ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ផ្តល់​ជំនួយ​ឥត​សំណង​ចំនួន​៤.៤​លាន​ដុល្លារ សម្រាប់​គាំទ្រ​បោសសម្អាត​មីន​នៅ​កម្ពុជា

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​នៃ​សាធារណៈរដ្ឋ​ប្រជា​មា​និក​ចិន បាន​ផ្តល់​ជំនួយ​ឥត​សំណង​៤.៤​លាន​ដុល្លារ សម្រាប់​គាំទ្រ​ដល់​ការ​បោសសម្អាត​មីន​នៅ​ខេត្ត​ចំនួន​៧​របស់​ប្រទេស​កម្ពុជា ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល…

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​នៃ​សាធារណៈរដ្ឋ​ប្រជា​មា​និក​ចិន បាន​ផ្តល់​ជំនួយ​ឥត​សំណង​៤.៤​លាន​ដុល្លារ សម្រាប់​គាំទ្រ​ដល់​ការ​បោសសម្អាត​មីន​នៅ​ខេត្ត​ចំនួន​៧​របស់​ប្រទេស​កម្ពុជា ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គ​នាយ​មជ្ឈមណ្ឌល​កម្ចាត់​មីនកម្ពុជា (CMAC) ។

យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម ហេង រតនា បាន​លើក​ឡើង​ថា «​នៅ​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៥ រដ្ឋាភិបាល​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន បាន​សម្រេច​ផ្តល់​ជំនួយ​ឥត​សំណង​ជូន​រាជរ​ដ្ឋា​ភិបាល ដើម្បី​គាំទ្រ​ដល់​អង្គភាព​CMAC ក្នុង​ការ​បោសសម្អាត​មីន​នៃ «​គម្រោង​ជំនួយ​ចិន​លុប​បំបាត់​គ្រាប់​មីន​នៅ​កម្ពុជា​» (The China-Aided Cambodia Landmine Elimination Projection) មាន​ថវិកា​សរុប​ចំនួន​៤.៤០០.០០០​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​រយៈពេល​១២​ខែ (០១ មីនា ២០២៥-២៨ កុម្ភៈ ២០២៦) ដោយ​គាំទ្រ​កិច្ច​ប្រតិបត្តិការ​ចំនួន​៧​ខេត្ត​រួម​មាន ខេត្តកំពង់ធំ សៀមរាប ឧត្តរមាន​ជ័យ ព្រះ​វិហារ ស្ទឹង​ត្រែង និង​ខេត្តក្រចេះ ព្រមទាំង​មណ្ឌល​សុនខ​ស្ថិត​នៅ​ខេត្តកំពង់ឆ្នាំង​»​។

ឯកឧត្តម​បាន​បន្ដ​ថា គម្រោង​ជំនួយ​នេះ គាំទ្រ​អ្នកជំនាញ​បច្ចេកទេស​ជាង​៤០០​នាក់​របស់​អង្គភាព​CMAC និង​ត្រូវ​អនុវត្ត​កិច្ច​ប្រតិបត្តិការ​សកម្មភាព​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា​៖ ១-​ការ​បោសសម្អាត​ផ្ទៃដី​ដែល​មាន​បញ្ហា​គ្រាប់​មីន និង​សំណល់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​សង្គ្រាម ចំនួន​ជាង​៣.៤០០​ហិ​កតា ២-​ការ​ស្រាវជ្រាវ​ព័ត៌មាន​សំណល់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ស​ង្ក្រា​ម​និង​គ្រាប់បែក​ចង្កោម តាម​ខេត្ត​គោលដៅ​ខាងលើ ៣-​ពង្រឹងសមត្ថភាព​វិទ្យាស្ថាន​បច្ចេកទេស​សុនខ ៤-​ពង្រឹងសមត្ថភាព​ថ្នាក់​ក្រោម​ជាតិ​លើ​ការ​អប់រំ​គ្រោះថ្នាក់​ដោយសារ​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន ។

ឯកឧត្តម​បាន​បញ្ជាក់​បន្ថែម​ថា គម្រោង​ជំនួយ​ឥត​សំណង​របស់​ប្រជាជន និង​រដ្ឋាភិបាល​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​«​គម្រោង​ជំនួយ​ចិន​លុប​បំបាត់​គ្រាប់​មីន​នៅ​កម្ពុជា​»​ក្នុង​ឆ្នាំ​២០២៥​នេះ ជា​ជំនួយ​ឆ្នាំ​ទី​៣​នៃ​ដំណាក់កាល​ទី​៣ (​មីនា ឆ្នាំ​២០២៣ ដល់​កុម្ភៈ ឆ្នាំ​២០២៦) ដែល​មាន​កញ្ចប់​ថវិកា​សរុប​ចំនួន ១៣.២០០.០០០​ដុល្លារ​សហរដ្ឋអាមេរិក​។

ទន្ទឹង​នឹង​នេះ បើ​គិត​ចាប់ពី​ឆ្នាំ​២០១៨ មក​ដល់​ត្រឹម​ខែធ្នូ ឆ្នាំ​២០២៤ គម្រោង​នេះ អង្គភាព​CMAC​សម្រេច​បាន​នូវ​លទ្ធផល ដូច​ជា​៖ រំដោះ​ផ្ទៃដី​សរុប​ចំនួន​ជាង​១៥.០៦០​ហិ​កតា​, រក​ឃើញ​គ្រាប់​មីន និង​យុទ្ធភណ្ឌ​សំណល់​សង្គ្រាម​សរុប​ចំនួន​៨២.៨៤៤​គ្រាប់​, ឆ្លើយ​តប​សំណើ​របស់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ជា​សំណូមពរ​បន្ទាន់​ៗ​សរុប​ចំនួន ៦.៦៦៨​សំណើ​, អប់រំ​ផ្សព្វផ្សាយ​អំពី​គ្រោះ​ដោយសារ​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដល់​ប្រជាពលរដ្ឋ​សរុប​ចំនួន​ជាង​១.៨៦៦.៧០០​នាក់​, ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ផ្ទាល់​និង​ប្រយោល​សរុប​ចំនួន​ជាង ២.៤៨៥.៣០០​នាក់​។

សូម​ជម្រាប​ផង​ដែរ​ថា ការ​ផ្ដល់​ជំនួយ​របស់​មិត្ត​ចិន​មក​ដល់​កម្ពុជា​នេះ បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​សម្រេច​ផ្អាក​ផ្តល់​ជំនួយ​ជា​បណ្ដោះអាសន្ន​ក្នុង​ប្រតិបត្តិការ​ដោះ​មីន​នៅ​កម្ពុជា​ក្នុង​ខេត្ត​ចំនួន​៨​រួម​មាន ខេត្តកំពង់ចាម ក្រចេះ មណ្ឌល​គី​រី រតនគីរី ស្ទឹង​ត្រែង ត្បូងឃ្មុំ ស្វាយ​រៀង និង​ខេត្តព្រៃវែង​។

សូម​រំលឹក​ថា ជំនួយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ផ្តល់​ជូន​អង្គភាព​ស៊ី​ម៉ាក់​តាម​រយៈ​អង្គការ​ដៃគូ​ក្នុង​រយៈពេល​៤៥​ខែ ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២២ ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៥ មាន​ថវិកា​សរុប​ចំនួន​៦.៣៥៥.៧២០ ដុល្លារ​អា​មេ​រិ​ក គាំទ្រ​កម្លាំង​ជំនាញ​បច្ចេកទេស​ចំនួន​ជិត​២០០​នាក់​។

បើ​គិត​ក្នុង​រយ​:​ពេល​ពី​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២២ ដល់​ចុង​ខែមករា ឆ្នាំ​២០២៥ អង្គភាព​ស៊ី​ម៉ាក់​ទិស​ខេត្ត​ខាងលើ បាន​ធ្វើការ​បោសសម្អាត​ចម្ការ​គ្រាប់​សរុប​ចំនួន​៥៦១​ពហុកោណ មាន​ទំហំ​ផ្ទៃដី​ចំនួន​១១.១៩៥ហិ​កតា​រុករក​ឃើញ​កម្ទេច​ចោល​គ្រាប់​មីន និង​សំណល់​គ្រាប់​យុទ្ធភណ្ឌ​សង្គ្រាម​ចំនួន​២៧.០២២​គ្រាប់ ក្នុង​នេះ​មាន​គ្រាប់បែក​ចង្កោម​ចំនួន​១៧.៩៧១​គ្រាប់ និង​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ខ្នាត​ធំ​ចំនួន​៦៩​គ្រាប់​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ