រាជធានីភ្នំពេញ ៖ ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានធ្វើការណែនាំអោយអាជ្ញាធរខណ្ឌទាំង១៤ ត្រូវអនុវត្តអោយបានម៉ឺងម៉ាត់ ម៉ត់ចត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង នៅក្នុងមូលដ្ឋាន និងគ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ ដោយធានាបានថា ជនបរទេស ដែលស្នាក់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ គឺសុទ្ធតែជាជនដែលស្នាក់នៅដោយស្របច្បាប់ ។
ការណែនាំបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី១០ កុម្ភៈ ២០២៥នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា អាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ត្រូវយកចិត្តដាក់ឲ្យបានម៉ឹងម៉ាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង នៅក្នុងមូលដ្ឋាន ដោយត្រូវណែនាំរហូតដល់ភូមិ ដើម្បីធ្វើយ៉ាងណា កុំឱ្យមានក្រុមក្មេងទំនើង បង្កភាពចលាចល បាត់សណ្តាប់ធ្នាប់ក្នុងសង្កម។ សម្រាប់អាជ្ញាធរខណ្ឌនៅជាយក្រុង ត្រូវសហការជាមួយអាជ្ញាធរស្រុក នៃខេត្ត នៅជាប់ព្រំប្រទល់ ជាមួយរាជធានីភ្នំពេញ ឱ្យបានប្រទាក់ក្រឡាគ្នា ដើម្បីទប់ស្កាត់បទល្មើសឆ្លងព្រំប្រទល់ ឲ្យបាន ពិសេសក្រុមក្មេងទំនើងនេះ តែម្តង ។
អភិបាលរាជធានី បានបន្តថា ជាធម្មតាបទល្មើសកើតមាន យើងត្រូវស្រាវជ្រាវ បង្ក្របហើយ តែអ្វីដែលសំខាន់ទៀតនោះ គឺការបង្កើនកម្លាំងពួនស្ទាក់ ដើម្បីទប់ស្កាត់បទល្មើស។ បើទីតាំងស្មុកស្មាញ មានហានិភ័យ ត្រូវដាក់ប៉ុស្តិ៍ប្រចាំការនៅទីនោះ ។
បន្ថែមពីនះ លោក ឃួង ស្រេង បានជំរុញឱ្យខណ្ឌទាំង១៤ ពង្រឹងលើការគ្រប់គ្រងវត្តមានជនបរទេស ដែលស្នាក់នៅខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឱ្យបានល្អ ដោយធានាបានថា ជនបរទេស ដែលស្នាក់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ គឺសុទ្ធតែជាជនដែលស្នាក់នៅដោយស្របច្បាប់ មិនមានបទល្មើស ។
លោក ឃួង ស្រេង អភិបាលរាជធានី ជំរុញឱ្យប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ បន្តបាញ់ថ្នាំមូស ដើម្បីសុខមាលភាពប្រជាណលរដ្ឋ បើទោះបីយើងបើកយុទ្ធនាការ ១លើកមកហើយ កាលពីដើមខែមករា ឆ្នាំ២០២៥ តែដោយសារឆ្នាំនេះ មូសច្រើនខុសពីធម្មតា ទើបយើងបន្តការបាញ់ថ្នាំសម្លាប់មូសបន្ថែមទៀត។ ជាមួយនិងការជំរុញឱ្យមានការផ្សព្វផ្សាយពីសកម្មភាពបាញ់ថ្នាំសម្លាប់មូសនេះឱ្យបានច្រើន ទូលំទូលាយ និងគ្រប់មធ្យោបាយ ពិសេសតាមបណ្ដាញសង្គមផងដែរ ។
លោកបានបញ្ជាក់ផងដែរថា នៅថ្ងៃទី១៤ កុម្ភៈ ខាងមុខនេះ គឺជាទិវា នៃក្តីស្រលាញ់ ដូច្នេះក្នុងនាមអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ជូនប្រជាពលរដ្ឋ ពិសេសនៅគ្រប់កន្លែងសប្បាយភាពទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ