ទីក្រុងម៉ូស្គូ៖ វិមានក្រឹមឡាំងសម្ដែងការសោកស្ដាយជាពន់ពេកចំពោះការបាត់បង់ជីវិតរបស់ជនជាតិរុស្ស៊ីនៅក្នុងហេតុការណ៍បុកគ្នានៅលើអាកាសរវាងយន្តហោះដឹកអ្នកដំណើរ និងឧទ្ធម្ភាគចក្រយោធានៅប្រទេសអាមេរិកកាលពីយប់មិញបណ្ដាលឱ្យស្លាប់មនុស្សរាប់សិបនាក់។ រហូតមកដល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះអាចប្រមូលបានសាកសពជនរងគ្រោះយ៉ាងតិច១៩នាក់ ខណៈដែលបួននាក់ត្រូវគេជួយសង្គ្រោះទាន់ពេលវេលា និងដឹកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
នៅក្នុងចំណោមអ្នកជិះនៅក្នុងយន្តហោះសរុប៦៤នាក់ដែលមានអ្នកដំណើរ៦០នាក់ និងបុគ្គលិករបស់ក្រុមហ៊ុន៤នាក់នោះ គេមានសង្ឃឹមតិចតួចជាទីបំផុតថាអាចរកឃើញអ្នកនៅរស់រានមានជីវិត។ បើធ្លាក់នៅលើដីអាចសង្ឃឹមថានៅរស់ខ្លះ។ ប៉ុន្តែនេះធ្លាក់ចូលទៅក្នុងទឹកទន្លេរដូវរងាថែមទៀត។ សាក្សីនិយាយថាយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកាំងអ៊ែឡាញបានចាកចេញដំណើរពីរដ្ឋខេនសាសន៍ (Kansas) ទៅអាកាសយានដ្ឋានជាតិរេហ្គឹន (Reagan) នៃទីក្រុងវ៉ាស៊ីនតោន។
នៅពេលរៀបចុះដល់ដីហើយស្រាប់តែទៅបុកគ្នាជាមួយឧទ្ធម្ភាគចក្រដឹកទាហានបីនាក់ទៅចូលរួមលំហាត់យោធា។ នៅក្នុងចំណោមជនរងគ្រោះទាំងនោះក៏មានជនជាតិរុស្ស៊ី២នាក់ផងដែរ ម្នាក់ជាគ្រូបង្ហាត់ជិះស្គី និងម្នាក់ទៀតជាអតីតជើងឯកខាងជិះស្គី។ ចំពោះសំណួរថាតើនៅក្នុងឱកាសមរណទុក្ខនេះ លោកពូទីននឹងទាក់ទងតាមទូរស័ព្ទទៅលោកត្រាំដែរឬទេ? អ្នកនាំពាក្យវិមានក្រឹមឡាំងឆ្លើយតបថាសម្រាប់ពេលនេះ រដ្ឋាភិបាលទីក្រុងម៉ូស្គូមិនទាន់គម្រោងទាក់ទងគ្នាកម្រិតខ្ពស់នៅឡើយទេ។
ប្រភពខ្លះចុះផ្សាយថាយន្តហោះដឹកអ្នកដំណើរនោះទើបតែវិលត្រឡប់ពីជំរំបោះតង់សម្រាប់ដំណើរកម្សាន្ត១កន្លែង។ ទីនេះជាកន្លែងហ្វឹកហាត់ជិះស្គីក្រោមកិច្ចសហការជាមួយសមាគមជិះស្គីរបស់អាមេរិក។ ហេតុនេះ គ្រូបង្វឹក និងជើងឯកខាងជិះស្គីរបស់រុស្ស៊ីក៏បានចូលរួមជាមួយក្រុមខាងលើនេះផងដែរ។ សាក្សីនិយាយថាហេតុការណ៍នោះកើតឡើងនៅម៉ោង៩យប់។
នៅពេលយន្តហោះទៅដល់មាត់ទន្លេផូថូម៉ាក (Potomac) កៀកនឹងព្រលានយន្តហោះដើម្បីចុះចតទៅហើយ ចៃដន្យអ្វីក៏វាក់អើជាមួយឧទ្ធម្ភាគចក្រយោធា។ សម្រាប់ពេលនេះ អាជ្ញាធរ និងក្រុមអ្នកជួយសង្គ្រោះនៅតែបន្តស្វែងរកអ្នកបាត់ខ្លួននៅក្នុងហេតុការណ៍នេះ។ មនុស្សស្លាប់ពិតប្រាកដប៉ុន្មាននាក់មិនទាន់ដឹងនៅឡើយទេ។ ប៉ុន្តែអ្នកទាំងនោះប្រហែលបានស្លាប់អស់រលីងហើយដោយសារការលង់ទឹក។ គ្រាន់តែថាសាកសពរបស់ពួកគេរកមិនទាន់ឃើញតែប៉ុណ្ណោះ។
អាជ្ញាធរចាត់ទុកថានេះជាសោកនាដកម្មដែលសម្លាប់មនុស្សច្រើនមិនធ្លាប់មាននៅប្រទេសអាមេរិកនៅក្នុងរយៈពេល១៦ឆ្នាំចុងក្រោយនេះ។ ក្រោយពេលកើតមានហេតុការណ៍នេះ រាល់ជើងហោះហើរដែលត្រូវហោះចេញ ឬហោះចូលអាកាសយានដ្ឋានជាតិរេហ្គឹនត្រូវលុបចោលទាំងអស់។ អាជ្ញាបន្តស្រាវជ្រាវ និងស៊ើបអង្កេតសំណុំរឿងនេះយ៉ាងដុតដៃដុតជើងផងដែរ៕
ចែករំលែកព័តមាននេះ