ប្រទេសថៃ ៖ ប្រទេសថៃ លែងជាប្រទេសមានភ្ញៀវទេសចរចិនច្រើនជាងគេទៀតហើយ ខណៈជប៉ុនបានជាប់ចំណាត់ថ្នាក់កំពូល កាលពីឆ្នាំមុន។ ដោយហេតុនេះហើយ អាជ្ញាធរទេសចរណ៍ថៃ (TAT) កំពុងរៀបចំកែសម្រួលគោលដៅសម្រាប់ភ្ញៀវទេសចរអាស៊ី នៅឆ្នាំនេះ ក៏ដូចជាស្វែងរកទីផ្សារសក្តានុពល ដើម្បីទាក់ទាញការមកដល់របស់ភ្ញៀវចិនដែលធ្លាក់ចុះ។ នេះបើតាមប្រភពពីកាសែតបាងកកប៉ុស្តិ៍បានចេញផ្សាយ។
យោងតាមអង្គការទេសចរណ៍ជាតិជប៉ុនបានឱ្យដឹងថា ចំនួនភ្ញៀវទេសចរចិនទៅកាន់ប្រទេសជប៉ុនបានកើនឡើងដល់៦.៩៨លាននាក់ កាលពីឆ្នាំមុន កើនឡើង ១៨៨%។ ចំណែកក្រសួងទេសចរណ៍ និងកីឡារបស់ថៃបានបង្ហាញរបាយការណ៍ថា ភ្ញៀវចិនចំនួន ៦.៧៣លាននាក់បានមកកាន់ប្រទេសថៃ កាលពីឆ្នាំមុន។
អ្នកទេសចរចិនមួយចំនួនមានការព្រួយបារម្ភ ចំពោះក្រុមជួញដូរមនុស្សដោយប្រើប្រាស់ប្រទេសថៃជាមជ្ឈមណ្ឌលឆ្លងកាត់។ ទេសាភិបាលរងអាជ្ញាធរទេសចរណ៍ថៃទទួលបន្ទុកទីផ្សារអន្តរជាតិនៅអាស៊ី និងប៉ាស៊ីហ្វិកខាងត្បូង បានគូសបញ្ជាក់ច្បាស់ថា បណ្តាញក្រុមបោកប្រាស់ការងារក្នុងតំបន់កំណត់គោលដៅតែលើអ្នកស្វែងរកការងារប៉ុណ្ណោះ មិនមែនអ្នកទេសចរឡើយ ដោយនៅក្នុងន័យនេះ អាជ្ញាធរទេសចរណ៍ថៃធានាឱ្យអ្នកទេសចរបន្តរៀបចំផែនការធ្វើដំណើររបស់ពួកគេ។
អាជ្ញាធរទេសចរណ៍ថៃ បានចេញសេចក្តីថ្លែងការណ៍មួយនៅការិយាល័យចំនួន ៥ របស់ខ្លួនក្នុងប្រទេសចិន កាលពីពេលថ្មីៗនេះ ដោយបានប្រាប់ដៃគូទេសចរណ៍ថា ប្រទេសថៃមានវិធានការការពារភ្ញៀវទេសចរ និងលើកទឹកចិត្តពួកគេឱ្យបន្តធ្វើការជាមួយដៃគូអាជីវកម្មដូចធម្មតា។ ទេសាភិបាលរងអាជ្ញាធរទេសចរណ៍ថៃបន្តថា នៅខែមេសាខាងមុខនេះ អាជ្ញាធរគ្រោងនឹងចាប់ផ្តើមយុទ្ធនាការ «មហាសង្ក្រាន្ត មហាសិទ្ធិសេរីភាព» ដោយចាប់ដៃគូជាមួយបណ្តាសណ្ឋាគារ ក្រុមហ៊ុនអាកាសចរណ៍ ហាងទំនិញ និងសួនកម្សាន្ត ដើម្បីផ្តល់ជូននូវការផ្សព្វផ្សាយសម្រាប់គ្រប់ទីផ្សារនៅជុំវិញពិភពលោក។
ការមកដល់របស់ភ្ញៀវទេសចរចិនអាចប៉ះពាល់ដល់តួលេខយ៉ាងហោចណាស់ ១០% អំឡុងពេលចូលឆ្នាំចិនក្នុងសប្តាហ៍ចុងក្រោយ នៃខែមករា។ ទោះយ៉ាង សម្រាប់ទីផ្សារអាស៊ីឦសាន កូរ៉េខាងត្បូង និងជប៉ុន អាចទូទាត់សងសម្រាប់ការខ្វះខាតរបស់ចិន នៅឆ្នាំនេះ ដោយសារការមកដល់ពីប្រទេសទាំងពីរ ត្រូវបានព្យាករណ៍ថានឹងកើនឡើងធៀបនឹងឆ្នាំមុន។ នៅក្នុងឆ្នាំ ២០២៤ ភ្ញៀវទេសចរកូរ៉េខាងត្បូង ១.៨លាននាក់បានមកដល់ប្រទេសថៃ ដែលជំរុញឱ្យទីភ្នាក់ងារកំណត់គោលដៅ ២លាននាក់ពីទីផ្សារនៅឆ្នាំនេះ។
ទីផ្សារកូរ៉េខាងត្បូងមានសក្តានុពលក្នុងការចែកចាយប្រាក់ចំណូលទៅកាន់តំបន់ជាច្រើនទៀត ដោយមានការហោះហើរត្រង់ទៅកាន់ខេត្តឈៀងម៉ៃ និងភូកេត។ ទន្ទឹមនឹងនេះដែរ ទីផ្សារជប៉ុនបានបង្ហាញពីដំណើរការរឹងមាំជាមួយនឹងការមកដល់ចំនួន ១.០៥លាននាក់ ដែលលើសពីគោលដៅ ៨០-៩០ម៉ឺននាក់។ អាជ្ញាធរទេសចរណ៍ថៃ គ្រោងនឹងពិភាក្សាជាមួយការិយាល័យចំនួន ៣ របស់ខ្លួន នៅក្នុងប្រទេសជប៉ុន ដើម្បីកំណត់គោលដៅថ្មីសម្រាប់ឆ្នាំនេះ។
ទោះបីជាមានតម្រូវការចិនចុះខ្សោយយ៉ាងណាក៏ដោយ ក៏អាជ្ញាធរទេសចរណ៍ថៃ នៅតែលើកកម្ពស់ទីផ្សារមួយនេះ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងការទូតរវាងប្រទេសថៃ និងចិននៅឆ្នាំនេះ ដោយចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយជាមួយភ្នាក់ងារទេសចរណ៍តាមអ៊ីនធឺណិត ដើម្បីទាក់ទាញភ្ញៀវចិន៕ ប្រភព ៖ Bangkok Post
ចែករំលែកព័តមាននេះ