ប្រទេសជប៉ុន ៖ ទីភ្នាក់ងារឧតុនិយមប្រទេសជប៉ុនបានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦.៩រ៉ិចទ័រ បានវាយប្រហារនៅខេត្តមីយ៉ាស្សាគី (Miyazaki) ភាគខាងត្បូងប្រទេសជប៉ុន ម៉ោង៩:១៩នាទីយប់ កាលពីល្ងាចថ្ងៃចន្ទ ម៉ោងក្នុងស្រុក បង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិ សម្រាប់ខេត្តមីយ៉ាស្សាគី និងខេត្តកូឈី (Kochi)។ នេះបើយោងតាមប្រភពពីសារព័ត៌មាន NHK និង Kyodo របស់ជប៉ុនបានចេញផ្សាយ។
ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញសេចក្តីណែនាំអំពីរលកយក្សស៊ូណាមិ សម្រាប់ខេត្តមីយ៉ាស្សាគី និងកូឈី ដោយបានទៅដល់តំបន់នានារួចហើយ។ នៅក្នុងខេត្តមីយ៉ាស្សាគី រលកយក្សស៊ូណាមិកម្រិតកម្ពស់២០សង់ទីម៉ែត្រត្រូវបានប្រទះឃើញ ខណៈពេលដែលខេត្តកូឈី ក៏បានរាយការណ៍ពីរលកយក្សស៊ូណាមិកម្រិតកម្ពស់១០សង់ទីម៉ែត្រ។ មន្ត្រីជំនាញកំពុងតែជំរុញឱ្យប្រជាជននៅឆ្ងាយពីតំបន់ឆ្នេរ។
ទីភ្នាក់ងារដដែលខាងលើនេះបានបន្តថា ក្រុមអ្នកជំនាញមួយកំពុងស៊ើបអង្កេតអំពីទំនាក់ទំនងដែលអាចកើតមានរវាងការរញ្ជួយដ៏ខ្លាំង ដែលត្រូវបានរពឹងថានឹងវាយប្រហារតំបន់ Nankai Trough ក្នុងសមុទ្រភាគកណ្តាលឆ្លងកាត់ភាគនិរតីនៃប្រទេសជប៉ុន។ ការប៉ាន់ប្រមាណចុងក្រោយបំផុតរបស់រដ្ឋាភិបាលជប៉ុនបានឱ្យដឹងថាក្នុងសេណារីយ៉ូដ៏អាក្រក់បំផុត ការរញ្ជួយដីនៅតំបន់ Nankai Trough អាចឆក់យកជីវិតមនុស្សជាង ២៣ម៉ឺននាក់ ហើយអគារប្រហែល ២លានខ្នងនឹងត្រូវ
បំផ្លាញ។
គួរបញ្ជាក់ថា ភាគច្រើននៃប្រទេសជប៉ុនមានទីតាំងនៅលើរង្វង់ភ្លើងប៉ាស៊ីហ្វិក ដែលជាតំបន់នៃការរញ្ជួយដី និងសកម្មភាពភ្នំភ្លើងខ្លាំង ដែលបង្កឱ្យប្រទេសនេះងាយរងគ្រោះនឹងការរញ្ជួយដីជាញឹកញាប់។ កាលពីរដូវក្តៅមុន ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញសេចក្តីជូនដំណឹងអំពីការរញ្ជួយដីកម្រិតមេហ្គាហឺត បន្ទាប់ពីមានការរញ្ជួយនៅផ្នែកខ្លះនៃភាគខាងលិចប្រទេស ដែលមានប្រភពចេញពីសមុទ្រ Hyuga-nada ហើយក៏ជាកន្លែងដែលមានការរញ្ជួយដីកាលពីថ្ងៃចន្ទម្សិលមិញនេះ។
កាលពីឆ្នាំ ២០១១ ការរញ្ជួយដីដ៏សាហាវបំផុត និងរលកយក្សស៊ូណាមិជាបន្តបន្ទាប់ក្នុងប្រវត្តិសាស្ត្រជប៉ុន បានវាយប្រហារភាគពាយព្យនៃរដ្ឋធានីតូក្យូ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២ម៉ឺននាក់។ ការរញ្ជួយដី Tohoku កម្រិត ៩.១រ៉ិចទ័រនេះ បានវិវឌ្ឍន៍ទៅជារលកយក្សស៊ូណាមិ និងគ្រោះមហន្តរាយនុយក្លេអ៊ែរ បំផ្លាញអគារ និងផ្ទះសម្បែង និងធ្វើឱ្យអ្នករស់រានមានរងរបួសផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ៕ ដកស្រង់ ៖ NHK, Kyodo និង CNN
ចែករំលែកព័តមាននេះ