេះ​ខ្លាំង​ឡើង​វិញ អាច​នឹង​រាល​ដល់ទី​តាំង​ផ្សេង​ទៀត​មិន​ខាន​ឡើយ ហើយ​កម្លាំង​ជំនាញ​នៅ​តែ​បន្ត​ពន្លត់ភ្លើង​រហូត​ដល់​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៥ កម្លាំង​អាជ្ញាធរ​ និង​សមត្ថកិច្ច ជា​ពិសេស​ក្រុម​អ្នក​ពន្លត់ភ្លើង នៅ​តែ​បន្ត​ស្ថិត​នៅ​ទីនោះ ដោយ​ប្រើ​គ្រឿងចក្រ​កាយ​កម្ទេចកម្ទីរ​បំ​ប៉ើង​ឡើង​លើ​បណ្ដើរ បាញ់​ទឹក​ពន្លត់​បណ្ដើរ​ជា​បន្តបន្ទាប់ ។

នគរបាល​ខាងលើ​ បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ថា រថយន្ត​ពន្លត់​អគ្គិភ័យ ​ដែល​ធ្វើ​ប្រតិបត្តិការ​ពន្លត់ភ្លើង​ខាងលើ​នោះ​ គិត​ត្រឹម​ពី​ពេល​ចាប់ផ្ដើម​ឆេះ​រហូត​ដល់​វេលា​ម៉ោង​២២​និង​៥០​នាទី​យប់​ថ្ងៃខែឆ្នាំ​ដដែល​នោះ​ប៉ុណ្ណោះ​ រួម​មាន រថយន្ត​ពន្លត់​អគ្គិភ័យ​ការិយាល័យ​បង្ការ​ពន្លត់​ និង​សង្គ្រោះ​អគ្គិភ័យ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចំនួន​២១​គ្រឿង​ប្រើ​ប្រាស់​ទឹក​អស់​ចំនួន​១០៥​រថយន្ត​ស្មើនឹង ៤២០​ម៉ែត្រគូប។ រថយន្ត​ពន្លត់​អគ្គិភ័យ​ក្រសួងមហាផ្ទៃ​ចំនួន​០៤​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​១២​រថយន្ត ​ស្មើនឹង​៧២​ម៉ែត្រគូប។ រថយន្ត​ពន្លត់​អគ្គិភ័យ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ​ចំនួន​០៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​០៣​រថយន្ត​ស្មើនឹង ១២​ម៉ែត្រគូប។ រថយន្ត​ពន្លត់​អគ្គិភ័យ​កងពលតូច​លេខ​៧០ ​ចំនួន ០៤​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​០៦​រថយន្ត ​ស្មើនឹង ៦០​ម៉ែត្រគូប។ រថយន្ត​ពន្លត់​អគ្គិភ័យ​បញ្ជាការដ្ឋាន​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​លេខ​៩១១ ​ចំនួន​០២​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​០៤​រថយន្ត ស្មើនឹង​២៤​ម៉ែត្រគូប។ រថយន្ត​អគ្គិភ័យ​មណ្ឌល​កែប្រែ (ម​.១) មួយ​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​០២​រថយន្ត​ស្មើនឹង ១២​ម៉ែត្រគូប។ រថយន្ត​អគ្គិភ័យ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​០៤​រថយន្ត​ស្មើនឹង​ ២៤​ម៉ែត្រគូប។ រថយន្ត​អគ្គិភ័យ​ទីក្រុង​កោះ​ពេជ្រ​ចំនួន​០៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​០៦​រថយន្ត ស្មើនឹង ៤០​ម៉ែត្រគូប ។ រថយន្ត​អគ្គិភ័យ​បុរី​ប៉េង​ហួត ​ចំនួន​០២​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០៤​ឡាន ស្មើនឹង ២៤​ម៉ែត្រគូប។ រថយន្ត​អគ្គិភ័យ​របស់​រោងចក្រ​ចំនួន​០២​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​០៥​រថយន្ត​ស្មើនឹង​៥០​ម៉ែត្រគូប ។

នគរបាល​បាន​បញ្ជាក់​ប្រាប់​ថា បើ​គិត​មក​ដល់​ថ្ងៃ​ទី​១២ ខែកុម្ភៈ​ នៅ​ពុំ​ទាន់​ដឹង​ថា ​ត្រូវ​ចំណាយ​ទឹក​អស់​ប៉ុន្មាន​រថយន្ត​ និង​ប៉ុន្មាន​ម៉ែត្រគូប​បន្ត​ទៀត​នោះ​ឡើយ ចំណែក​អគារ​រោងចក្រ​ខាងលើ ​ព្រមទាំង​ម៉ាស៊ីន​សង្វា​ក់​ផលិតកម្ម សម្ភារ​ផ្សេង វត្ថុធាតុដើម​ និង​ផលិតផល​សម្លៀក​បំពាក់​សម្រេច​ទាំងអស់ ត្រូវ​អគ្គិ​លេប​ត្របាក់​អស់ទាំង​ស្រុង​គ្មាន​សល់ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា ​គិត​ជា​ទឹកប្រាក់​ប៉ុន្មាន​នៅឡើយ​ទេ ។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា នៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ ​ត្រឹមតែ​រយៈពេល​៦​ថ្ងៃប៉ុណ្ណោះ​ នៅ​ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​កើត​មាន​គ្រោះ​អគ្គិភ័យ​ទ្រង់ទ្រាយ​ធំ​ ចំនួន​២​លើក​ហើយ ដែល​បាន​ធ្វើ​ឲ្យ​ខាតបង់​ប្រាប់​រាប់​សិបម៉ឺន​ដុល្លារ ថែម​ទាំង​ឆក់​យក​ជីវិត​មនុស្ស ​និង​រង​របួសធ្ងន់​ផង​ដែរ ។

គេ​នៅ​ចាំ​បាន​ថា កាលពី​វេលា​ម៉ោង​១០​ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២៥ ក្លិប​កម្សាន្ត​រាត្រី​«​មី​ត​ណាយ​ព្រី​មៀរ​ក្លិប​»​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​៥០​ម៉ែត្រ​ ជិត​ស្តុ​ប​ឫស្សី​ផ្អែម ក្នុងភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជា​ធានី​ភ្នំពេញ ត្រូវ​បាន​អគ្គិ​ឆាបឆេះ​សន្ធោសន្ធៅ អស់ទាំង​ស្រុង។ ពេល​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​ថា ផ្ដើម​ចេញពី​ជាង​ផ្សាដែក​ហើយ​ឆ្លង​ចរន្តអគ្គិសនី ដែល​បាន​បង្ក​ជា​សោកនាដកម្ម បណ្ដាល​ឲ្យ​បុគ្គលិក​បម្រើ​ការងារ​នៅ​ក្នុង​ក្លិប​នោះ​ចំនួន​៤​នាក់​បាន​ស្លាប់​នៅ​ក្នុង​អណ្ដាតភ្លើង និង​ចំនួន​៣​នាក់​ទៀត ​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ​ព្រះ​កុសុមៈ ។ ដោយឡែក​លើក​ទី​២ ​គឺ​ករណី​ឆេះ​រោងចក្រ​កាត់ដេរ​ហ្វ័​រ​ម៉ាត (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី ខាងលើ​នោះ​ទៀត ថ្វី​ដ្បិតតែ​គ្មាន​មនុស្ស​រង​គ្រោះ ប៉ុន្តែ​បាន​ខាតបង​ប្រាក់​រាប់​សិប​ម៉ឺន​ដុល្លារ ហើយ​កម្មករ​ជាង​៤០០​នាក់​ ប្រឈម​នឹង​គ្មាន​ការងារ​ធ្វើ​មួយ​រយៈ​ ទំ​រាំ​មានការ​ស្ដារ​រោងចក្រ​ឡើង​វិញ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ