ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​បញ្ចេញ​នាវា​ច្រើន​គ្រឿង​ចាំ​ទប់​ទល់​ជា​មួយ​ចិន​នៅ​មហាសមុ​ទ្រ

6 ម៉ោង មុន

ទី​ក្រុង​ញូដេលី៖ ថ្ងៃ​នេះ ​ឥណ្ឌា​បញ្ចេញ​នាវា​​​ជា​ច្រើន​គ្រឿង​ព្រម​ៗ​គ្នា​ដែល​មាន​​​​នាវា​មុជ​ទឹក​ នាវា​ពិឃាត​ និង​នាវា​ចម្បាំង​​ដើម្បី​ចេញ​ប្រតិ​បត្តិ​ការ​នៅ​មហា​សមុទ្រ​ឥណ្ឌា​ ​និង​ដើម្បី​​ត្រៀម​ទប់​ទល់​នឹង​បញ្ហា​ប្រឈម​ដែល​អាច​នឹង​កើត​មាន​នា​ពេល​អនា​គត​។ មហា​សមុទ្រ​ឥណ្ឌា​ជា​ច្រក​ផ្លូវ​ដ៏​សំខាន់​ជា​អាយុ​ជីវិត​របស់​ឥណ្ឌា​។ ក្នុង​នោះ ទំនិញ​​ឥណ្ឌា​៩៥%​ត្រូវ​ដឹក​ជញ្ជូន​កាត់​ទី​​នេះ​។ ​​ទន្ទឹម​នឹង​នោះ…

ទី​ក្រុង​ញូដេលី៖ ថ្ងៃ​នេះ ​ឥណ្ឌា​បញ្ចេញ​នាវា​​​ជា​ច្រើន​គ្រឿង​ព្រម​ៗ​គ្នា​ដែល​មាន​​​​នាវា​មុជ​ទឹក​ នាវា​ពិឃាត​ និង​នាវា​ចម្បាំង​​ដើម្បី​ចេញ​ប្រតិ​បត្តិ​ការ​នៅ​មហា​សមុទ្រ​ឥណ្ឌា​ ​និង​ដើម្បី​​ត្រៀម​ទប់​ទល់​នឹង​បញ្ហា​ប្រឈម​ដែល​អាច​នឹង​កើត​មាន​នា​ពេល​អនា​គត​។ មហា​សមុទ្រ​ឥណ្ឌា​ជា​ច្រក​ផ្លូវ​ដ៏​សំខាន់​ជា​អាយុ​ជីវិត​របស់​ឥណ្ឌា​។ ក្នុង​នោះ ទំនិញ​​ឥណ្ឌា​៩៥%​ត្រូវ​ដឹក​ជញ្ជូន​កាត់​ទី​​នេះ​។ ​​ទន្ទឹម​នឹង​នោះ ប្រទេស​ចិន​​កំពុង​រុក​រាន​ទន្ទាន​ទី​ចូល​មហា​សមុទ្រ​​ដែល​ធ្លាប់​ជា​កន្លែង​វ៉ាង​ទី​របស់​ឥណ្ឌា​​​ជា​យូរ​មក​ហើយ​។

លោក​រាហ៊ុល បេឌី (Rahul Bedi)​ជា​អ្នក​វិភាគ​ស្ថាន​ការណ៍​សឹក​។ លោក​កត់​សម្គាល់​ថា​​ឥណ្ឌា​បញ្ចេញ​នាវា​​មុជ​ទឹកស៊េរី​ទំនើប​ដែល​គូស​វាស​ប្លង់​ដោយ​​ប្រទេស​បារាំង​ដោយ​ប្រើ​ប្រេង​លាយ​អគ្គិស​នី​​​នោះ​ដើម្បី​ជំនួស​នាវា​ចាស់​ៗ​ដែល​ហួស​សម័យ​។ នេះ​ជា​ផ្នែក​១​នៃ​យុទ្ធ​សាស្ត្រ​បង្រួម​គំលាត​​កុំ​ឱ្យ​ដាច់​ឆ្ងាយ​គ្នា​​ពេក​រវាង​​កម្លាំង​ជើង​ទឹក​​ចិន និង​​​ឥណ្ឌា​។ មាន​ន័យ​ថា​ចិន​​ខ្លាំង​ជាង​ឥណ្ឌា​។ កង​ទ័ព​ជើង​ទឹក​ចិន​សព្វ​ថ្ងៃ​នេះ​ឈរ​លំដាប់​ទី​២​បន្ទាប់​ពី​អាមេរិក​។ ពោល​គឺ​បាន​វ៉ាដាច់​ទាំង​ប្រទេស​រុស្ស៊ី​ទៅ​ទៀត​​។​

​​នាវា​មុជ​ទឹក​​ប៉េ​៧៥​ ស្ករ​ប៉ែន (P75 Scorpène) ដែល​ឥណ្ឌា​បញ្ចេញ​ប្រើ​នៅ​ថ្ងៃ​នេះ​ជា​ការ​បង្ហាញ​​ថា​​ឥណ្ឌា​​​អាច​​​សាង​សង់​នាវា​ចម្បាំង​​ក្រោម​កិច្ច​សហ​ការ​ជា​មួយ​​​បារាំង​។ នៅ​ពេល​​ចិន​មាន​ទ័ព​​ជើង​ទឹកខ្លាំង​​ដល់​កម្រិត​​នេះ ឥណ្ឌា​មិន​អាច​នៅ​ស្ងៀម​បាន​ឡើយ​។ ឥណ្ឌា​ត្រូវ​តែ​​​ធ្វើ​ទំនើប​កម្ម​​នាវា​ចរណ៍​របស់​ខ្លួន​​។ ឆ្នាំ​២០២២​ឥណ្ឌា​បញ្ចេញ​នាវា​ដឹក​យន្ត​ហោះ​​ផលិត​ដោយ​ខ្លួន​ឯង​ជា​លើក​ដំបូង​​​។ នេះ​​ចំណាប់​ផ្ដើម​នៃ​​ការ​ពង្រីកលទ្ធ​ភាព​​​សាង​សង់​នាវា​ និង​ពង្រឹង​កម្លាំង​ទ័ព​ជើង​ទឹក​នៅ​មហា​សមុទ្រ​ឥណ្ឌា​។​

នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា លោក​ម៉ូឌី នៅ​ពេល​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​នាវា​នោះ​ លោក​ថ្លែង​ថា​​នេះ​ជា​ផ្នែក១​នៃ​​ក្ដី​​ស្រមៃ​របស់​ឥណ្ឌា​ដើម្បី​​ក្លាយ​ជា​មហា​អំណាច​​ខាង​ផលិត​សម្ភារៈ​យោធា និង​​ការ​ពារ​សន្តិ​សុខ​លំហ​សមុទ្រ​។ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ឥណ្ឌា​​រំលេច​ឱ្យ​ឃើញ​ចំណុច​សំខាន់​ជា​យុទ្ធ​សាស្ត្រ​នៃ​តំបន់​នេះ​។ លោក​យល់​ថា​កាល​ពី​មុន​ មហា​សមុទ្រ​អាត្លង់​ទិច​ជា​ចំណុច​ភូមិ​សាស្ត្រ​សំខាន់​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​មហា​សមុទ្រ​ឥណ្ឌា​បាន​ចូល​មក​ជំនួស​តំណែង​នេះ​វិញ​ម្ដង​។ ទី​នេះ​ជា​កន្លែង​ប្រជែង​គ្នា​រវាង​មហា​អំណាច​ពិភព​លោក​។

លោក​ថ្លែង​​ថា​ឥណ្ឌា​ចង់​ផ្ដោត​សំខាន់​ទៅ​លើ​​​​ការ​ប្រែ​ក្លាយ​កម្លាំង​ទ័ព​ជើង​ទឹក​របស់​ខ្លួន​ទៅ​ជា​មហា​អំណាច​ដ៏​ធំ​​១​​ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​ជាតិ​របស់​ខ្លួន​។ ​បច្ចុប្បន្ន​ ក្រសួង​ការ​ពារ​ជាតិ​ឥណ្ឌា​កំពុង​ចរ​ចា​គ្នា​ជា​មួយ​បារាំង​ដើម្បី​គូស​វាស​ប្លង់ និង​សាង​សង់​នាវាមុជ​ទឹក​ទំនើប​ចំនួន​បី​គ្រឿង​បន្ថែម​​ទៀតដែល​នឹង​​​ផលិត​​ដោយ​ស្នា​ដៃ​ជន​ជាតិ​ឥណ្ឌា​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​​ផ្ទាល់​តែ​ម្ដង​។ គេ​រំពឹង​ថា​ភាគី​ទាំង​២​នឹង​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​នៅ​ក្នុង​​​ដំណើរ​​ទស្សន​កិច្ច​របស់​លោក​ម៉ូឌី​ទៅ​ទី​ក្រុង​ប៉ារីស​នា​ខែ​កុម្ភៈ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ