រដ្ឋបាលរាជធានីភ្នំពេញ បន្ថែមម៉ោងរត់ខ្សែរថយន្តក្រុង ចំនួន៣ខ្សែ ដល់ម៉ោង១១យប់ ពាក់ព័ន្ធផ្លូវថ្មើរជើងមាត់ទន្លេ
រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងបើកផ្លូវថ្មើរជើង (Walk…
រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងបើកផ្លូវថ្មើរជើង (Walk…
រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងបើកផ្លូវថ្មើរជើង (Walk street) នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ជាជំហររបស់រដ្ឋបាលរាជធានីភ្នំពេញ គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិអន្តរជាតិ ដោយពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ គឺត្រូវគិតគូររកគន្លឹះ នៃការទាក់ទាញ ។
ការបញ្ជាក់បែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងអង្គប្រជុំដកបទពិសោធន៍ ផ្លូវថ្មើរជើង (Walk street) នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា ក្រោយពីបើកសាល្បងផ្លូវថ្មើរជើង (Walk street) រយៈពេល២ថ្ងៃ នាសប្តាហ៍មុននេះ ឃើញថា មានអ្នកគាំទ្រ និងចូលទៅដើរលេងកម្សាន្តច្រើន ពោលគឺនៅថ្ងៃទី២ បានកើនឡើងច្រើនជាងថ្ងៃទី១ ។ នេះបានបង្ហាញឱ្យឃើញពីភាពជោគជ័យមួយជំហានហើយ។ ទន្ទឹមនឹងនេះ យើងក៏បានមើលឃើញពីចំណុចចន្លោះប្រហោងមួយចំនួនផងដែរ ដូច្នេះហើយ ទើបយើងបង្កើតឱ្យមានកិច្ចប្រជុំនេះឡើង ដើម្បីរកធាតុចូល យកមកអនុវត្តឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ។
លោក ឃួង ស្រេង អភិបាលរាជធានី បានបញ្ជាក់ថា ជាជំហានបន្តនេះ ត្រូវដោះស្រាយរកចំណតសម្រាប់ម៉ូតូ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកដើរលេងកម្សាន្តនៅផ្លូវថ្មើរជើង (Walk street) នេះ។ បន្តមកទៀត ការរៀបចំឱ្យការប្រគំតន្ត្រីសម័យ បុរាណ (របាំងគោះត្រឡោក ចាប៉ីដងវែង) កន្លែងគូរគំនូរ កន្លែងលក់សៀវភៅ កន្លែងវត្ថុអនុស្សាវរីយ៍ កន្លែងលេងសៀករហ័សកម្មជាដើម។ តាមរយៈការបើកដំណើរការសាល្បងផ្លូវថ្មើរជើង (Walk street) ២ថ្ងៃកន្លងមកនេះ បើយើងបន្ថែមការរៀបចំចំណតម៉ូតូ និងការរៀបចំការប្រគុំតន្ត្រីសម័យ បុរាណច្រើនទៀតនោះ ភ្ញៀវនឹងមកលេងកម្សាន្តកាន់តែច្រើនបន្ថែមទៀត ។
លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះ ក៏បានជម្រុញឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ដាក់ភ្លើងបំភ្លឺ នៅកន្លែង ដែលមានភាពងងឹត បំពាក់អំពូលភ្លើងទាក់ទាញ ជម្រុញឱ្យមានការសម្អាតអនាម័យបរិស្ថាន សំខាន់ទីតាំងនេះ ត្រូវតែស្អាតមានសោភណ្ឌភាព ជាកន្លែងទាក់ទាញ។ ជាមួយគ្នានេះ ត្រូវបន្ថែមខ្សែរត់ របស់រថយន្តក្រុងដឹកជញ្ជូនសាធារណៈ ចំនួន៣ខ្សែ ដែលមានស្រាប់ មកកាន់ទីតាំងផ្លូវថ្មើរជើង (Walk street) ដោយបន្ថែមម៉ោងរហូតដល់ម៉ោង១១យប់ ដើម្បីដឹកប្រជាពលរដ្ឋ ទៅលំនៅដ្ឋានវិញ។ ខ្សែរត់រថយន្តក្រុងដែលកំពុងប្រតិបត្តិការនៅក្បែរតំបន់ ផ្លូវថ្មើរជើង មានចំនួនមាន៣ខ្សែរត់ ទី២A, ៣ និង៤A រួមមាន ៖
-ខ្សែ ទី ២A ចេញ ដំណើរ ពី ស្ថានីយ រថយន្ត ក្រុង កួច កាណុង ដល់ ស្ថានីយ រថយន្ត ក្រុង ព្រែកសំរោង (ក្រុងតាខ្មៅ)
-ខ្សែទី៣ ចេញ ដំណើរ ពី ស្ថានីយ សួន ច្បារ ឬស្សីកែវ ដល់ ស្ថានីយ បុរី សន្តិភាព ២
-ខ្សែទី៤Aចេ ញ ដំណើរ ពី ស្ថានីយ សួន ច្បារ ឬស្សីកែវ ដល់ ស្ថានីយ បុរី សន្តិភាព ២។
គួរបញ្ជាក់ផងដែរថា តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ការសាកល្បងផ្លូវថ្មើរជើង (Walk Street)នេះ ត្រូវធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ពីម៉ោង១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ដើម្បីឱ្យដំណើរការបើកសាកល្បងផ្លូវថ្មើរជើង (Walk Street) ប្រកបដោយជោគជ័យ រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាន នូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំបិទផ្លូវ និងពង្វាងចរាចរចំពោះយានយន្តគ្រប់ប្រភេទតាមពេលវេលា និងម៉ោង ដែលបានកំណង់ដើម្បីទុកឱ្យប្រជាពលរដ្ឋធ្វើដំណើរថ្មើរជើង ៕
ចែករំលែកព័តមាននេះ