ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ពិធីបុណ្យ​ធំ​ៗ​ចប់ រាជធានី​ភ្នំពេញ​ នៅ​តែ​រក្សា​បាន​ភាព​ស្អាត បរិស្ថាន​ល្អ គ្មាន​សំរាម​តាម​ផ្លូវ

20 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​កត់សម្គាល់​ឃើញ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ​២០២៤ ក្រោយ​រៀបចំ​ពិធីបុណ្យ​ធំ​ៗ​ចប់…

រាជធានីភ្នំពេញ ​៖ លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​កត់សម្គាល់​ឃើញ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ​២០២៤ ក្រោយ​រៀបចំ​ពិធីបុណ្យ​ធំ​ៗ​ចប់ ឃើញ​ថា ​ទីក្រុង​ស្អាត មាន​បរិស្ថាន​ល្អ លែង​មាន​សំរាម​តាម​ផ្លូវ និង​ទី​សាធារណៈ​ទៀត ការណ៍​នេះ ធ្វើ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ត​ទទួល​បានការ​កោតសរសើរ ពី​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ។

លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ បាន​កត់សម្គាល់​ដូច្នេះ​ ធ្វើ​ឡើង​នៅក្នុង​ឱកាស​អញ្ជើញ​​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៨ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ឆ្នាំ​ទី​១ អាណត្តិ​ទី​៤ នា​ព្រឹក​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៥ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួមពី​លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​ ផង​ដែរ ។

ក្នុង​កិច្ចប្រជុំ​ខាងលើ​នេះ សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា កន្លង​មកនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​កងកម្លាំង​មាន​សមត្ថកិច្ច បាន​យក​អស់កម្លាំង​កាយ​ចិត្ត ក្នុង​កិច្ច​ការពារ​សន្តិសុខ សុវត្ថិភាព និង​បរិស្ថាន ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ​ ចំនួន​៣ បាន​យ៉ាង​ល្អ​ប្រសើរ នោះ​គឺ​ព្រឹត្តិការណ៍ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០២៤, ព្រឹត្តិការណ៍ «​សាទរ​កម្ពុជា​» និង​ព្រឹត្តិការណ៍ អបអរសាទរ​បុណ្យ​ឆ្លង​ឆ្នាំ​សកល ​ឆ្នាំ​២០២៥ ​។

បន្ថែម​ពី​នេះ​សមាជិក​ក្រុមប្រឹក្សា ក៏​បាន​សរសើរ ទៅ​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ​២០២៤ ក្រោយ​ពិធីបុណ្យ​ធំ​ៗ​ចប់ យើង​ឃើញ​ថា ទីក្រុង​ស្អាត​មាន​បរិស្ថាន​ល្អ លែង​មាន​សំរាម​តាម​ផ្លូវ និង​ទី​សាធារណៈ​ទៀត​ហើយ​។ ដោយឡែក​ការ​ដោះស្រាយ​វិវាទ​ដីធ្លី រដ្ឋបាល​រាជធានី ក៏​អនុវត្ត​បាន​ល្អ​។ ចំណែក​ការ​ផ្តល់​សេវា​តាម​ច្រក​ចេញចូល​តែ​មួយ​វិញ ក៏​ល្អ​ប្រសើរ​ផង​ដែរ ដែល​បាន​បង្ហាញ​ពី​ជំនឿ​ទុកចិត្ត ពី​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង ​។

ក្នុង​ឱកាស​នោះ​លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា ការ​កោតសរសើរ​របស់​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លើ​ការងារ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ គឺជា​ការ​លើកទឹកចិត្ត ដូច​ជា​ការ​ផ្ដល់​កម្លាំងចិត្ត ឱ្យ​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បំពេញការងារ​កាន់តែ​ល្អ​បន្ត​ទៀត​។ ជាមួយ​គ្នា​នេះ ថ្នាក់​ជាតិ​នឹង​ទំលាក់​ការងារ​ចំនួន​២​ទៀត មក​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឱ្យ​បំពេញការងារ​ជូន​ប្រជាពលរដ្ឋ ឱ្យ​កាន់តែ​ល្អ​បន្ត​ទៀត នោះ​គឺការ​ផ្តល់​សេវា​សាធារណៈ​តាម​ប្រព័ន្ធ​អន​ឡាញ និង​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ​។

លោក ​កើត ឆែ បាន​គូសបញ្ជាក់​ថា នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ (​អ​.​ជ​.​ក​.) នឹង​ចុះ​MOU ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​ក្រោយ​ចុះ​ MOU​ ជាមួយ​គ្នា​ហើយ រាល់​កំណត់ហេតុ ព្រមព្រៀង បញ្ចប់​វិវាទ ​ដែល​ធ្វើ​ឡើង ដោយ​អាជ្ញាធរ​ជាតិ ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ មាន​អានុភាព អនុវត្ត​ដូច​សាលក្រម​ស្ថាពរ របស់​តុលាការ​ដែរ​ ។

សូម​បញ្ជាក់​ថា ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៨ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក៏​បាន​សម្រេច​តែងតាំង​មន្ត្រីរាជការ ​ចំនួន​០២​រូប ក្នុង​រចនាសម្ព័ន្ធ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ផង​ដែរ​។ ក្នុង​នោះ​រួម​មាន​ ៖ លោក សាំង សុភៈ​វិចិត្រ ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់​លេខ​៤ អតីត​អភិបាលរង​ខណ្ឌ​សែនសុខ ត្រូវ​បាន​តែងតាំង​ឱ្យ​កាន់​មុខ​តំណែង ជា​នាយករង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​លោក ព្រំ បញ្ញា ឋានន្តរស័ក្តិ អនុមន្ត្រី ថ្នាក់​លេខ​៣ ឱ្យ​កាន់​មុខ​តំណែង ជា​នាយករង​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ