រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ បានជិះម៉ូតូ១គ្រឿង ជ្រុលទៅបុកពីក្រោយរថយន្ត ១គ្រឿង ដែលកំពុងបើកបត់ឆ្លងផ្លូវ ពេញទំហឹង បណ្តាលឲ្យស្ត្រីនោះបោកក្បាលផ្ទប់កញ្ចក់ខាងក្រោយរថយន្ត រួចដួលបោកផ្ទប់ថ្នល់មួយតង់ទៀត រងរបួសធ្ងន់ធ្ងរ ហើយម៉ូតូរងការខូចខាតបាក់បែកផ្នែកខាងមុខ រីឯរថយន្តរងការខូចខាតកាង និងបែកកញ្ចក់ក្រោយ ។
ឧប្បត្តិហេតុនោះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី០៧ ខែកម្ភៈ ឆ្នាំ២០២៥ នៅលើមហាវិថីចោមចៅ ហៅផ្លូវវ៉េងស្រេង ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសអ្នករត់ម៉ូតូកង់បីម្នាក់ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលគាត់កំពុងរង់ចាំដឹកភ្ញៀវក្បែរនោះ បានឃើញស្ត្រីរងគ្រោះជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាប៊ិត ពណ៍ស ពាក់ស្លាកលេខ 1KB-9177 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីចោមចៅ ក្នុងទិសដៅពីត្បូងទៅជើង។ លុះពេល ទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានវាក់ជាមួយរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតាព្រូស ពណ៍ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AR-2810 ធ្វើដំណើរក្នុងទិសដៅស្របគ្នា រួចបត់ឆ្វេងឆ្លងផ្លូវ ។
អ្នករត់កង់បីរូបនោះ បាននិយាយទៀតថា ខណៈនោះដោយម៉ូតូលឿនគួរសមដែរ ទើបគេចចេញមិនទាន់ ហើយជាន់ហ្វ្រាំងឈប់ក៏មិនទាន់ ក៏ជ្រុលទៅបុកពីក្រោយរថយន្តពេញទំហឹង បណ្តាលឲ្យស្ត្រីនោះ បោកក្បាលផ្ទប់កញ្ចក់ក្រោយរថយន្ត រួចដួលបោកផ្ទប់ថ្នល់មួយតង់ទៀតរងរបួសធ្ងន់ធ្ងរតែម្ដង។ ចំណែកម៉ូតូ បានរងការខូចខាតបាក់បែកផ្នែកខាងមុខ ហើយរថយន្តតូយ៉ូតាព្រូសខូចខាត បែកកញ្ចក់និងក្រពឹតកាងក្រោយ ។ បន្ទាប់មកស្ត្រីរងគ្រោះរូបនោះ ត្រូវបានក្រុមសង្គ្រោះអង្គភាព ៧១១ ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ។
ក្រោយពេលកើតហេតុ មន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទី២ បានចុះទៅធ្វើការវាស់វែង រួចនាំយកម៉ូតូ និងរថយន្តទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕



ចែករំលែកព័តមាននេះ