ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ករណី​សង្គ្រាម​អ៊ុយ​ក្រែ​ន​-​រុ​ស្ស៊ី មាន​តែ​មេដឹកនាំ​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ ទើប​អាច​សម្រេច​ចិត្តបាន​ថា តើ​គួរ​ចរចា ឬ​មិន​ចរចា មិនមែន​ប្រមុខ​ណា​តូ ឬ​ប្រទេស​ផ្សេង​ឡើយ

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​គូសបញ្ជាក់​ថា សង្គ្រាម​នៅ​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន មាន​តែ​មេដឹកនាំ​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ ទើប​អាច​សម្រេច​ចិត្តបាន​ថា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​គូសបញ្ជាក់​ថា សង្គ្រាម​នៅ​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន មាន​តែ​មេដឹកនាំ​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ ទើប​អាច​សម្រេច​ចិត្តបាន​ថា តើ​គួរ​ចរចា ឬ​មិន​ចរចា មិនមែន​ប្រមុខ​ណា​តូ ឬ​ប្រទេស​ផ្សេង​ឡើយ ។

សម្តេច​តេ​ជោ បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម នៅ​យប់​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៥​នេះ​ថា ក្រោយ​លោក​ត្រាំ ឈ្នះ​ឆ្នោត និង​មុន​ពេល​លោក​ត្រាំ ចូល​កាន់​សេត​វិមាន ថ្ងៃ​២០ មក​រា ២០២៥ ខាង​មុខ​នេះ មានការ​លើក​ឡើង នូវ​យោបល់​ជា​ច្រើន ទាក់ទង​ជាមួយ​ជាមួយ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ដែល​លោក​ត្រាំ គាំទ្រ​ឲ្យ​មាន​ចរចា​សន្តិភាព ។

សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា ៖ ថ្មី​ៗ​នេះ ប្រមុខ​ណា​តូ បាន​និយាយ​ថា (​អ៊ុយ​ក្រែ​ន មិន​ទាន់​រឹង​មាំ​គ្រប់គ្រាន់ ដើម្បី​ចរចា​សន្តិភាព​ជាមួយ​រុ​ស្ស៊ី​ទេ​)​។ ចំណុច​នេះ ខ្ញុំ​ប្រាកដ ជា​យល់​ច្បាស់​ថា ប្រមុខ NATO ចង់​សំដៅលើ​សភាព​កា​រលើ​សមរភូមិ​យោធា ដែល​អ៊ុយ​ក្រែ​ន កំពុង​ចាញ់​ប្រៀប ។

សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ថា ៖ តើ​ត្រូវ​រង់ចាំ​ឲ្យ​អ៊ុយ​ក្រែ​ន មាន​ប្រៀប​លើ​សមរភូមិ​យោធា​សិន​ចាំ​ចរចា ឬ​ត្រូវ​ចាប់ផ្តើម​ចរចា​ក្នុង​ស្ថានភាព​វាយ​ផង ចរចា​ផង ?

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា ៖ “​សម្រាប់​ខ្ញុំ ប្រ​សិន​រង់ចាំ​យក​ប្រៀប​លើ​សមរភូមិ​ទើប​ចរចា ត្រូវ​រង់ចាំ​រាប់​សិប​ឆ្នាំ​ទៀត ដែល​ជា​ការ​អូស​បន្លាយ​ការ​ស្លាប់ និង​ការ​ឈឺចាប់​របស់​ប្រជាជន​តែ​ប៉ុណ្ណោះ​។ គ្មាន​ពេល​ដែល​អ៊ុយ​ក្រែ​ន យក​ប្រៀប​លើ​សមរភូមិ​យោធា បាន​ទេ កុំ​ថា​ឡើយ​អ៊ុយ​ក្រែ​ន នៅ​ម្នាក់ឯង ទោះ​អ៊ុយ​ក្រែ​ន​ចូល​ជា​សមាជិក NATO ឬ​ជា​សមាជិក EU ថែម​ទៀត ក៏​សភាព​ការ​វា​នៅ​តែ​ប៉ុណ្ណឹង​” ។

សម្តេច​តេ​ជោ ដែល​ជា​ស្ថាបនិក​សន្តិភាព​របស់​កម្ពុជា បាន​បន្ថែម​ថា ការ​ជាក់ស្តែង រយៈពេល​កន្លង​មកនេះ កម្លាំង NATO និង EU ក៏​ដូច​ជា​អា​មេ​រិ​ក បាន​ចូលរួម​ប្រយុទ្ធ​រួច​ទៅ​ហើយ តាម​រយៈ​ការ​ផ្តល់​អាវុធ​គ្រប់​ប្រភេទ ហិរញ្ញវត្ថុ និង​ភស្តុ​ភារ ក៏​ដូច​ជា​នយោបាយ និង​ការទូត ដើម្បី​ប្រយុទ្ធ​ជាមួយ​រុ​ស្ស៊ី តែ​សភាព​ការ​កាន់តែ​អាក្រក់ មិន​គ្រាន់តែ​នៅ​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​នៅ​អឺរ៉ុប​ខ្លួនឯង និង​ពិភពលោក ដោយសារ​អាវុធ​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​រុ​ស្ស៊ី​។ នយោបាយ​ទណ្ឌកម្ម​នេះ ប្រៀប​ដូច​ជា (​ច្របាច់ក​រុ​ស្ស៊ី លៀន​អណ្តាត​អឺរ៉ុប​ខ្លួនឯង​) ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ថា បទ​ពិសោធន៍ ដែល​កម្ពុជា​បាន​ឆ្លងកាត់ គឺ​ចរចា​កាន់តែ​ឆាប់ កាន់តែ​ល្អ ទោះ​ចរចា​ផង​វាយ​ផង ក៏​គ្រាន់បើ​ជាង​ការ​វាយ​គ្នា​តែ​មួយ​មុខ​។ មិត្តភក្តិ​បរទេស គួរ​លើកទឹកចិត្ត​ឲ្យ​ចរចា ជា​ជាង​រារាំង​ការ​ចរចា និង​លើកទឹកចិត្ត​ឲ្យ​ប្រយុទ្ធ​គ្នា​គ្មាន​ទី​បញ្ចប់ ។

សម្តេច បន្ថែម​ថា ៖ “​បទ​ពិសោធន៍​របស់​កម្ពុជា គឺ​ការ​រក​សន្តិភាព និង​រក្សា​សន្តិភាព គឺ​ស្ថិត​លើ​កម្ពុជា​ខ្លួនឯង ព្រោះ​បរទេស​មិន​អាច​មក​សម្រេច​ជំនួស​ខ្លួន​បាន​ឡើយ​។ ខ្ញុំ​គិត​ថា ករណី​អ៊ុយ​ក្រែ​ន ក៏​ដូច​គ្នា គឺ​មាន​តែ​មេដឹកនាំ​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ ទើប​អាច​សម្រេច​ចិត្តបាន​ថា តើ​គួរ​ចរចា ឬ​មិន​ចរចា មិនមែន​ប្រមុខ​ណា​តូ ឬ​ប្រទេស​ផ្សេង​ឡើយ​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ