ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទ​ឥដ្ឋ​ ជ្រុង​ខាងជើង ​ប្រាសាទភ្នំក្រោម​ ជួសជុល​រួច​ជា​ស្ថាពរ

16 ម៉ោង មុន

ខេត្តសៀមរាប ៖ ប្រាសាទ​ឥដ្ឋ ដែល​ស្ថិត​នៅ​ជ្រុង​ខាងជើង​ប្រាសាទភ្នំក្រោម បាន​លេច​ចេញ​ជា​រូបរាង​ដ៏​ស្រស់​ស្អាត ឡើង​វិញ ក្រោយ​អ្នកជំនាញ​ការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អភិរក្ស និង​ជួសជុល​យ៉ាង​យកចិត្តទុកដាក់ ។ លោក…

ខេត្តសៀមរាប ៖ ប្រាសាទ​ឥដ្ឋ ដែល​ស្ថិត​នៅ​ជ្រុង​ខាងជើង​ប្រាសាទភ្នំក្រោម បាន​លេច​ចេញ​ជា​រូបរាង​ដ៏​ស្រស់​ស្អាត ឡើង​វិញ ក្រោយ​អ្នកជំនាញ​ការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អភិរក្ស និង​ជួសជុល​យ៉ាង​យកចិត្តទុកដាក់ ។

លោក រស់ វិសុទ្ធ មន្ត្រី​អភិរក្ស​ប្រាសាទ នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យ​ដឹង​ថា ប្រាសាទ​ឥដ្ឋ​ជ្រុង​ខាងជើង នៃ​ក្រុម​ប្រាសាទភ្នំក្រោម​នេះ បាន​ចាប់ផ្តើម​ជួសជុល​នៅ​អំឡុង​ខែ មិថុនា និង​បញ្ចប់​ទាំងស្រុង​នៅ​ចុងខែ ធ្នូ ឆ្នាំ​២០២៤ ។

លោក​បន្ត​ថា ប្រាសាទ​នេះ មាន​ទំហំ​ប្រមាណ​៦​ម៉ែត្រ និង​កម្ពស់​ជាង​៧​ម៉ែត្រ​។ ចំពោះ​ស្ថានភាព​មុន​ជួសជុល អ្នកជំនាញ​បាន​ពន្យល់​ថា ដំបូល និង​តួ​ជញ្ជាំង​របស់​ប្រាសាទ​មាន​សភាព​ពុក​ផុយ ហើយ​រដូវវស្សា​មាន​ទឹកភ្លៀង​ហូរ​ច្រោះ​តាម​ថ្នេរ​ឥដ្ឋ ដែល​មូលហេតុ​បណ្ដាល​មក​ពី​អាយុកាល អាកាសធាតុ និង​រុក្ខជាតិ​ដុះ​ចាក់​ហែក​ឥដ្ឋ​ជាដើម​។​ល​។

ចំពោះ​បច្ចេកទេស​ជួសជុល​វិញ លោក រស់ វិសុទ្ធ ពន្យល់​ថា ក្រុមការងារ​បាន​ព្យាយាម​រក្សា​ឥដ្ឋ​ចាស់ ដោយ​ក្នុង​នោះ​ប្រមូល​ឥដ្ឋ​ដែល​នៅ​សេសសល់ បន្ទាប់​មក​កាត់​ឥដ្ឋ​ថ្មី​បិទ​ភ្ជាប់​នៅ​ទីតាំង ដែល​បាត់​ឥដ្ឋ និង​រៀប​ជញ្ជាំង​យក​លំនាំ​តាម​រចនា​សម្ពន្ធ​ចាស់​។

ក្រោយ​ជួសជុល​បាន​ស្អាត​វិញ​ហើយ ប្រាសាទ​នេះ​មាន​ភាព​ទាក់ទាញ​ខ្លាំង និង​គួរ​ជាទី​ទស្សនា​។ ប្រាសាទភ្នំក្រោម​មាន​ជម្រើស​ច្រើន​ឱ្យ​ភ្ញៀវ​ទស្សនា ក្នុង​នោះ​អាច​ទស្សនា​ផ្ទៃ​ទឹក​បឹង​ទន្លេសាប បរិស្ថាន​ដ៏​ស្រស់បំព្រង សម្រស់​វាលស្រែ​ខៀវ និង​ពណ៌​មាស ទស្សនា​ថ្ងៃ​រះ ថ្ងៃ​លិច ភូមិឋាន​ជុំវិញ​ភ្នំ និង​វត្ត​អារាម​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ