រាជធានីភ្នំពេញ ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវ ក៏ដូចជាស្នើដល់សាធារណជន ជាពិសេស ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមងាកមកប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ចំពោះការដែលអញ្ជើញមកលេងកម្សាន្តនៅផ្លូវថ្មើរជើង ឬWalk Street ដែលនឹងបើកដំណើរការចាប់ពីថ្ងៃទី១ ខែកុម្ភៈតទៅ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង) ។
ការអំពាវនាវរបស់អ្នកនាំពាក្យរូបនេះ ធ្វើឡើងបន្ទាប់ពី រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបើកដំណើរការសាកល្បង នូវទីតាំងកម្សាន្ត ដែលហៅថា ផ្លូវថ្មើជើង ឬ Walk Street ដែលជាការរៀបចំឱ្យមានការលក់ដូរ ចំណីអាហារ និងលេងកម្សាន្តជាមួយការរៀបចំប្លែកៗជាច្រើនទៀត សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងចាប់ផ្តើមនៅរៀងរាល់ម៉ោ៦ល្ងាច ដល់ម៉ោង១១យប់ រាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ តទៅ ។
លោកស្រី ដោ សម្ផស្ស បានលើកឡើងថា កំណាត់ផ្លូវ ដែលត្រូវបិទ គឺមានចាប់ពីកំណាត់តីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីកែងវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់កែងវិថី ឧកញ៉ា ឈុន (ផ្លូវលេខ២៤០) ប្រវែង ១.៩៣៥ម៉ែត្រ និងម៉ោង៦ល្ងាចដល់ម៉ោង ១១យប់ ដោយមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទឆ្លងកាត់ទាំងអស់ ។
លោកស្រីបន្តថា នៅជុំវិញបរិវេណនេះ គឺយើងនឹងរៀបចំឱ្យមានការលក់ដូរ ឱ្យមានសណ្តាប់ធ្នាប់រៀបរយល្អ មិនឱ្យមានការលក់រញ៉េរញ៉ៃលើដងផ្លូវនេះទេ ។ រដ្ឋបាលរាជធានីភ្នំពេញ សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ រួមសហការ និងយោគយល់ អធ្យាស្រ័យ បើសិនជាមានការរំខានដោយការបិទផ្លូវណាមួយ ដែលកើតឡើងនៅចន្លោះម៉ោងនេះ ។
លោកស្រី បញ្ជាក់ថា “រដ្ឋបាលរាជធានីភ្នំពេញ សំណូមពរជូនចំពោះប្រជាពលរដ្ឋ មានបំណងមកដើរលេងកម្សាន្ត្រ នៅតាមដងតីរវិថីព្រះស៊ីសុវត្ថិ នៅថ្ងៃ ដែលយើងបើកដំណើរការនេះ គឺសុំសំណូមពរឱ្យគាត់ប្រើប្រាស់មធ្យោបាយ ដឹកជញ្ជូនសាធារណៈ តាមមធ្យោបាយណាក៏បាន ដោយកាត់បន្ថយការប្រើប្រាស់មធ្យោបាយឯកជន” ។
សូមបញ្ជាក់តម្រាយផ្លូវ ដែលត្រូវបិទចរាច ឬពង្វាងសម្រាប់បើកដំណើរការ ផ្លូវថ្មើរជើង ឬWalk Street នេះ មានដូចជា ៖
១-បិទកំណាត់តីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីកែងវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់កែងវិថី ឧកញ៉ាឈុន(ផ្លូវលេខ២៤០) ប្រវែង១.៩៣៥ម៉ែត្រ
២-បិទកំណាត់វិថីកាត់ទទឹង ចាប់ពីកែងតីរវិថីព្រះស៊ីសុវត្ថិ ដល់កែងមហាវិថីព្រះនរោត្តម រួមមាន៖
វិថីព្រះអង្គនន្ទ (ផ្លូវលេខ១០២), រុក្ខវិថីព្រះមហាក្សត្រីយានីកុសុមៈ (ផ្លូវលេខ១០៦), រុក្ខវិថី ឧកញ៉ា អ៊ឹង ប៊ុនហូវ (ផ្លូវលេខ១០៨), វិថីព្រះអង្គឌួង (ផ្លូវលេខ១១០), វិថីក្រឡាហោមគង់ (ផ្លូវលេខ១១៨), រុក្ខវិថីខេមរៈភូមិន្ទ (ផ្លូវលេខ១៣០), វិថីឧកញ៉ា អ៊ុន (ផ្លូវលេខ១៣៦), វិថី ព្រះអង្គហស្សកណ្ឌ (ផ្លូវលេខ១៤៤), កំណាត់វិថីឧកញ៉ាអ៊ុក លន់ (ផ្លូវលេខ១៤៨) និងវិថី តេជោដំឌិន (ផ្លូវលេខ១៥៤)
៣-បិទវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤), វិថីឧកញ៉ា សន្ធរម៉ុក(ផ្លូវលេខ៩៨)ចាប់ពីកែងតីរវិថី ព្រះស៊ីសុវត្ថិ ដល់កែងវិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ១៩)
៤-បិទវិថីព្រះអង្គមគ្គវណ្ណ (ផ្លូវលេខ១៧៨) ចាប់ពីផ្នែកខាងកើតនៃវិថីព្រះអង្គអេង (ផ្លូវលេខ១៣) រហូតដល់កែងតីរវិថីព្រះស៊ីសុវត្ថិ
៥-មហាវិថីសម្តេចសុធារស បិទចាប់ពីកែងវិថីតេជោដំឌិន (ផ្លូវលេខ១៥៤) ដល់កែងវិថីឧកញ៉ា ឈុន (ផ្លូវលេខ២៤០) ៕
ចែករំលែកព័តមាននេះ