ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ ៖ គ្មានពលរដ្ឋខ្មែរណាចង់នាំកូនចៅរបស់ខ្លួនភ្ល.ក្សរសជាតិសង្គ្រាម និងរបបប្រល័យពូជសាសន៍ទៀតឡើយ

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​បញ្ចេញ​ទស្សនៈ​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ទាំង​អ្នក​ធ្លាប់​ហែល​ឆ្លងកាត់​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍ ទាំង​យុវជន​កើត​ក្រោយ​សម័យ​សង្គ្រាម…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​បញ្ចេញ​ទស្សនៈ​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ទាំង​អ្នក​ធ្លាប់​ហែល​ឆ្លងកាត់​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍ ទាំង​យុវជន​កើត​ក្រោយ​សម័យ​សង្គ្រាម សុទ្ធតែ​បានដឹង​ពី​អតីតកាល​ដ៏​មហា​សែន​វេទនា​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន​របស់​កម្ពុជា ។

ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​សុទ្ធតែ​បានដឹង​ច្បាស់​ថា គឺ​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​ឥស្សរជន​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ទាញ​ប្រទេស​ចេញពី​ឋាននរក​លោកិយ​នេះ ។ ប្រជាពលរដ្ឋ​ខ្មែរ​សុទ្ធតែ​បានដឹង​ច្បាស់​ថា នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ជាង​៥០០​ឆ្នាំ​ចុង​ក្រោយ​មិន​ដែល​មាន​ទេ ដែល​ប្រទេស​កម្ពុជា​បាន​ស្គាល់​សុខ​សន្តិភាព​ពេញលេញ និង​អាច​ថែរក្សា​សុខ​សន្តិភាព​បាន​រយៈពេល​យូរ​ដូច​សម័យកាល​បច្ចុប្បន្ន ហើយ​សន្តិភាព និង​ការ​បង្រួបបង្រួម​ជាតិ​ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ ដែល​សម្រេច​បាន​លទ្ធផល​ទាំងស្រុង កាលពី​ថ្ងៃ​ទី​២៩ ធ្នូ ឆ្នាំ​១៩៩៨ គឺជា​ស្នាដៃ​គ្មាន​ពីរ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ។

ខ្មែរ​គ្រប់​រូប​សុទ្ធតែ​បានដឹង​ច្បាស់​ថា អ្នក​ឈរ​ជា​របង​ការពារ​សុខ​សន្តិភាព​នេះ​ឱ្យ​បាន​គង់វង្ស គឺ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន រួម​ទាំង​ថ្នាក់ដឹកនាំ​ដទៃ​ទៀត​ដោយ​មានការ​ចូលរួម​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្មែរ ។

សុខ​សន្តិភាព​រយៈពេល​២៦​ឆ្នាំ​កន្លង​ទៅ​នេះ គឺជា​គ្រឹះ​នៃ​ការ​អភិវឌ្ឍ​ប្រទេស​ឱ្យ​បាន​រីក​ចម្រើន​មិន​ធ្លាប់​មាន​ពី​អតីតកាល ហើយ​ដែល​ខ្មែរ​គ្រប់​គ្នា​បាន និង​កំពុង​ទទួលផល​ពី​សុខ​សន្តិភាព​ជា​រៀងរាល់ថ្ងៃ ។

នរណា​ក៏​ដោយ ឱ្យ​តែ​មាន​ឈាមជ័រ​ជា​ខ្មែរ​សុទ្ធតែ​ជា​សាក្សី​នៃ​ការ​ផ្លាស់​ប្តូរ​ដ៏​ស៊ីជម្រៅ​មួយ​នៅ​កម្ពុជា​ទាំង​នយោបាយ សង្គម សេដ្ឋកិច្ច ទាំង​របៀប​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មិន​ធ្លាប់​មាន​ពី​មុន ។ ប៉ុន្តែ នៅ​មាន​សភាវ​ដ៏​អាក្រក់​មួយ​ដឹកនាំ​ដោយ​ទណ្ឌិត សម រ​ង្ស៊ី ដែល​ដើរតួ​ជា​អ្នក​គំរាមកំហែង​សុខ​សន្តិភាព និង​ចង់អូ​សទាញ​ប្រទេស​ទៅ​រក​អតីតកាល​វិញ តាម​រយៈ​ចលនា​បដិវត្តន៍​ពណ៌​ដ៏​គ្រោះថ្នាក់ ។

កាលពីមុន ពួក​គេ​ប្រើ​មនោគមន៍វិជ្ជា​បដិវត្តន៍​ពណ៌​ដោយ​មិន​ចេញ​មុខ ហើយ​តែង​ចោទប្រកាន់​ចំណាត់ការ​ប្រឆាំង​បដិវត្តន៍​ពណ៌​ថា ជា​ការ​លាប​ពណ៌ ។ ប៉ុន្តែ ពេល​នេះ​ពួក​គេ​បាន​ចេញ​មុខជា​ចំហ​ដោយ​មាន​ទាំង​ប្រព័ន្ធ​ឃោសនា​ជ្រុលនិយម​មួយ​ចំនួន​ជួយ​បន្ទរ​ផង ។ នេះ​សបញ្ជាក់​ថា ចំណាត់ការ​នានា​របស់​រាជរដ្ឋាភិបាល​ទៅ​លើ​ក្រុម​ចលនា​បដិវត្តន៍​ពណ៌​នេះ​ពិតជា​ត្រឹមត្រូវ ។

ចលនា​បដិវត្តន៍​ពណ៌ គឺជា​ចលនា​ប្រឆាំង​នឹង​ច្បាប់​រដ្ឋ​ប្រឆាំង​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ប្រឆាំង​សន្តិភាព និង​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ ។ បទ​ពិសោធ​របស់​ពិភពលោក​បង្ហាញ​ច្បាស់​ថា គ្មាន​ចលនា​បដិវត្តន៍​ពណ៌​ណាមួយ​អាច​នាំ​ប្រទេស​ទៅ​រក​ស្ថាន​ភាពល្អ​ប្រសើរ​ជាង​មុន​ឡើយ ក្រៅពី​ការ​រុញច្រាន​ប្រទេស​ទៅ​រក​ភ្លើងសង្គ្រាម​ដ៏​វិនាស​ហិនហោច​រក​ទីបំផុត​គ្មាន ។

ដូច្នេះ មាន​ហេតុផល​គ្រប់គ្រាន់​ដែល​ប្រជាពលរដ្ឋ​ខ្មែរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវ​រួមដៃគ្នា​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ប្រឆាំង​ដាច់ខាត​ចំពោះ​ចលនា​ឧទ្ទាម​ក្រៅច្បាប់​ដ៏​លេលា​នេះ ដើម្បី​ការពារ​សុខ​សន្តិភាព​ឱ្យ​បាន​ទោះជា​ក្នុង​តម្លៃ​ណា​ក៏​ដោយ​ពីព្រោះ​គ្មាន​ពលរដ្ឋ​ខ្មែរ​ណា​ចង់​នាំ​កូនចៅ​របស់​ខ្លួន​ភ្លក់​រសជាតិ​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍​ទៀត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ