ទីក្រុងយេរូសាឡឹម៖ នៅទីបំផុត ក្ដីស្រមៃដែលថាភ្នក់ភ្លើងសង្គ្រាមនៅតំបន់ហ្កាហ្សានឹងរលត់ទៅវិញជិតក្លាយជាការពិតហើយនៅពេលអ៊ីស្រាអែល និងក្រុមហាម៉ាស់យល់ព្រមទទួលយកលក្ខខណ្ឌនៃបទឈប់បាញ់។ ថ្វីដ្បិតភាគីទាំង២មិនទាន់ឈានដល់កិច្ចព្រមព្រៀងជាផ្លូវការ ប៉ុន្តែគេដឹងថាភាគីទាំង២កំពុងចរចាគ្នាដំណាក់កាលចុងក្រោយ ហើយនឹងឈានដល់ការសម្រេចយកជាបានការ (finalize) នៅក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។
ចំណុចសំខាន់១ដែលគេមើលឃើញនៅក្នុងឯកសារព្រាងនោះមាននិយាយអំពីការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ និងការដោះលែងអ្នកទោសប៉ាឡេស្ទីនដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារអ៊ីស្រាអែល។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីមន្ត្រីរដ្ឋាភិបាលដែលស្នើសុំមិនបញ្ចេញឈ្មោះ។ ក្រុមអ្នកសម្របសម្រួលរបស់អាមេរិក និងកាតាបញ្ជាក់ថាអ៊ីស្រាអែល និងក្រុមហាម៉ាស់ជិតឈានដល់កិច្ចព្រមព្រៀងពិតមែន។
អ៊ីស្រាអែលថ្លែងថាការចរចាគ្នាជិតបានសម្រេចហើយ។ ចំណែករដ្ឋមន្ត្រីការបរទេសអាមេរិក លោកប្លីងខឹន សង្ឃឹមថានឹងមានបទឈប់បាញ់ឆាប់ៗនេះ។ ដូច្នេះ លោករង់ចាំមើលជំហររបស់ក្រុមហាម៉ាស់។ អាមេរិក អេហ្ស៊ីប និងកាតាបានចំណាយពេលមួយឆ្នាំហើយដើម្បីខិតខំរំលត់ភ្លើងសង្គ្រាម និងដោះលែងចំណាប់ខ្មាំងដែលគេជឿជាក់ថានៅសល់១រយនាក់ទៀត។
គេជឿជាក់ថាចំណាប់ខ្មាំងប្រហែល១/៣បានស្លាប់ហើយ។ យោងតាមឯកសារព្រាងនៃបទឈប់បាញ់នេះ អ៊ីស្រាអែលយល់ព្រមបញ្ឈប់ការវាយប្រហារតំបន់ហ្កាហ្សា និងជួយសម្រួលការដឹកជញ្ជូនស្បៀងអាហារដើម្បីផ្គត់ផ្គង់ជនភៀសខ្លួនប៉ាឡេស្ទីនជាង២លាននាក់។ ប៉ុន្តែកិច្ចព្រមព្រៀងនេះមិនអាចចូលជាធរមានភ្លាមៗទេព្រោះត្រូវរង់ចាំការអនុម័តយល់ព្រមពីក្រុមប្រឹក្សាសន្តិសុខអ៊ីស្រាអែល និងគណៈរដ្ឋមន្ត្រីរបស់អ៊ីស្រាអែលក្រោមការដឹកនាំរបស់លោកណឺតាន់យ៉ាហ៊ូ។
កាលពីមុននេះ មន្ត្រីរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងជម្លោះនេះធ្លាប់មានសុទិដ្ឋិនិយមថានឹងមានកិច្ចព្រមព្រៀង។ ប៉ុន្តែវាគ្រាន់តែជាការសង្ឃឹមចោលតែប៉ុណ្ណោះខណៈដែលភាគីជម្លោះទាំង២អ៊ីស្រាអែល និងហាម៉ាស់បន្តវាយប្រហារគ្នា និងដាក់ការស្ដីបន្ទោសគ្នាទៅវិញទៅមកដើម្បីនិយាយយកត្រូវរៀងខ្លួន។
នៅក្នុងដំណាក់កាលចុងក្រោយដែលលោកបៃដិននៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងចាកចេញពីសេតវិមាន ភាគីទាំង២ក៏ចាប់ផ្ដើមចរចាគ្នាយ៉ាងដុតដៃដុតជើងតែម្ដង។ ពួកគេចង់ធ្វើយ៉ាងណាឱ្យមានកិច្ចព្រមព្រៀងមុនការឡើងកាន់អំណាចរបស់លោកត្រាំនៅថ្ងៃទី២០ ខែមករា។ លោកត្រាំធ្លាប់ព្រមានថាបើគ្មានការដោះលែងចំណាប់ខ្មាំងមុនពេលស្បថចូលកាន់តំណែងទេនឹងមានរឿងធំជាមួយគ្នាជាមិនខានឡើយ។
ប្រភពខ្លះបង្ហើបឱ្យដឹងថាកិច្ចព្រមព្រៀងនេះត្រូវអនុវត្តជាបីដំណាក់កាល ១-ហាម៉ាស់យល់ព្រមដោះលែងចំណាប់ខ្មាំង៣៣នាក់ ចំណែកអ៊ីស្រាអែលយល់ព្រមដោះលែងអ្នកទោសប៉ាឡេស្ទីន៥០នាក់ពីពន្ធនាគារ, ២-ហាម៉ាស់ដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ ចំណែកអ៊ីស្រាអែលយល់ព្រមដោះលែងអ្នកទោសប៉ាឡេស្ទីនបន្ថែមទៀតពីពន្ធនាគារ, ៣-ភាគីទាំងពីរប្រមូលសាកសពចំណាប់ខ្មាំង និងសាកសពសាកសពក្រុមហាម៉ាស់ដើម្បីដូរគ្នាទៅវិញទៅមក។ នៅទីបញ្ចប់ភាគីទាំងពីរកសាងតំបន់ហ្កាហ្សាឡើងវិញដែលខ្ទេចខ្ទីដោយសារសង្គ្រាម និងបើកច្រកព្រំដែនតំបន់នេះជាកិច្ចបង្ហើយ៕
ចែករំលែកព័តមាននេះ