ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំនៅតែបញ្ជាក់អំពីគោលជំហររបស់លោកដែលចង់ដាក់បញ្ចូលប្រទេសកាណាដាទាំងមូលដែលមានផ្ទៃដីជាងដប់លានគីឡូម៉ែត្រការ៉េនោះជាទឹកដីរបស់អាមេរិកតែម្ដង។ លោកបញ្ជាក់កាលពីយប់មិញថាលោកនៅតែចង់បានកាណាដាជារដ្ឋទី៥១របស់ប្រទេសអាមេរិក។ លោកថាលោកនឹងដំឡើងពន្ធ២៥%ទៅលើដែកថែប និងអាលុយមីញ៉ូមពីគ្រប់ប្រទេសទាំងអស់មិនថាតែកាណាដា ឬម៉ិកស៊ីកូនោះទេ។

ជាមួយគ្នានោះដែរ លោកត្រាំចេញមុខការពារលោកអ៊ីឡនម៉ាស់ (Elon Musk) ដែលចាត់វិធានការក្ដៅទៅលើប្រព័ន្ធការិយាធិបតេយ្យ និងការប្រើប្រាស់ថវិកាជាតិរបស់អាមេរិករហូតដល់ចង់បិទដំណើរការទីភ្នាក់ងារយូអែសអេអាយឌីថែមទៀត (USAID)។ ថ្លែងនៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ហ្វក់ (Fox) នៅពេលអ្នកសារព័ត៌មានសួរថាតើលោកនិយាយលេង ឬនិយាយមែនពាក់ព័ន្ធនឹងការចង់បានកាណាដាជារដ្ឋទី៥១? លោកត្រាំឆ្លើយតបថា «កាណាដានឹងទទួលបានផលចំណេញច្រើនណាស់បើដាក់ចូលជាទឹកដីអាមេរិក»។

លោកត្រាំអះអាងថាបើប្រៀបធៀបទំហំពាណិជ្ជកម្មទ្វេភាគីរវាងកាណាដា និងអាមេរិកឃើញថាអាមេរិកចាញ់ប្រៀបកាណាដា២០០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ លោកមិនចាំបាច់លើកឡើងអំពីបញ្ហានេះឡើងវិញទេ។ គ្រាន់តែនិយាយមួយម៉ាត់ដោយខ្លីថាចំនួននេះច្រើនពេកហើយ។ លោកដាក់ជាសំណួរថាតើយើងត្រូវបង់ខាតឱ្យកាណាដា២០០ពាន់លានដុល្លារទទេៗដើម្បីអ្វី? ប៉ុន្តែបើសិនកាណាដាក្លាយជារដ្ឋទី៥១របស់អាមេរិក លោកគ្មានអ្វីត្រូវជំទាស់តទៅទៀតទេ។

នៅក្នុងបញ្ហាមួយទៀតពាក់ព័ន្ធនឹងនាយកក្រុមហ៊ុនអ៊ិច លោកអ៊ីឡនម៉ាស់ ដែលជាប្រធាននាយកដ្ឋានធានាប្រសិទ្ធភាពការងាររបស់រដ្ឋាភិបាលអាមេរិក ហៅកាត់ថាឌីអូជីអ៊ី (DOGE)។ លោកត្រាំចេញមុខការពារចំណាត់ការបស់លោកម៉ាស់យ៉ាងម៉ឺងម៉ាត់បំផុត។ លោកថាការងាររបស់លោកម៉ាស់អាចជួយកាត់បន្ថយការចំណាយថវិកាជាតិខ្ជះខ្ជាយបានច្រើនណាស់ ហើយក៏ពង្រឹងរបៀបធ្វើការនៅក្នុងរដ្ឋាភិបាលផងដែរ។ អ្វីដែលលោកម៉ាស់ចង់ចាត់ការមុនគេគឺយូអែសអេអាយឌី (USAID)។

ស្ថាប័នឌីអូជីអ៊ី (DOGE) បង្កើតឡើងដើម្បីដកតំណែងមន្ត្រីបម្រើការនៅតាមស្ថាប័នរបស់រដ្ឋាភិបាលដែលមិនសូវសកម្មការងារ, កាត់បន្ថយកម្មវិធីជាតិមួយចំនួន និងលុបបំបាត់ក្បួនច្បាប់មួយចំនួនដែលនាំឱ្យស្មុគស្មាញច្រើននៅក្នុងការបំពេញការងារ។ ប៉ុន្តែទង្វើរបស់លោកម៉ាស់ក៏ទទួលរងការរិះគន់កាន់តែខ្លាំងឡើងៗផងដែរ។ អ្នកខ្លះបារម្ភថាទង្វើរបស់គាត់អាចនឹងបង្កការគំរាមកំហែងចំពោះសន្តិសុខជាតិអាមេរិក។

ផ្ទុយទៅវិញ លោកត្រាំនៅតែជឿទុកចិត្តទាំងស្រុងទៅលើការងាររបស់លោកម៉ាស់ ហើយនឹងណែនាំឱ្យលោកម៉ាស់បន្តស៊ើបអង្កេតខ្ទង់ចំណាយរាប់ពាន់លានដុល្លារដែលបម្រើឱ្យការឆបោក និងការប្រើប្រាស់ថវិកាខុសគោលគោលដៅនៅក្នុងវិស័យការពារជាតិ។ លោកត្រាំយល់ថាលោកម៉ាស់គ្មានបានចំណេញអ្វីសូម្បីតែមួយកាក់មួយសេនពីការបំពេញការងាររបស់គាត់។

ឥឡូវនេះ លោកត្រាំត្រៀមប្រាប់ឱ្យលោកម៉ាស់ពិនិត្យមើលរបៀបធ្វើការរបស់ក្រសួងអប់រំថែមទៀត ស្រួលមិនស្រួលអាចនឹងបិទក្រសួងនេះចោលមួយទៀត។ កាលពីយប់មិញ លោកត្រាំក៏បានចុះហត្ថលេខាលើបទបញ្ជាប្ដូរឈ្មោះឈូងសមុទ្រម៉ិកស៊ីកូទៅជាឈូងសមុទ្រអាមេរិកវិញ។ ជាថ្មីម្ដងទៀត លោកត្រាំបញ្ជាក់ឡើងវិញថាគម្រោងដំឡើងពន្ធ២៥%ទៅលើដែក និងអាលុយមីញ៉ូមនឹងចូលជាធរមានចាប់ពីថ្ងៃចន្ទសប្ដាហ៍នេះតទៅ៕
ចែករំលែកព័តមាននេះ