ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ផ្ដាច់​ជំនួយ​ពិភពលោក​សូ​ម្បី​ប្រទេស​ថៃ​ក៏​រង​គ្រោះ​យ៉ាង​ដំណំ

1 ថ្ងៃ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ករណី​លោក​ត្រាំ​ផ្ដាច់​ជំនួយ​សម្រាប់​ប្រទេស​ទាំង​អស់​នៅ​ទូទាំង​ពិភព​លោក​​កំពុង​​ធ្វើ​ឱ្យ​ពិភព​លោក​ដេក​ភ័យ​សូម្បី​តែ​ប្រទេស​ថៃ​ និង​ជា​ពិសេស​ អ៊ុយ​ក្រែន​ដែលកំពុ​ងតែ​​រស់​ពឹង​​ទៅ​លើ​ដង្ហើម​គេ​ដក​នោះ​ក៏​ព្រួយ​បារម្ភ​មិន​តិច​ដែរ​។ នេះ​ជា​ព្រឹត្តិ​ការណ៍​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ ហើយ​គ្មាន​នរណា​នឹក​ស្មាន​ថា​លោក​ត្រាំ​ហ៊ាន​ធ្វើ​ដល់​ថ្នាក់​នេះ​​ទេ​។ គួរ​កត់​សម្គាល់​ថា​នៅ​ក្នុង​សម័យ​អន្តរ​កាល​នេះ​ រាល់​គម្រោង​ផ្ដល់​ជំនួយ, ​ប្រាក់​កម្ចី និង​ហិរញ្ញ​ប្ប​ទាន​ទៅ​បរទេស​ត្រូវ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ករណី​លោក​ត្រាំ​ផ្ដាច់​ជំនួយ​សម្រាប់​ប្រទេស​ទាំង​អស់​នៅ​ទូទាំង​ពិភព​លោក​​កំពុង​​ធ្វើ​ឱ្យ​ពិភព​លោក​ដេក​ភ័យ​សូម្បី​តែ​ប្រទេស​ថៃ​ និង​ជា​ពិសេស​ អ៊ុយ​ក្រែន​ដែលកំពុ​ងតែ​​រស់​ពឹង​​ទៅ​លើ​ដង្ហើម​គេ​ដក​នោះ​ក៏​ព្រួយ​បារម្ភ​មិន​តិច​ដែរ​។ នេះ​ជា​ព្រឹត្តិ​ការណ៍​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ ហើយ​គ្មាន​នរណា​នឹក​ស្មាន​ថា​លោក​ត្រាំ​ហ៊ាន​ធ្វើ​ដល់​ថ្នាក់​នេះ​​ទេ​។

គួរ​កត់​សម្គាល់​ថា​នៅ​ក្នុង​សម័យ​អន្តរ​កាល​នេះ​ រាល់​គម្រោង​ផ្ដល់​ជំនួយ, ​ប្រាក់​កម្ចី និង​ហិរញ្ញ​ប្ប​ទាន​ទៅ​បរទេស​ត្រូវ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​។ លោក​ត្រាំ​បាន​បញ្ជា​ឱ្យ​ពិនិត្យ​មើលឡើង​វិញ​ទាំង​អស់​នូវ​រាល់​កិច្ច​ព្រម​ព្រៀង, សន្ធិ​សញ្ញា​ ឬ​គម្រោង​អភិ​វឌ្ឍ​នានា​ដែល​មិន​ចំណេញ​ដល់​ផល​ប្រយោជន៍​ជាតិ​របស់​អាមេរិក​ត្រូវ​តែ​ពិចារណា​ឡើង​វិញ​ថា​ត្រូវ​បន្ត​ ឬ​ត្រូវ​កាត់​ផ្ដាច់​ចោល​ទាំង​ស្រុង​។ នេះ​ជា​នយោបាយ​គិត​ទៅ​ដល់​ផល​ប្រយោជន៍​ជាតិ​អាមេរិក​ជា​រឿង​សំខាន់​ទី​មួយ​។

ប្រភព​ខ្លះ​អះ​អាង​ថា​ការ​ផ្អឹប​ទុក​ជំនួយ​នេះ​គិត​ជា​ទឹក​ប្រាក់​បី​ទ្រីលាន​ដុល្លារ ឬ​ស្មើ​នឹង​ជិត​១/៣​នៃ​ផែន​ការ​ចំណាយ​ថវិកា​ជាតិ​១០​ទ្រី​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​សារ​ពើ​ពន្ធ​២០២៤​។ អង្គ​ការ​ សមាគម និង​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​ទូទាំង​ពិភព​លោក​ដែល​ធ្លាប់​តែ​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ជំនួយ​អាមេរិក​ត្រូវ​ជាប់​គាំង​គ្រប់​ៗ​គ្នា​។ អ្នក​ធ្វើ​ការ​នៅ​តាម​អង្គ​ការ​នានា​បើ​ទុក​ជា​ជំនួយ​អាច​បើក​ឡើង​វិញ​ក្រោយ​ពេល​លោក​ត្រាំ​ពិនិត្យ​សើ​រើ​ចប់​សព្វ​គ្រប់​ក៏​មិន​សង្ឃឹម​ថា​នឹង​ទទួល​បាន​ហិរញ្ញ​ប្បទាន​ច្រើន​ដូច​មុន​ដែរ​។

ដូច្នេះ​​អង្គ​ការ​អាច​ប្រឈម​នឹង​ការ​កាត់​បុគ្គលិក​ ហើយ​បុគ្គ​លិក​ដែល​នៅ​បន្ត​ធ្វើ​ការ​ក៏​អាច​ប្រឈម​នឹង​ការ​កាត់​បន្ថយ​ប្រាក់​ខែ​ផង​ដែរ​។​ លោក​ត្រាំ​លេង​មួយក្បាច់​​នេះ​ធ្វើ​ឱ្យផ្អើល​​ពិភព​លោក​​។​ នៅ​ប្រទេស​ថៃ​ មន្ទីរ​ពេទ្យ​ចល័ត​​ព្យាបាល​ជន​ភៀស​ខ្លួន​រស់​នៅ​តាម​ជំរំ​, ​​កម្ម​វិធី​បោស​សម្អាត​គ្រាប់​មីន និង​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​, ​កម្ម​វិធី​ស្ដារ​សម្បទា​សម្រាប់​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន,​ កម្ម​វិធី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​ដែល​អ្នក​ជំងឺ​រាប់​លាន​នាក់​ត្រូវ​ការ​លេប​ថ្នាំ​រាល់​ថ្ងៃ​នោះ​ត្រូវ​រង​ផល​ប៉ះ​ពាល់​ទាំង​អស់​។​​

យូ​អែស​អេ​អាយ​ឌី (USAID) ដែល​ជា​ទី​ភ្នាក់​ងារ​ទទួល​ថវិកា​ផ្ទាល់​ពី​រដ្ឋាភិបាល​អាមេរិក​ដើម្បី​ចែក​បន្ត​​ទៅ​ឱ្យ​អង្គ​ការ​នានា​​នៅ​ក្នុង​គម្រោង​អភិ​វឌ្ឍ​ទូទាំង​ពិភព​លោក​​ត្រូវ​លោក​ត្រាំ​ចេញ​បញ្ជា​ឱ្យ​ផ្អាក​ផ្ដល់​លុយ​រយៈ​ពេល​៩០​ថ្ងៃ​។ ​មិន​ទាន់​បាន​ប៉ុន្មាន​ផង អង្គ​ការ​មនុស្ស​ធម៌ និង​ស្ថាប័ន​នានា​ដែល​ជា​មែក​ធាង​របស់​ UN ថ្លែង​​​ថា​​ការ​​ចែក​ចាយ​ស្បៀង​អាហារ​, ​​ទី​ជម្រក និង​សេវា​សុខា​ភិបាល​​ដែល​ខ្លួន​កំពុង​ធ្វើ​នឹង​​មាន​បញ្ហា​​បើ​​​លោក​ត្រាំ​ពិនិត្យ​មើល​រួច​ហើយ​ ហើយ​សម្រេច​ថា​ត្រូវ​តែ​ផ្ដាច់​ជំនួយ​ជា​អចិន្ត្រៃយ៍​។​

សព្វ​ថ្ងៃ​នេះ អាមេរិក​​ផ្ដល់​ជំនួយ​​មនុស្ស​ធម៌​ច្រើន​ជាង​គេ​នៅ​លើ​ពិភព​លោក​ដែល​​គិត​ជា​ទឹក​ប្រាក់​១៣,៩​ពាន់​លាន​ដុល្លារ​កាល​ពី​​ឆ្នាំ​២០២៤​។ មាន​ន័យ​ថា​ស្មើ​នឹង​៤២%​នៃ​​ជំនួយ​សរុប​។ ក្រឡេក​ទៅ​មើល​មណ្ឌល​សុខ​ភាព​នៅ​ជំរំ​ជន​ភៀស​ខ្លួន​ប្រទេស​ថៃ​ដែល​ទទួល​ជន​ជាតិ​ភូមា​មួយ​សែន​នាក់​ឱ្យ​ស្នាក់​នៅ​នោះ​ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជា​ឱ្យ​បិទ​ទ្វារ​ហើយ​នៅ​ពេល​នេះ​។

យោង​តាម​លិខិត​រំលឹក​ដែល​ចុះ​ហត្ថ​លេខា​ដោយ​ការិយាល័យ​គ្រប់​គ្រង​ចំណូល​-ចំណាយ​របស់​ជាតិ,​ ទី​ក្រុង​វ៉ាស៊ីន​តោន​បញ្ជាក់​ថា​ខ្លួន​អាច​បន្ត​ផ្ដល់​ជំនួយ​នៅ​ក្នុង​សម័យ​អន្តរ​កាល​នេះ​សម្រាប់​តែ​វិស័យ​ដែល​សំខាន់​បំផុត​​ដូច​ជា​ស្បៀង​អាហារ​សម្រាប់​អ្នក​ដែល​ត្រូវ​ការ​ការ​សង្គ្រោះ​បន្ទាន់​តែ​ប៉ុណ្ណោះ​។ ជា​ដំណឹង​ល្អ រដ្ឋាភិបាល​បង់​ក្លាដែស​អះ​អាង​ថា​​​រដ្ឋាភិបាល​អាមេរិក​បន្ត​ផ្ដល់​ជំនួយ​សង្គ្រោះ​បន្ទាន់​សម្រាប់​ជន​ភៀស​ខ្លួន​រ៉ូហ៊ីង​ហ្កា​ជាង​មួយ​លាន​នាក់​នៅ​ជំរំ​ខក់​បា​ហ្សា​ និង​ជំរំ​ដទៃ​ទៀត​។

ប៉ុន្តែ​ជំនួយ​មនុស្ស​ធម៌​​ដទៃ​ទៀត​ក្រៅ​ពី​អាហារ​សម្រាប់​បរិភោគ​គឺ​គ្មាន​ទេ​​។ ឧទាហរណ៍ ការ​ស្នើ​សុំ​ទិញ​​សម្ភារៈ​សម្រាប់​សាង​សង់​​​ទី​ជម្រក​​ ឬ​ជួស​ជុល​កន្លែង​ស្នាក់​នៅ​​របស់​ជន​ភៀស​ខ្លួន​គឺ​មិន​អាច​ទទួល​បាន​ទៀត​ទេ​។ ​អ្នក​ដែល​កំពុង​លេប​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍ គ្រុន​ចាញ់ និង​របេង​នៅ​ទូទាំង​ពិភព​លោក​ក៏​លែង​ទទួល​បាន​ជំនួយ​ថ្មី​ទៀត​ដែរ​ដោយ​យោង​ទៅតាម​លិខិត​រំលឹក​នោះ​។ កាល​ពី​ថ្ងៃ​អង្គារ​ រាល់​ស្ថាប័ន​ជាប់​កិច្ច​សន្យា និង​ដៃ​គូ​នានា​របស់​យូ​អែស​អេ​អាយ​ឌី (USAID) ​បាន​ទទួល​លិខិត​រំលឹក​​គ្រប់​ៗ​គ្នា​ដើម្បី​បញ្ជាក់​ថា​ពួក​គេ​ត្រូវ​បញ្ឈប់​ការ​ងារ​របស់​​ខ្លួន​ជា​បន្ទាន់​។​

ប្រធាន​ទទួល​​បន្ទុក​ខាង​វិស័យ​សុខា​ភិបាល​របស់​ USAID យល់​ថា​នេះ​ជា​បញ្ហា​ដ៏​ធំ​​​សម្រាប់​ពិភព​លោក​។ សព្វ​ថ្ងៃ​នេះ មនុស្ស​​ម្ភៃ​លាន​នាក់​កំពុង​ប្រើ​ប្រាស់​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ដែល​ផ្ដល់​​​ជំនួយ​ថវិកា​របស់​អាមេរិក​។ ក្រៅ​ពី​នេះ អង្គ​ការ​ដែល​ត្រូវ​រ៉ាប់​រង​ចិញ្ចឹម​កុមារ​កំព្រា​​​ និង​កុមារ​​​មាន​មេរោគ​អេដស៍​​សរុប​៦,៥​លាន​នាក់​នៅ​ក្នុង​ប្រទេស​ចំនួន​​២៣​នឹង​រង​​ផល​ប៉ះ​ពាល់​។​

ប្រធាន​កម្ម​វិធី​ស្បៀង​អាហារ​ពិភព​លោក​ (WFP) ប្រចាំ​ប្រទេស​អាហ្វា​ហ្កានីស្ថាន​ត្អូញ​ត្អែរ​ថាជំនួយ​របស់​អាមេរិក​៤,៧​ពាន់​លាន​ដុល្លារ​ដែល​ខ្លួន​ទទួល​បាន​កាល​ពី​ឆ្នាំ​២០២៤​ ខ្លួន​អាច​​​ផ្គត់​ផ្គង់​ត្រឹម​តែ​៥០%​​នៃ​តម្រូវ​ការ​ជាក់​ស្ដែង។ ដូច្នេះ​បើ​កាត់​ផ្ដាច់​ជំនួយ​ថែម​ទៀត​​មាន​ន័យ​ថា​អ្នក​ដែល​ត្រូវ​ការ​ជំនួយ​រឹត​តែ​យំ​លែង​ចេញ​តែ​ម្ដង​។ មនុស្ស​ជាង​៦​លាន​នាក់​​គ្មាន​អ្វី​​បរិភោគទេ​​ក្រៅ​ពី​នំ​ប៉័ង និង​ទឹក​តែ​។​​

​សម្រាប់​​កម្ម​វិធី​កម្ចាត់​មីន​ និង​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ទូទាំង​ពិភព​លោក​​ អាមេរិក​ផ្ដល់​ជំនួយ​សរុប​៣១០​លាន​ដុល្លារ​​កាល​ពី​ឆ្នាំ​២០២៣​។ ក្រុម​ប្រទេស​ដែល​ទទួ​លបាន​ជំនួយ​នេះ​ក៏​មាន​មីយ៉ាន់​ម៉ា (ឬភូមា), ស៊ីរី, អ៊ុយ​ក្រែន​ និង​អាហ្វ​ហ្កា​នីស្ថាន​ផង​ដែរ​​ដែល​រង​គ្រោះ​ខ្លាំង​ជាង​គេ​ពី​បញ្ហា​គ្រាប់​មីន​។ ​​ក្រសួង​ការ​បរទេស​អាមេរិក​​​បញ្ជាក់​​​ថា​នៅ​ក្នុង​សក​រាជ​របស់​ត្រាំ លោក​គិត​ជា​សំខាន់​ទៅ​លើ​ផល​ប្រយោជន៍​​ជាតិ​របស់​អាមេរិក​ជា​រឿង​សំខាន់​ទី​១​។​ ដូច្នេះ ខ្លួន​មិន​អាច​ជួយ​អ្វី​ឱ្យ​លើស​ពី​នេះ​បាន​ឡើយ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ