ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ភ្លោះ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ស្ថិត​នៅ​ព្រំប្រទល់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល សាងសង់​បាន​ប្រមាណ​៥២%

21 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ភ្លោះ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត សាងសង់​សម្រេច​បាន​ប្រមាណ​៥២% ហើយ​។ ស្ពាន​អាកាស​ភ្លោះ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត…

រាជធានី​ភ្នំពេញ ៖ ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ភ្លោះ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត សាងសង់​សម្រេច​បាន​ប្រមាណ​៥២% ហើយ​។ ស្ពាន​អាកាស​ភ្លោះ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រសព្វ និង​ផ្លូវជាតិ​លេខ​២ ត្រង់​ព្រំប្រទល់​រវាង រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ។

លោកស្រី ដោ សម្ផស្ស នាយិការ​រង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ មក​រា ២០២៥​នេះ​ថា ៖ គិត​មក​ដល់​ពេល​នេះ ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ភ្លោះ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ទាំងមូល​សម្រេច​បាន​ប្រមាណ​៥២% ហើយ​។ ចំពោះ​ស្ពាន ដែល​មាន​ទិស​ដៅ​ពី​មហាវិថី​សម្តេច​តេ​ជោ​ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) ទៅ​មហាវិថី​ព្រ​លាន​សម្តេច​តេ​ជោ បាន​សាងសង់​គ្រឹះ និង​សសរស្ពាន​រួចរាល់​ហើយ​។ បច្ចុប្បន្ន​កំពុង​តែ​ដំឡើង​ធ្នឹម​បេតុង បាន​ប្រមាណ​ជាង​៦០% (៤​ប្រលោះ​/៧​ប្រលោះ​) ហើយ​គ្រោង​នឹង​បញ្ចប់​អ៊ុត​កៅស៊ូ​ផ្លូវ​ស្ពាន​នៅ​ចុងខែ​មីនា ខាង​មុខ​នេះ​។ ចំពោះ​ស្ពាន ដែល​មាន​ទិស​ដៅ ពី​មហាវិថី​ព្រ​លាន​សម្តេច​តេ​ជោ ទៅ​មហាវិថី​សម្តេច​តេ​ជោ​ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) បាន​សាងសង់​គ្រឹះ និង​សសរ​រួច​ហើយ​។ ឯការ​ដំឡើង​ធ្នឹម នឹង​រៀបចំ​ចាប់ពី​ខែមេសា ខាង​មុខ​នេះ ។

លោកស្រី ដោ សម្ផស្ស បាន​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ការ​សាងសង់​ដំឡើង​ធ្នឹម​ស្ពាន​នេះ នឹង​មាន​បិទ​ចរាចរណ៍ រវាង​មហាវិថី​សម្តេច​តេ​ជោ​ហ៊ុន សែន​(​ផ្លូវ​៦០​ម៉ែត្រ​) មហាវិថី​ព្រ​លាន​សម្តេច​តេ​ជោ និង​ផ្លូវជាតិ​លេខ​២ (​ក្នុង​បរិវេណ​ការដ្ឋាន​) ម្តងម្កាល ដោយសារ​ការដ្ឋាន​ត្រូវការ​ប្រើប្រាស់​គ្រឿងចក្រ​ធំ​ៗ និង​ដើម្បី​ព​ន្លឿ​ន​ការងារ អោយ​បាន​ទាន់​ផែនការ​។ ដូច្នេះ សូម​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​ផ្លូវ​ទាំងនេះ មេត្តា​យោក​យល់ និង​អធ្យាស្រ័យ ។

ស្ពាន​អាកាស​ភ្លោះ​នេះ ជា​គម្រោង​របស់​រាជរដ្ឋាភិបាល តាម​រយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​ប្រើប្រាស់​ថវិកា​សាងសង់​ចំនួន ១៦,២០០,៥០០ ដុល្លារ​អា​មេ​រិ​ក សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អណិកជន​កម្ពុជា (OCIC) ដោយ​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន​១២​ខែ ។

គួរ​បញ្ជាក់​ថា ស្ពាន​អាកាស​ភ្លោះ​សម្តេច​មហា​បវរ​ធិ​បតី បាន​ធ្វើ​ពិធី​បើក​ការ​ដា្ឋ​ន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​អគ្គ​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត បន្ទាប់​ពី​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី បាន​ធ្វើ​ពិធី​ក្រុង​ពាលី​តាម​បែប​សាសនា ដើម្បី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី សុំ​សេចក្តីសុខ​ចំរុងចម្រើន កាលពី​នា​រសៀល​ថ្ងៃ​ទី​១៦ មិថុនា ។

សូម​បញ្ជាក់​ផង​ដែរ​ថា គម្រោង​ស្ពាន​អាកាស​ភ្លោះ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត គ្រោង​បញ្ចប់​ការដ្ឋាន​ទាំងមូល​នៅ​ខែមិថុនា ឆ្នាំ​២០២៥ ទៅ​តាម​ផែនការ ដែល​បាន​គ្រោងទុក ដោយ​ប្រើប្រាស់​ថវិកា ក្នុង​សាងសង់​ចំនួន​១៦,២០០,៥០០ ដុល្លារ​អា​មេ​រិ​ក និង​ប្រើប្រាស់​រយៈពេល​សាងសង់ ចំនួន​១២​ខែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ