រាជធានីភ្នំពេញ ៖ ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ ចាប់ពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង (ផ្លូវលេខ២៤០) រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការជាជំហានដំបូង នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ដោយចាប់ផ្តើមនៅរៀងរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ។
នេះបើតាមការបង្ហាញឱ្យដឹងក្នុងកិច្ចប្រជុំជាថ្មីទៀត ដើម្បីពិនិត្យវឌ្ឍនភាព នៃការរៀបចំផ្លូវថ្មើរជើង (Walkstreet) ខាងលើនេះ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួងទេសចរណ៏ និងអាជ្ញាធរពាក់ព័ន្ធ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា ផ្លូវថ្មើរជើងនេះ យើងមានគម្រោងយូរមកហើយ ពោលគឺតាំងពីឆ្នាំ២០១៩ មកម្ល៉េះ ដោយសារស្ថានភាព នៃវិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យគម្រោងនេះផ្អាកដំណើរការសិន។ ប៉ុន្តែបន្ទាប់ពីមានការណែនាំរបស់រាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញការងារឱ្យផ្លូវថ្មើរជើងនេះ ដំណើរការឡើងវិញ ដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តឱ្យបានច្រើន ។
លោក ឃួង ស្រេង បានបញ្ជាក់ថា គម្រោងនេះ ត្រូវតែចេញដំណើរការ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ដោយជាជំហានដំបូងយើងបើកផ្លូវថ្មើរជើងនេះ នៅរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់។ ជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនារាជធានីភ្នំពេញ ឱ្យកាន់តែច្រើនថែមទៀត ។
គម្រោងផ្លូវថ្មើរជើង (Walk street) ត្រូវបិទចរាចរណ៍យានជំនិះគ្រប់ប្រភេទ រៀបចំបង្គន់អនាម័យ និងការងាររៀបចំសណ្តាប់ធ្នាប់ការលក់ដូរនៅលើតម្រាយផ្លូវនេះឱ្យបានល្អ ដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ ៕
ចែករំលែកព័តមាននេះ