ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ស្រុក​ពាម​រក៍ និង​កម្លាំងនគរបាល​ខេត្តព្រៃវែង ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ទីប្រជុំជន​អ្នក​លឿង ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ

21 ម៉ោង មុន

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​ទីប្រជុំជន​អ្នក​លឿង បាន​បង្ហាញ នូវ​ការ​គាំទ្រ​ជា​ខ្លាំង ចំពោះ​អាជ្ញាធរ​ស្រុក​ពាម​រក៍ និង​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ដែល​បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ នៅ​ក្នុង​ទីប្រជុំជន​អ្នក​លឿង…

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​ទីប្រជុំជន​អ្នក​លឿង បាន​បង្ហាញ នូវ​ការ​គាំទ្រ​ជា​ខ្លាំង ចំពោះ​អាជ្ញាធរ​ស្រុក​ពាម​រក៍ និង​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ដែល​បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ នៅ​ក្នុង​ទីប្រជុំជន​អ្នក​លឿង ធ្វើ​ឲ្យ​ទីប្រជុំជន​នេះ មាន​សណ្ដាប់ធ្នាប់ និង​សោ​ភណ្ឌ​ភាព ល្អ​ស្អាត​ជាង​មុន ។

មន្ត្រី​សាលាស្រុក​ពាម​រក៍ បាន​ឲ្យ​ដឹង​ថា សកម្មភាព​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នេះ គឺ​ធ្វើ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១១ និង​ផ្លូវជាតិ​លេខ​១ ក្នុង​ទីប្រជុំជន​អ្នក​លឿង ជា​ពិសេស គឺ​តំបន់​ផ្សារ​អ្នក​លឿង តែ​ម្ដង ដោយ​តម្រូវ​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អាជីវករ រុះរើ​រៀបចំ​សម្ភារៈ​របស់​ខ្លួន ខិតចូល​ទៅ​ក្នុងផ្ទះ ឱ្យ​ផុត​ពី​ចិញ្ចើម​ផ្លូវ និង​កាត់​សំ​យ៉ាប​ផ្ទះ ដែល​ត​លយ​ចូល​មក​លើ​ចិញ្ចើម​ផ្លូវ ចោល​អោយ​អស់ ដើម្បី​ទុក​ចិញ្ចើម​ផ្លូវ​ឲ្យ​ទូលាយ អាច​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​បាន ។

ប្រធាន​ការិយាល័យ​សណ្ដាប់ធ្នាប់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង បានអោយ​ដឹង​ថា មុន​ពេល​ចុះ​មក​អនុវត្ត នា​ពេល​នេះ ទាំង​ខាង​អាជ្ញាធរ ក៏​ដូច​ជា​ខាង​សមត្ថកិច្ច បាន​ចុះ​មក​ធ្វើការ​អប់រំ ណែនាំ និង​ធ្វើ​កិច្ចសន្យា ជាមួយ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ផ្ទះ​ចំនួន​ពីរ​ដង រួច​មក​ហើយ ដោយ​តម្រូវ​ឲ្យ​រុះរើ សម្ភារៈ និង​កាត់​សំ​យ៉ាប​ផ្ទះ ចេញ​ដោយ​ខ្លួនឯង ហើយ​ជាក់ស្ដែង​នៅ​ពេល​នេះ ឃើញ​ថា មាន​ប្រជាពលរដ្ឋ​ជា​ច្រើន បាន​យល់ព្រម​ធ្វើ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ និង​សមត្ថកិច្ច ប៉ុន្តែ​ក៏​មាន​ពលរដ្ឋ​មួយ​ចំនួន​តូច ហាក់​នៅ​រឹង​រុះ មិន​ព្រម​ធ្វើ​តាម​កិច្ចសន្យា​របស់​ខ្លួន​ទេ​។ ដូច្នេះ ទើប​ខាង​គណៈកម្មការ ដែល​មាន​ទាំង​អាជ្ញាធរ​ស្រុក និង​កម្លាំង​សមត្ថកិច្ច​ស្រុក​ខេត្ត បាន​ចុះ​ធ្វើការ​រៀបចំ​និង​កាត់​សំយាប​ជូន​ពួក​គាត់​តែ​ម្ដង ។

ក្រៅពី​ចុះ​រៀបចំ​សម្រាប់​ធ្នាប់ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១១ និង​ផ្លូវជាតិ​លេខ​១​នេះ គណៈកម្មការ ដែល​មាន​អាជ្ញាធរ​ស្រុក និង​កម្លាំង​សមត្ថកិច្ច​ផង​នោះ ក៏​បាន​ចុះ​រៀបចំ​នៅ​តាម​ផ្លូវ​បេតុង ជុំវិញ​ផ្សារ​អ្នក​លឿង ផង​ដែរ ដោយ​បាន​បើកផ្លូវ​ទាំងនោះ ឲ្យ​ធំ​ទូលាយ នឹង​ធ្វើ​ដំណើរ​បាន​ស្រួល​ជាង​មុន ហើយ​ក៏​ទទួល​បាន នូវ​ការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង ផង​ដែរ ។

ប៉ុន្តែ​ទន្ទឹម​នឹង​នោះ ប្រជាពលរដ្ឋ ក៏​បាន​ស្នើ​សុំ​ឲ្យ​គណៈកម្មការ​នេះ ចុះ​ធ្វើការ​តាមដាន​និង​ត្រួត ពិនិត្យ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ពីព្រោះ​កន្លង​មក​ធ្លាប់​មាន​អាជីវករ​ខ្លះ ដែល​មាន​ចរិត​ខិលខូច ពេល​សមត្ថកិច្ច​ចុះ​ដេញ នាំ​គ្នា​រើ​ផុត​ពី​ផ្លូវ ដល់​ពេល​សមត្ថកិច្ច​ចេញ​បាត់ ពួក​គាត់​នាំ​គ្នា​ចេញ​មក​លក់​លើ​ផ្លូវ​ដដែល ជា​ពិសេស ផ្លូវ​បេតុង​ជុំវិញ​ផ្សារ​អ្នក​លឿង ដែល​ធ្វើ​ឲ្យ​ផ្លូវ​កាន់តែ​រួម​តូច និង​ស្ទះ​ជា​ប្រចាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ