ការហាត់ប្រាណជាប្រចាំ និងទៀងទាត់ជាមធ្យោបាយល្អមួយរក្សាសុខភាពរាងកាយឱ្យមាំមួន តែទន្ទឹមនឹងនេះ ការថែរក្សាសុខភាពខួរក្បាលក៏មានសារៈសំខាន់ណាស់ដែរ។ មានវិធីសាស្ត្រងាយៗ១០ចំណុចដែលអ្នកជំនាញអះអាងថា ជួយជំរុញថាមពលដល់ខួរក្បាល ។
១-របបអាហារទទួលទាន ៖ សារធាតុចិញ្ចឹមដើរតួនាទីចម្បងបំផុតនៅក្នុងការធ្វើឱ្យល្អប្រសើរនូវសមត្ថភាពផ្លូវចិត្ត និងសមត្ថភាពយល់ដឹង ។ ត្រូវតែធ្វើឱ្យប្រាកដថា របបអាហារទទួលទានប្រចាំថ្ងៃរបស់អ្នកមានវត្តមានអាស៊ីដខ្លាញ់អូមេហ្គា៣ ដែលមាននៅក្នុងបណ្តាត្រីសម្បូរខ្លាញ់ ពពួកសណ្តែកប្រេង គ្រាប់ធញ្ញជាតិ និងបណ្តាបន្លែគ្រប់មុខ។ បន្ថែមពីនេះទៀតបណ្តាសមាសធាតុប្រឆាំងអុកស៊ីដកម្ម ដែលមាននៅក្នុងបណ្តាផ្លែឈើ និងបន្លែភាគច្រើនក៏ជាផ្នែកមួយសំខាន់នៃអាហាររបស់ខួរក្បាល ។ អាហារដែលផ្តល់គុណប្រយោជន៍ដល់រាងកាយ ពិតជាអាចកាត់បន្ថយអត្រាកើតជំងឺរាំរ៉ៃផ្សេងៗ តែជួយជំរុញដល់ការចងចាំក៏ដូចជាកែលម្អសមត្ថភាពយល់ដឹងទទួលចំណេះដឹង ។
២-រក្សាខួរក្បាលឱ្យមានសកម្មភាពជាប្រចាំ ៖ វាជារឿងសំខាន់ដែលត្រូវរក្សាខួរក្បាលរបស់អ្នកឱ្យមានសកម្មភាព និងជាប់រវល់ក្នុងសកម្មភាពលំបាកៗ។ នៅពេលដែលអ្នកឈប់ហាត់ប្រាណរយៈពេលយូរ អ្នកនឹងសង្កេតឃើញថា រាងកាយរបស់អ្នកប្រែប្រួល(ឡើងទម្ងន់ ឬសម្បូរខ្លាញ់ច្រើន ) ។ ដូចគ្នានេះដែរ ខួរក្បាលដែលមិនប្រើប្រាស់រយៈពេលយូរបំណិនទទួលយកចំណេះដឹងនឹងចុះខ្សោយ។ ចូរធ្វើលំហាត់ខួរក្បាលរបស់អ្នកតាមរយៈការអានសៀវភៅ ដោះស្រាយលំហាត់ពិបាកៗ ឬលេងហ្គេម ។
៣-ធ្វើលំហាត់ប្រាណរាងកាយ៖ ការហាត់ប្រាណទៀងទាត់ដើរតួនាទីយ៉ាងសំខាន់ជួយជំរុញការចរាចរឈាមទៅកាន់ខួរក្បាល ក៏ដូចជាជួយកាត់បន្ថយអត្រាប្រឈមនឹងជំងឺជាច្រើន ។ អ្វីដែលសំខាន់នោះគឺក្រោយពីការហាត់ប្រាណរួចលោកអ្នកមានអារម្មណ៍ស្រស់ថ្លាពេញមួយថ្ងៃ ។ រីឯសមត្ថភាពនៃការទទួលយកអ្វីមួយថ្មី ក៏មានសភាពល្អប្រសើរឡើងផងដែរ ។
៤-គួរចេះចូលប្រឡូកក្នុងសង្គម៖ ការជាប់រវល់ក្នុងបណ្តាសកម្មភាពសង្គមជួយរក្សាឱ្យខួរក្បាលមានសកម្មភាពក្លៀវក្លា និងមិននៅទំនេរ។ ម្យ៉ាងការប្រឡូកក្នុងសកម្មភាពសង្គមក៏អាចជួយកាត់បន្ថយ Stress និងបង្កើនសុខភាពផ្លូវចិត្តផងដែរ ។ ភាពឯកានិងភាពនៅដាច់ពីគេឯងអាចជះឥទ្ធិពលអវិជ្ជមានដល់ផ្លូវចិត្ត ហើយករណីខ្លះអាចនឹងញ៉ាំងឱ្យផ្លូវចិត្តគ្មានស្ថិរភាពទៀតផង ។ ទីបញ្ចប់អ្វីទាំងអស់នេះគឺសុទ្ធតែប៉ះពាល់ ឬបំផ្លាញការប្រមូលផ្តុំអារម្មណ៍និងសមត្ថកភាពទទួលយកចំណេះដឹងរបស់ខួរក្បាល ។ ចូរគ្រប់គ្រងសុខភាពផ្លូវចិត្តរបស់អ្នកតាមរយៈការជជែកចែករំលែកគំនិតខ្លួនឯង ជាមួយបណ្តាមិត្តភក្តិ ។
៥-ការសមាធិស្មិងស្មាធិ៍៖ ខណៈវាជាបញ្ហាសំខាន់ដែលត្រូវរក្សាខួរក្បាលឱ្យមានសកម្មភាពជាប់ជាប្រចាំ ក៏ប៉ុន្តែការផ្តល់សេរីភាព ភាពស្ងប់ស្ងៀម និងសន្តិភាពដល់ខួរក្បាលក៏សំខាន់ណាស់ដែរ ។ ការធ្វើសកម្មភាពជាប់ឥតដាច់ និងគិតច្រើនលើសលប់គឺអាចជំរុញឱ្យកើតជំងឺ Stress ទៅវិញ ។ ចូរជ្រើសយកលំហាត់ប្រាណណាមួយដែលផ្តល់ឱកាសឱ្យខួរក្បាលបានសម្រាក ។
៦-ចូរទទួលទានដំណេកឱ្យបានច្រើន៖ ខួរក្បាលត្រូវការចាំបាច់ណាស់នូវពេលវេលាស្តារថាមពលឡើងវិញ ហើយមធ្យោបាយល្អតែមួយគត់ក្នុងការធ្វើបែបនេះ គឺមានតែដំណេកប៉ុណ្ណោះ ។
៧-ចូររៀនប្រើញាណទាំងអស់ ជាពិសេសក្នុងការរៀនសូត្រ៖ មនុស្សមួយចំនួនចូលចិត្តរៀននូវអ្វីមួយតាមរយៈការមើលដោយភ្នែក ខណៈមួយចំនួនទៀតរៀនដោយប្រើការស្តាប់ហើយថាតាម ។ ចំណែកមនុស្សមួយក្រុមទៀតអាចរៀនសូត្រអ្វីមួយដោយការហិតក្លិន ឬភ្លក្សរសជាតិ ។ ការប្រើញាណឱ្យបានច្រើនក្នុងពេលព្រមគ្នា វាអាចជួយឱ្យបណ្តាផ្នែកផ្សេងរបស់ខួរក្បាលមានសកម្មភាពឡើង ។
៨-ចូរកាត់បន្ថយការប្រើសារធាតុបំពុលខួរក្បាល ៖ បណ្តាថ្នាំពេទ្យមួយចំនួនក៏ដូចជាគ្រឿងស្រវឹង គឺសុទ្ធតែអាចសម្លាប់បណ្តាកោសិកាខួរក្បាល។ ចំណែកសារធាតុកាហ្វេអ៊ីន សារធាតុនីកូទីន ក្នុងថ្នាំជក់ ក៏ជះផលអាក្រក់ដល់ខួរក្បាលផងដែរ ។ ការជក់បារីត្រូវគេរកឃើញថា ធ្វើឱ្យកម្រិតអុកស៊ីសែនក្នុងខួរក្បាលថយចុះ ។
៩-គួរធ្វើចំណាត់អាទិភាពនៃកាតព្វកិច្ច ៖ សូមកុំព្យាយាមដាក់កំហិតគ្របសង្កត់លើខ្លួនឯង ហើយធ្វើឱ្យខួរក្បាលរបស់អ្នកចុះខ្សោយ ឬហេវហត់ ។ ត្រូវដឹងថា ការងារមួយណាដែលសំខាន់បំផុត គប្បីចាប់ផ្តើមធ្វើពីចំណុចនោះ ។
១០-ផ្តល់ពេលឱ្យខ្លួនឯងបានឈប់សម្រាកបន្ធូរអារម្មណ៍៖ Stress ជារឿយៗផ្តល់លទ្ធផលផ្ទុយពីការចង់់បាន។ ចូរជឿជាក់លើខ្លួនឯងមានគោលដៅប្រាកដច្បាស់ណាស់ ហើយត្រូវចេះស្វែងរកជំនួយនៅពេលដែលចាំបាច់ ៕
ចែករំលែកព័តមាននេះ