ទីក្រុងម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកសឺហ្កេឡាវរ៉ូស (Sergei Lavrov) ថ្លែងថាត្រឹមតែបទឈប់បាញ់រយៈពេល១សប្ដាហ៍ហាក់ដូចជាគ្មានន័យអ្វីទេ។ ប៉ុន្តែបើតាមអ្វីដែលរុស្ស៊ីចង់បានគឺបង្កើតកិច្ចព្រមព្រៀងមួយដែលអាចនាំមកនូវសន្តិភាពយូរអង្វែង ហើយអាចធានាសន្តិសុខជាតិសម្រាប់រុស្ស៊ី និងប្រទេសជិតខាង។ បទឈប់បាញ់មិនអាចជួយអ្វីបានច្រើនទេ។
មិនតែប៉ុណ្ណោះ លោកឡាវរ៉ូសយល់ថាហេងស៊យក្រុមបស្ចិមប្រទេសអាចឆ្លៀតឱកាសនៃបទឈប់បាញ់១រយៈពេលខ្លីនេះដើម្បីបញ្ជូនអាវុធច្រើនៗទៅឱ្យអ៊ុយក្រែន។ លោកថ្លែងថាយើងត្រូវការកិច្ចព្រមព្រៀងជាផ្លូវច្បាប់ និងជាស្ថាពរដែលអាចឆ្លើយតបរាល់លក្ខខណ្ឌទាំងអស់ដែលធានាសន្តិសុខជាតិរុស្ស៊ី និងប្រទេសជិតខាង។ រដ្ឋភិបាលទីក្រុងម៉ូស្គូចង់បានលិខិតបទដ្ឋានគតិយុត្តិដែលធានាថាគ្មានការរំលោភទៅលើកិច្ចព្រមព្រៀងនេះជាដាច់ខាត។
កាលពីខែវិច្ឆិកា លោកពូទីនធ្លាប់ប្រកាសថាលោកត្រៀមជួបគ្នាជាមួយលោកត្រាំដើម្បីបង្កើតបទឈប់បាញ់។ ប៉ុន្តែលោកទាមទារឱ្យអ៊ុយក្រែនទទួលស្គាល់ទឹកដីដែលរុស្ស៊ីកំពុងកាន់កាប់ ហើយអ៊ុយក្រែនមិនត្រូវចូលជាសមាជិកអង្គការណាតូ។ កាលពីសប្ដាហ៍មុន លោកពូទីននិយាយម្ដងទៀតថាលោកត្រៀមសម្របសម្រួលជាមួយលោកត្រាំដើម្បីបិទបញ្ចប់សង្គ្រាមអ៊ុយក្រែនដោយមិនកំណត់លក្ខខណ្ឌទុកជាមុនទេ។
លោកពូទីនថ្លែងថាសង្គ្រាមនេះមានលក្ខណៈស្មុគស្មាញប្រទាក់ក្រឡាគ្នា។ ហេតុនេះ គេមិនអាចព្យាករដឹងថានឹងមានអ្វីកើតឡើងនោះទេ។ ប៉ុន្តែលោកថារុស្ស៊ីបន្តបោះជំហានទៅមុខជានិច្ចដើម្បីដោះស្រាយបញ្ហានៅចំពោះមុខ។ បេសកជនពិសេសរបស់លោកត្រាំ ឧត្ដមសេនីយ៍ចូលនិវត្តខេតខេឡក់ (Keith Kellogg) ត្រៀមធ្វើដំណើរទៅទីក្រុងកៀវ និងបណ្ដាប្រទេសនៅអឺរ៉ុបនៅដើមខែមករាខាងមុខនេះដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន។
កាលពីថ្ងៃអាទិត្យ លោកហ្សេឡិនស្គីនៅតែនិយាយដដែលឡើងវិញថាករណីដែលអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូនៅតែអាចទៅរួច។ គ្រាន់តែថាអ៊ុយក្រែនត្រូវតែបន្តការតស៊ូនៅក្នុងសង្គ្រាមដើម្បីបញ្ចុះបញ្ចូលឱ្យក្រុមសម្ព័ន្ធមិត្តទទួលយកជាសមាជិក។ ប៉ុន្តែរុស្ស៊ីនៅតែប្រឆាំងជំទាស់នឹងផែនការនេះ។ រុស្ស៊ីថ្លែងថាដោយសារអ៊ុយក្រែនចង់ចូលជាសមាជិកអង្គការណាតូនេះហើយដែលនាំឱ្យផ្ទុះសង្គ្រាមអ៊ុយក្រែន៕
ចែករំលែកព័តមាននេះ