ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​រាជធានី​ភ្នំពេញ​ ចុះ​ពិនិត្យ​ថ្ងៃ​ដំណើរការ​សាកល្បង​ដំបូង​ផ្លូវ​ថ្មើរជើង (walk street)

20 ម៉ោង មុន

​រាជធានី​ភ្នំពេញ​ ​៖​ លោក ​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ អមដំណើរ​ដោយ​លោក​អភិបាលរង នាយក នាយករង​រដ្ឋបាល មន្ត្រី​…

​រាជធានី​ភ្នំពេញ​ ​៖​ លោក ​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ អមដំណើរ​ដោយ​លោក​អភិបាលរង នាយក នាយករង​រដ្ឋបាល មន្ត្រី​ និង​អាជ្ញាធរ​ដែនដី​ បាន​អញ្ជើញ​ចុះ​ពិនិត្យ ដំណើរការ​សាកល្បង ​នៃ​គម្រោង​ផ្លូវ​ថ្មើរជើង (walk street) ខណៈ​នៅ​ល្ងាច​ថ្ងៃ​ទី​០១ កុ​ម្ភៈ​នេះ គឺជា​ថ្ងៃ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​ដាក់​ឱ្យ​ដំណើរការ​ដំបូង ​។

លោក ​ឃួ​ង ស្រេង ខណៈ​ចុះ​ពិនិត្យ​នេះ​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ ប្រទេស​កម្ពុជា​កំពុង​ត្រៀមខ្លួន​ចេញពី​ប្រទេស​ ដែល​ក្រីក្រ និង​ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូលមធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​។ ដូច្នេះ​ហើយ ទើប​រាជធានី​ភ្នំពេញ បាន​រៀបចំ​ខ្លួន ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​មាន​ជម្រើស ក្នុង​ការ​ដើរ​លំហែកាយ ហាត់ប្រាណ ទទួល​បាន​នូវ​ផា​សុខភាព​ល្អ ព្រោះ​ពួក​គាត់​មាន​ជីវភាព​ធូ​ធា​មួយ​កំរិត​ហើយ​ ។

ពាក់ព័ន្ធ​នឹង​គម្រោង​ផ្លូវ​ថ្មើរជើង (walk street) នេះ​ ​អភិបាល​រាជធានី​ថា​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​គិតគូរ​រួច​ហើយ ប៉ុន្តែ​ដោយសារ​ស្ថានភាព​ជម្ងឺ​កូ​វី​ដ​-១៩ គម្រោង​នេះ​ត្រូវ​បាន​ផ្អាក​។ តែ​មក​ដល់​ពេល​នេះ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​បវរ​អធិបតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​គម្រោង​នេះ ត្រូវ​បាន​បង្កើត​ឡើង​វិញ​ និង​បាន​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​នៅ​ពេល​នេះ​។

លោក ​ឃួ​ង ស្រេង បាន​បន្ត​ទៀត​ថា​ សុខទុក្ខ​និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​គឺជា​ការ​គិតគូរ​របស់​អាជ្ញាធរ​និង​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​ ។

លោក​អភិបាល​រាជធានី​ភ្នំពេញ ​ក្នុង​ឱកាស​នោះ​ក៏​បាន​ថ្លែង ​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ បងប្អូន​ប្រជាពលរដ្ឋ ពិសេស បងប្អូន​ដែល​មាន​លំនៅ​ដ្ឋា​ន​នៅ​ក្នុង​គម្រោង​ផ្លូវ​ថ្មើ​ជើង​នេះ​តែ​ម្តង ដែល​ពួក​គាត់​បាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​បាន​យ៉ាង​ល្អ​។​ការ​ចូលរួម​សហការ​យ៉ាង​ល្អ​នេះ វា​នឹង​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​ មាន​អ្វី​ៗ​សព្វបែបយ៉ាង​ជា​បន្តបន្ទាប់​ទៀត​ ។

ក្នុង​ឱកាស​នោះ​ដែរ លោក ​ឃួ​ង ស្រេង​ ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ​ដែល​មាន​បំណងចង់​មក​ទស្សនា ក៏​ដូច​ជា ការ​ដើរ​លេង​កម្សាន្ត ការ​ហាត់ប្រាណ ដើម្បី​សុខភាព​នៅ​ទីតាំងខាងលើ​នេះ សូម​បងប្អូន​កុំ​ប្រើប្រាស់​យានជំនិះ​ខ្លួនឯង បងប្អូន​អាច​ប្រើប្រាស់ ជា​ម៉ូតូ​កង់​បី​ ឬ​ក៏​រថយន្ត​ដឹក​ជញ្ជូន​សាធារណៈ​ ។

ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ស្តង់​លក់​ម្ហូបអាហារ ដើម្បី​បម្រើ​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ដែល​មក​ដើរ​លេង​កំសាន្ត​នៅ​ទី​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ ក៏​មាន​គម្រោង​រៀបចំ​ផង​ដែរ​។​ ទាំង​ទីតាំង ស្តង់​ម្ហូបអាហារ ទាំង​ការ​ប្រគំ​តន្ត្រីសម័យ បុរាណ ការ​គូរគំនូរ កន្លែង​លេង​សៀ​ក​រហ័ស​កម្ម​ផ្សេង​ៗ ក៏​ជា​កន្លែង​ដែល​បងប្អូន​ប្រជាពលរដ្ឋ ចង់​បង្ហាញ​ពី​សមត្ថភាព​របស់​ខ្លួន និង​បង្ហាញ​ពី​ស្នាដៃ​របស់​បុព្វបុរស​យើង ​ដែល​បាន​បន្សល់​ទុក​ឲ្យ​កូនចៅ​យើង​មក​ដល់​ពេល​នេះ ​។

លោក ​ឃួ​ង ស្រេង បន្ថែមថា​ ​រាជធានី​ភ្នំពេញ​កំពង់​ត្រៀមលក្ខណៈ​ដាំ​ដើមឈើ​ចំនួន ៧៥​ហិ​កតា នៅ​តំបន់​ដ៏​ល្អ​មួយ​ដើម្បី​ជា​ជម្រើស​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​អាច​ទៅ​ដើរ​លេង​កម្សាន្ត​ នៅ​ក្នុង​ទីតាំង​ដែល​មាន​ដើមឈើ​នោះ ក៏​ដូច​ការ​ជ្រើសរើស​ទីតាំង​មក​ដើរ​លេង​នៅ​តាម​ផ្លូវ​ខាងលើ​នេះ​ផង​ដែរ ព្រោះ​ប្រជាពលរដ្ឋ​យើង​សព្វថ្ងៃ​រស់នៅ​ក្នុង​ភាព​ស៊ី​វិ​ល័យ​ហើយ ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ការ​សាកល្បង​ផ្លូវ​ថ្មើរជើង (Walk Street) ​នេះ​ ត្រូវធ្វើ​ឡើង​នៅ​រៀងរាល់ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ដោយ​ចាប់ពី​ម៉ោង១៨:០០​នាទី រហូត​ដល់​ម៉ោង ២៣:០០​នាទី​យប់ នៅ​តាម​បណ្តោយ​តីរវិថី​ព្រះ​ស៊ី​សុវត្ថិ ចាប់ពី​វិ​ថី​បក្សី​ចាំ​ក្រុង (​ផ្លូវ​លេខ​៩៤) រហូត​ដល់​មុខ​ព្រះ​បរមរាជវាំង ស្ថិត​នៅ ក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ដើម្បី​ឱ្យ​ដំណើរការ​បើក​សាកល្បង​ផ្លូវ​ថ្មើរជើង (Walk Street) ប្រកបដោយ​ជោគជ័យ រក្សា​បាន​នូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​ នូវ​ការ​កកស្ទះ​ចរាចរ រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្នើ​សុំ​បិទផ្លូវ និង​ពង្វាង​ចរាចរ​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​តាម​ពេលវេលា និង​ម៉ោង​ដែល​បាន​កំណ​ង់​ដើម្បី​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ថ្មើរជើង ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ