ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំថាឡើយរាស្ត្រសាមញ្ញ! នាយករដ្ឋមន្ត្រីថៃថ្មីៗនេះ ស្ទើររងគ្រោះដោយក្រុមឆបោ.កតាមទូរស័ព្ទ

6 ម៉ោង មុន

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែតុងថាម ស៊ីណាវ៉ាត់ត្រា (Paetongtarn Shinawatra) ស្ទើរតែក្លាយជាជនរងគ្រោះ ដោយសារការឆបោកតាមទូរស័ព្ទ…

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែតុងថាម ស៊ីណាវ៉ាត់ត្រា (Paetongtarn Shinawatra) ស្ទើរតែក្លាយជាជនរងគ្រោះ ដោយសារការឆបោកតាមទូរស័ព្ទ ដែលបានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ក្លែងបន្លំសំឡេងថ្នាក់ដឹកនាំកំពូលពិភពលោក។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយ។

នាយករដ្ឋមន្ត្រីថៃ ដែលជាកូនស្រីពៅរបស់មហាសេដ្ឋីទូរគមនាគមន៍ និងជាអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានអះអាងកាលពីថ្ងៃទី១៥ ខែមករា ថា អ្នកស្រីបានទទួលសារសំឡេងមួយ ដែលស្តាប់ទៅដូចគ្នានឹងមេដឹកនាំដ៏ល្បីម្នាក់ ប៉ុន្តែអ្នកស្រីសុំមិនបញ្ចេញឈ្មោះ។ ដោយអ្នកស្រីថ្លែងដូច្នេះថា «នៅក្នុងសារសំឡេងនោះ មេដឹកនាំដ៏ល្បីមួយរូបនេះ បាននិយាយថា គាត់ទន្ទឹងរង់ចាំជួបខ្ញុំ ហើយធ្វើការជាមួយគ្នា»។

អ្នកស្រីបានខកខានការហៅទូរស័ព្ទពីលេខដូចគ្នាត្រឡប់ទៅវិញ នៅយប់នោះ មុនពេលទទួលបានសារសំឡេងទីពីរនៅថ្ងៃបន្ទាប់ ដែលធ្វើឱ្យអ្នកស្រីមានការសង្ស័យជាខ្លាំង។ អ្នកស្រីថា «សារសំឡេងនោះបាននិយាយថា ប្រទេសថៃជាប្រទេសអាស៊ានតែមួយគត់ ដែលមិនទាន់បានបរិច្ចាគប្រាក់ ដោយផ្ញើទៅកាន់គណនីធនាគារនៅក្រៅប្រទេសថៃ នៅពេលដែលខ្ញុំបានឮដូច្នេះ ខ្ញុំគិតថា «នេះជាសារឆបោក»។ ទោះយ៉ាងណា នាយករដ្ឋមន្ត្រីក្មេងបំផុតក្នុងប្រវត្តិសាស្ត្រថៃ វ័យ៣៨ឆ្នាំរូបនេះ មិនបានប្រាប់ពីកាលបរិច្ឆេទអ្នកស្រីនាងទទួលបានសារសំឡេងនោះទេ។

គួរបញ្ជាក់ថា សកម្មភាពនេះ ស្ទើរតែក្លាយជារឿងធម្មតាទៅហើយ និងកើតមានច្រើននៅក្នុងប្រទេសថៃ ដោយក្រុមឆបោកបតែងតែក្លែងបន្លំខ្លួនជាប៉ូលិស មន្ត្រីរដ្ឋាភិបាល ឬបុគ្គលិកធនាគារ ហើយជារឿយៗប្រើប្រាស់ការហៅទូរស័ព្ទជាមួយបច្ចេកវិទ្យា AI ដោយស្វ័យប្រវត្តិ ដើម្បីធ្វើការទំនាក់ទំនងដំបូង។

អ្នកស្រី ផែតុងថាម ស៊ីណាវ៉ាត់ត្រា កាលពីសប្តាហ៍មុន បានប្រកាសទ្រព្យសម្បត្តិសរុបរបស់អ្នកស្រីមានជាង៤០០លានដុល្លារអាមេរិក បង្ហាញដល់គណៈកម្មការប្រឆាំងអំពើពុករលួយថៃ កត្តានេះហើយ ទើបទាក់ទាញក្រុមឆបោក ដែលធ្វើឱ្យអ្នកស្រីស្ទើរតែក្លាយជាជនរងគ្រោះ។ ចំណែកឪពុកអ្នកស្រី ដែលធ្លាប់ជាម្ចាស់ក្លិបបាល់ទាត់ Manchester City នៅលីគកំពូលអង់គ្លេស ត្រូវបានរាយការណ៍ពីទស្សនាវដ្តីពាណិជ្ជកម្ម Forbes ថាមានទ្រព្យសម្បត្តិសរុបចំនួន ២.១ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យលោកក្លាយជាបុគ្គលមានបំផុតទី១០ នៅក្នុងប្រទេសថៃ៕ ដកស្រង់ ៖ AFP

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ