ប្រទេសថៃ ៖ យោងតាមរដ្ឋបាលទីក្រុងបាងកកបានឱ្យដឹងកាលពីថ្មីៗនេះថា បច្ចេកវិទ្យាគ្រប់គ្រងចរាចរណ៍ក្នុងតំបន់ និងការច្នៃប្រឌិតផ្សេងទៀត បានជួយកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងតំបន់ដ៏មមាញឹករបស់រាជធានីបេះដូងនៃប្រទេសថៃមួយនេះ បន្ទាប់ពីការអនុវត្តរយៈពេលពីរឆ្នាំកន្លងមក។ នេះបើយោងតាមប្រភពពីកាសែតបាងកកប៉ុស្តិ៍បានចេញផ្សាយ។
អ្នកនាំពាក្យរដ្ឋបាលក្រុងបាងកក លោក Aekvarunyoo Amrapala ថ្លែងថា រដ្ឋបាលក្រុងបាងកកបានធ្វើការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដើម្បីណែនាំប្រព័ន្ធគ្រប់គ្រងចរាចរណ៍តំបន់ ឬ ATC ដែលកែតម្រូវពេលវេលាភ្លើងសញ្ញាចរាចរណ៍ដោយផ្អែកទៅលើចំនួនយានយន្តលើផ្លូវ Pradiphat, Phahonyothin, Ratchawithi និង Rama ទី៦ ជាក់ស្តែង។
លោកបានបន្តថា បច្ចេកវិទ្យានេះបានបង្កើនសម្រួកលំហូរចរាចរណ៍ចំនួន ១០% អំឡុងពេលម៉ោងកក់ស្ទះខ្លាំងបំផុត និង ៣០% អំឡុងពេលម៉ោងកកស្ទះធម្មតា ពោលចាប់តាំងពីការអនុវត្ត កាលខែឧសភា ឆ្នាំ២០២៣ ។ លោកបន្ថែមថាជាមួយនឹងមូលដ្ឋានទិន្នន័យបរិមាណចរាចរណ៍ពេលវេលាជាក់ស្តែង និងការអនុវត្តបច្ចេកវិទ្យា ATC អាចបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងចរាចរណ៍ក្នុងតំបន់ដ៏មមាញឹកនៃក្រុងបាងកក។
រដ្ឋបាលក្រុងបាងកក គ្រោងនឹងពង្រីកបច្ចេកវិទ្យាទំនើបនេះ ទៅកាន់ផ្លូវផ្សេងទៀត រួមទាំងផ្លូវ Sukhumvit និង Rama ទី៩ ដោយមានគោលបំណងគ្របដណ្តប់ផ្នែកសំខាន់ៗនៃទីក្រុងបាងកកនៅឆ្នាំ ២០២៦។ លើសពីនេះ ទីក្រុងបាងកកបានដំឡើងកាមេរ៉ាសុវត្ថិភាព (CCTV) បំពាក់ដោយបញ្ញាសិប្បនិមិត្ត AI នៅក្នុងនោះមួយចំនួនផងដែរ ដើម្បីត្រួតពិនិត្យការល្មើសច្បាប់ចរាចរណ៍។
លោក Aekvarunyoo កត់សម្គាល់ថា ការខ្វះវិន័យរបស់អ្នកបើកបរ គឺជាកត្តារួមចំណែកយ៉ាងសំខាន់ដល់ការកកស្ទះចរាចរណ៍។ ជាឧទាហរណ៍ អ្នកបើកបរតែងតែឈប់ដើម្បីទទួល ឬទម្លាក់កូនសិស្ស ឬទិញទំនិញនៅក្នុងតំបន់គ្មានកន្លែងចត ខណៈរថយន្តតាក់ស៊ី រ៉ឺម៉ក និងរថយន្តក្រុងចតតាមដងផ្លូវរង់ចាំអ្នកដំណើរ ឬភ្ញៀវទេសចរ។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋបាលក្រុងបាងកក បានសហការជាមួយប៉ូលិសក្នុងការប្រើបច្ចេកវិទ្យាទំនើបនៃកាមេរ៉ាសុវត្ថិភាព ដើម្បីពង្រឹងបទប្បញ្ញត្តិចរាចរណ៍ក្នុងទីតាំងចតរថយន្តដែលមានការរឹតបន្តឹង។
រដ្ឋបាលក្រុងបាងកក ក៏បានធ្វើការកែលម្អផ្លូវផងដែរ ដូចជាការពង្រីកផ្លូវ ដើម្បីបង្កើនភាពងាយស្រួលទាំងការបើកបរ និងសម្រាប់អ្នកបើកបរ។ នៅឆ្នាំ ២០២៣ សាលាក្រុងបានអនុវត្តឧបករណ៍គ្រប់គ្រងចរាចរណ៍នៅ ៥០ទីតាំងទូទាំងទីក្រុងបាងកក ដោយកាត់បន្ថយការចំណាយពេលវេលាធ្វើដំណើរសរុប ២៥% ។ លោកសង្កត់ធ្ងន់ថា នៅឆ្នាំនេះ រដ្ឋបាលក្រុងបាងកក គ្រោងនឹងពង្រីកឧបករណ៍គ្រប់គ្រងចរាចរណ៍ចំនួន៧០គ្រឿងបន្ថែមទៀត ទៅកាន់តំបន់មានការកកស្ទះផ្សេងទៀត៕ ប្រភព ៖ Bangkok Post
ចែករំលែកព័តមាននេះ