មនុស្សម្នាក់ៗកើតមកតែងមានក្តីស្រមៃ ខ្លះមានក្តីស្រមៃធំ ខ្លះទៅមានក្តីស្រមៃតូច អាស្រ័យទៅលើការគិតរបស់បុគ្គលម្នាក់ៗពោលការដែលអាចសម្រេចអ្វីមួយបាន លុះត្រាតែបុគ្គលនោះមានការព្យាយាម អនុវត្តហើយអនុវត្តទៀតដូចពាក្យចាស់ពោលថា « ចេះអ្វីមួយអោយពិតប្រាកដ នោះប្រាក់នឹងរត់តាមហៅ» ។
ជាការពិតថ្មីៗនេះ ក្មេងប្រុសម្នាក់មានអាយុទើបតែ៩ឆ្នាំ ដោយប្អូនអាចចាប់ចុងខ្មៅដៃគូរគំនូរតាំងពីអាយុ៤ឆ្នាំ ហើយបច្ចុប្បន្នកំពុងសម្រេចក្តីស្រមៃជាបណ្តើរក្រោយឪពុកជាអ្នកបង្ហាត់បង្ហាញបន្ថែមនៅសាលាជាពេលវេលារបស់គ្រូ នៅផ្ទះជាគំរូរបស់ឪពុកម្តាយ ។
បើងាកមកទឹកដៃគំនូររបស់ប្អូនដែលបានឈ្នះកាលពីកន្លងទៅ ឃើញថាមានច្រើន បើទោះបីជាប្អូនមិនទាន់ក្លាយជាអ្នកអាជីពផ្នែកគំនូរនេះក៏ដោយ តែប្អូនតែងតែបង្ហាញស្នាដៃគំនូរទៅកាន់ឪពុកម្តាយទៀតសោតនាពេលថ្មីៗកន្លងទៅ ប្អូនគូរគំនូរមួយផ្ទាំងរូបគ្រួសារដែលទទួលបានចំណាត់លេខល្អផងដែរ ។
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព លោក វ៉ាន់ ឆវន្ត័ ដែលជាឪពុកកុមារា វង្សរិទ្ធី ដែលមានអាយុទើប៩ឆ្នាំ នឹងមានក្តីស្រមៃដូចជា ឪពុកជាជាងគំនូរលោកថា តែងលើកទឹកចិត្តកូនក្នុង ជំនាញសិល្បៈគំនូរ ខណៈពេលកូនប្រុសអាចនឹងមានសមត្ថភាពដូចជាលោកនោះ ។
លោក វ៉ាន់ ឆវន្ត័ ថា កូនលោកកន្លងទៅតែចូលរួមប្រកួតគំនូរ ដូចជាកាលពីអំឡុងឆ្នាំ២០២២ កូនមិនទទួលបានជោគជ័យទេ តែដោយសារការខិតខំប្រឹងបូករួមជាមួយទេពកោសល្យ ក្តីស្រមៃ និងគំនិតស្រមើលស្រមៃ កូនលោកអាចមានសមត្ថភាពគូរគំនូរបានច្រើន និងឈានដល់ឈ្នះគំនូរទៀតផងនោះ ។
លោក វ៉ាន់ ឆវន្ត័ ថាកាលពីកន្លងទៅកូនលោកធ្លាប់ប្រកួតនៅកម្មវិធី ជំនោរអាត ទាក់ទងនឹងសិល្បៈគំនូរសម្រាប់កុមារ និងថ្មីៗនេះកូនលោកបានចូលរួមប្រកួតក្នុងកម្មវិធី White Canvas ដែលបានគូររូបគ្រួសារមួយផ្ទាំងទៀតសោតគំនូរនេះបង្ហាញពីគ្រួសារមួយដែលមានម្តាយមានឪពុកកូនៗពោរពេញដោយភាពកក់ក្តៅ តាមរយៈគំនូរមួយនេះនឹងប្រកាសលទ្ធផលនាពេលខាងមុខនេះ ខណៈកាលពីកន្លងទៅកូនលោកទទួលបានចំណាត់ថ្នាក់ល្អដែរនោះ ។
កុមារា ឆវន្ត័ វង្សរិទ្ធី រៀនថ្នាក់ទី៤ ជាក្មេងប្រុសដែលចូលចិត្តគូគំនូរ ពេលទំនេរពីការសិក្សាប្អូនតែងគូរអ្វីប្លែកៗដែលកើតចេញពីគំនិតច្នៃប្រឌិតរបស់ប្អូនដែលឪពុកប្អូនតែងបំផុសគំនិត និងបណ្តុះបណ្តាលប្អូនតាំងពីអាយុ៤ឆ្នាំមកម្ល៉េះ ៕ ដោយ៖លីហួ គីមឆាយ
ចែករំលែកព័តមាននេះ