ទីក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី ចេញមុខបដិសេធការលើកឡើងរបស់លោកត្រាំដែលថា «សង្គ្រាមអ៊ុយក្រែនផ្ទុះឡើងដោយសារលោកបៃដិនបោះដៃឱ្យអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូ»។ លោកត្រាំថាសង្គ្រាមអ៊ុយក្រែនផ្ទុះឡើងដោយសារលោកបៃដិន។ ដូច្នេះ លោកបៃដិនជាអ្នកទទួលខុសត្រូវនៅក្នុងរឿងនេះ។ លោកត្រាំថារុស្ស៊ីដោយសារបារម្ភថាអ៊ុយក្រែនអាចនឹងចូលជាសមាជិកអង្គការណាតូ ដូច្នេះ រុស្ស៊ីត្រូវតែវាយប្រហារអ៊ុយក្រែនកាលពីឆ្នាំ២០២២។
ការដែលលោកហ្សេឡិនស្គីច្រានចោលការអះអាងរបស់លោកត្រាំត្រង់ចំណុចនេះជាចំណុចសំខាន់ព្រោះអាចនឹងធ្វើឱ្យប្រែប្រួលចំពោះទំនាក់ទំនងរវាងទីក្រុងកៀវ និងវ៉ាស៊ីនតោននៅក្នុងសករាជរបស់លោកត្រាំ។ ជាពិសេស អាចធ្វើឱ្យលោកត្រាំ និងលោកហ្សេឡិនស្គីមើលមុខគ្នាមិនសូវចំ។ គេសម្លឹងឃើញថាលោកត្រាំនិយាយដូចខាងលើនេះហាក់ដូចជាមានសមានចិត្តចំពោះរុស្ស៊ី ហើយហាក់ដូចជាវិនិច្ឆ័យថាការដែលរុស្ស៊ីវាយប្រហារអ៊ុយក្រែននោះយ៉ាងហោចណាស់ក៏មានហេតុផលដែរ។
នៅក្នុងការថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី៧ ខែមករា លោកត្រាំពន្យល់ថាមូលហេតុអ្វីដែលលោកត្រូវតែទម្លាក់ការទទួលខុសត្រូវទៅលើលោកបៃដិននៅក្នុងបញ្ហាអ៊ុយក្រែន។ លោកថ្លែងថាតាំងពីយូរមកហើយមិនមែនទើបតែនៅជំនាន់លោកពូទីននេះទេដែលប្រទេសរុស្ស៊ីមិនចង់ឃើញណាតូចូលពាក់ព័ន្ធជាមួយអ៊ុយក្រែនជាដាច់ខាត។
រឿងនេះច្បាស់ដូចចារនៅលើសិលាចរិកអីចឹង។ ប៉ុន្តែលោកបៃដិននៅតែជម្នះចិត្តថាណាតូត្រូវតែទទួលយកអ៊ុយក្រែនជាសមាជិក។ ដោយសារមូលហេតុនេះហើយដែលលោកត្រាំហ៊ានអះអាងថារុស្ស៊ីត្រូវតែវាយប្រហារអ៊ុយក្រែនឱ្យស្គាល់ដៃម្ដងព្រោះពួកគេហ៊ានហុចដងដាវឱ្យណាតូកាប់រុស្ស៊ី។ ណាតូកាន់តែវាតទីទៅកៀកនឹងរបងផ្ទះរបស់រុស្ស៊ី។ លោកត្រាំថាលោកអាចកាត់យល់នូវអារម្មណ៍មួយនេះ។
ប្រតិកម្មទៅនឹងការលើកឡើងរបស់លោកត្រាំ លោកហ្សេឡិនស្គីថ្លែងនៅពេលជួបរដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ថាការពិតមិនដូចអ្វីដែលលោកត្រាំនិយាយទេ។ លោកយល់ថាដោយសារអ៊ុយក្រែនមិនទាន់ចូលជាសមាជិកអង្គការណាតូទើបបានជារុស្ស៊ីហ៊ានវាយប្រហារ។ អ៊ុយក្រែនស្ថិតនៅក្នុងស្ថានភាពតែលតោលគ្មានខ្នងបង្អែក និងគ្មានអ្នកការពារសន្តិសុខជាតិឱ្យខ្លួន។
លោកហ្សេឡិនស្គីថ្លែងបន្តទៀតថាអាមេរិក អាល្លឺម៉ង់ ហុងគ្រី និងស្លូវ៉ាគីប្រឆាំងមិនឱ្យណាតូទទួលយកអ៊ុយក្រែនជាសមាជិកទេ។ នេះហើយជាអ្វីដែលលោកជឿជាក់ថាជាមូលហេតុធំបំផុតដែលធ្វើឱ្យផ្ទុះសង្គ្រាមអ៊ុយក្រែន។ ផ្ទុះសង្គ្រាមព្រោះមិនចូលណាតូ។ មិនចូលណាតូធ្វើឱ្យគ្មានខ្នងបង្អែក។ ដូច្នេះ រុស្ស៊ីឃើញចំណុចខ្សោយនេះទើបវាយប្រហារអ៊ុយក្រែនតែម្ដង។
យោងតាមលោកហ្សេឡិនស្គី លោកពូទីនដឹងច្បាស់ណាស់ថានៅពេលរុស្ស៊ីលើកកងទ័ពវាយចូលអ៊ុយក្រែន គ្មាននរណាហ៊ានក្អកទេ។ រុស្ស៊ីមានកងទ័ពខ្លាំងពូកែជាងអ៊ុយក្រែន។ អាវុធក៏ទំនើប និងច្រើនជាងអ៊ុយក្រែន។ ដូច្នេះ រុស្ស៊ីសង្ឃឹមទុកជាមុនថានឹងវាយកម្ទេចអ៊ុយក្រែនឱ្យក្លាយជាផេះ។ ប៉ុន្តែលោកថាអ៊ុយក្រែនមែនមែនអន់ដល់ថ្នាក់ឱ្យរុស្ស៊ីវាយប្រហារស្រួលៗនោះឡើយ។ កងទ័ពអ៊ុយក្រែនមានឆន្ទៈមោះមុតក្នុងការការពារទឹកដី។ ពួកគេកំពុងធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលមិនតិចទេ៕
ចែករំលែកព័តមាននេះ