រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ។
យោងតាមលិខិតរបស់ក្រសួងអប់រំ ផ្ញើជូនលោក-លោកស្រី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា នៅឆ្នាំសិក្សា២០២៤-២០២៥ ក្រសួងអប់រំ យុវជន និងកីឡានឹងបន្តរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ដោយរៀបចំដូចលំនាំនៃការប្រឡងនៅឆ្នាំសិក្សា២០២៣-២០២៤ ។
ក្រសួងអប់រំ នឹងចេញសេចក្តីណែនាំបច្ចេកទេសសម្រាប់ការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត និងទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ។
សូមរំលឹកថា កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ប៉ុន្តែក្រសួងលើកទឹកចិត្តឱ្យបណ្តារាជធានី-ខេត្ត ម្ចាស់ការក្នុងការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែ ប្រចាំរាជធានី-ខេត្ត ដោយខ្លួនឯង ៕
ចែករំលែកព័តមាននេះ