ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ក្មេង​ទំនើង​០៦​នាក់ ជិះ​ម៉ូតូ​កាន់​ដាវ និង​កាំបិត​អូស​ថ្នល់​នៅ​ស្រុក​ស្វាយ​ជ្រំ

1 ថ្ងៃ មុន

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​ជ្រំ ចាប់​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​០៦​នាក់ ជិះ​ម៉ូតូ​កាន់​ដាវ និង​កាំបិត​អូស​បណ្តោយ​ថ្នល់ បង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ។ បើ​តាម​លោក​សោម​សុ​ភ័​ណ្ឌ អធិការ​នគរបាល​ស្រុក​ស្វាយ​ជ្រំ…

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​ជ្រំ ចាប់​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​០៦​នាក់ ជិះ​ម៉ូតូ​កាន់​ដាវ និង​កាំបិត​អូស​បណ្តោយ​ថ្នល់ បង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ។

បើ​តាម​លោក​សោម​សុ​ភ័​ណ្ឌ អធិការ​នគរបាល​ស្រុក​ស្វាយ​ជ្រំ បានអោយ​ដឹង​នា​រសៀល​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២៤​នេះ​ថា ជនសង្ស័យ​ជា​ក្មេង​ទំនើង​ដែល​នគរបាល​ស្រុក​ស្វាយ​ជ្រំ ចាប់​ឃាត់ខ្លួន​រួម​មាន ៖
១. ឈ្មោះ ដ​.​រ​.​យ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​ភូមិ​កណ្តាល​ឃុំ​ធ្លក​ស្រុក​ស្វាយ​ជ្រំ​។
២. ឈ្មោះ ម​.​ស​.​រ​.​វ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​កសិករ​នៅ​ភូមិ​ចែងម៉ែង ឃុំ​អង្គ​តា​សូ ស្រុក​ស្វាយ​ជ្រំ​។
៣. ឈ្មោះ ព​.​ម​.​រ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ភូមិ​បឹង​ឃុំ​អង្គ​តា​សូ​ស្រុក​ស្វាយ​ជ្រំ​។
៤. ឈ្មោះ ស​.​ភ​.​រ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ភូមិ​ធ្លក ឃុំ​ធ្លក​ស្រុក​ស្វាយ​ជ្រំ​។
៥. ឈ្មោះ ន​.​ស​.​ហ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​ភូមិ​កណ្តាល​ឃុំ​ធ្លក ស្រុក​ស្វាយ​ជ្រំ​។
និង​ទី​៦. ឈ្មោះ ម​.​ជ​.​វ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​ភូមិ​បឹង​គ្រៀល ឃុំ​អង្គ​តា​សូ ស្រុក​ស្វាយ​ជ្រំ ។

លោក​អធិការ​បន្ត​ថា កាលពី​ថ្ងៃ​ទី​២៥ ខែធ្នូ​ឆ្នាំ​២០២៤ វេលា​ម៉ោង​១​និង​៣០​នាទី រសៀល មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ​រាជ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ក្មេង​ទំនើង​០១ ក្រុម​មាន​គ្នា​ប្រហែល​០៥​នាក់​ទៅ​០៦​នាក់ ជិះ​ម៉ូតូ​ចំនួន​០៣​គ្រឿង បាន​ជិះ​ម៉ូតូ​កាន់​ដាវ និង​កាំបិត​អូស​បណ្តោយ​ថ្នល់​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង បាន​ចម្ងាយ​៥០០​ម៉ែត្រ រួច​ហើយ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់ ។

ពេល​ទទួល​បាន​ព័ត៌មាន​កម្លាំង​ជំនាញ​ស្រុក​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ពោធិ​រាជ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ធ្លក ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អង្គ​តា​សូ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដូន​ស ស្ទាក់​តាម​គោលដៅ​ប្រទាក់ក្រឡា​នីមួយ​ៗ បន្ទាប់​មក​សមត្ថកិច្ច បាន​ធ្វើការ​ស្រាវជ្រាវ កំណត់​មុខសញ្ញា​បាន​ចំនួន​០៦​នាក់ នៅ​ចំណុច​កញ្ចុះ​លក់ដូរ​ដងព្រែក ស្ថិត​នៅ​ភូមិ​ដូន​ស ឃុំ​ដូន​ស ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ក៏​នាំ​ខ្លួន​យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ជ្រំ ដើម្បី​សាកសួរ ។

នៅ​ចំពោះ​មុខ ក្រុម​ក្មេង​ទំនើង​ទាំង​០៦​នាក់ បាន​ឆ្លើយ​សារភាព​ថា នៅ​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​០១​រសៀល បក្សពួក​ខ្លួន​បាន​បបួល​គ្នា​ជិះ​ម៉ូតូ​ចំនួន​០៣​គ្រឿង បាន​ដាក់​ដាវ និង​កាំបិត​កា​កុក ក្នុង​កែបម៉ូតូ ជិះ​ចេញពី​ឃុំ​ធ្លក ស្រុក​ស្វាយ​ជ្រំ ជិះ​ម៉ូតូ​ទៅ​ដើរ​លេង នៅ​ក្នុង​ក្រុង​ស្វាយ​រៀង​រហូត​ដល់​ម៉ោង​១​និង​៥០​នាទី​រសៀល ទើប​បបួល​គ្នា​ជិះ​ម៉ូតូ​ចេញពី​ក្រុង​ស្វាយ​រៀង​វិញ រហូត​មក​ដល់​ចំណុច​លើ​ថ្នល់ ស្ថិត​នៅ​ភូមិ​ទទា សង្កាត់​ចេក ក្រុង​ស្វាយ​រៀង ក៏​កាន់​ដាវ និង​កាំបិត​អូស​តាម​បណ្តោយ​ថ្នល់ បាន​ចម្ងាយ​ប្រហែល​១,៥០០​ម៉ែត្រ ក៏​ឈប់​អូស ក៏​ជិះ​ម៉ូតូ​ទៅ​ដល់​ភូមិ​អញ្ចាញ ឃុំ​ពោធិ​រាជ ស្រុក​ស្វាយ​ជ្រំ ក្រុម​បក្ខពួក​ខ្លួន ក៏​កាន់​ដាវ និង​កាំបិត​អូស​លើ​ថ្នល់​ម្តងទៀត បាន​ចម្ងាយ​ប្រហែល​៥០០​ម៉ែត្រ ទើប​ឈប់​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ចូល​ផ្ទះ ។

បន្ទាប់​មក​ក៏​យក​ដាវ និង​កាំបិត​ដាក់​ក្នុង​កែបម៉ូតូ បបួល​គ្នា​ជិះ​ម៉ូតូ​ដើរ​លេង​ទៅ​កញ្ចុះ​លក់ដូរ​ដង ព្រែក​ស្ថិត​នៅ​ភូមិ​ដូន​ស ឃុំ​ដូន​ស ស្រុក​ស្វាយ​ជ្រំ ពេល​ក្រុម​បក្ខពួក​ខ្លួន​កំពុង​អង្គុយ​លេង ស្រាប់តែ​សមត្ថកិច្ច​មក​ដល់​បាន​ឃាត់​ពួក​ខ្លួន​ទាំង​០៦​នាក់ និង​ដកហូត​វត្ថុ​តាង​កាំបិត និង​ដាវ​នៅ​ក្នុង​កែបម៉ូតូ​របស់​ពួក​ខ្លួន ។

ក្រោយ​ពី​បាន​ស្តាប់​ចម្លើយ​សារភាព​របស់​មុខសញ្ញា​ក្មេង​ទំនើង​រួច​ហើយ លោក​អធិការ​នគរបាល​ស្រុក​ស្វាយ​ជ្រំ បាន​រាយការណ៍​ជូន​លោក​ឧត្តមសេនីយ៍ទោ ស្នងការ និង​បាន​សុំ​យោបល់​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង ឃាត់ខ្លួន​មុខសញ្ញា​ក្មេង​ទំនើង ទាំង​០៦​នាក់ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ជ្រំ ។ រហូត​ដល់​ថ្ងៃ​ទី​២៦​ខែធ្នូ​ឆ្នាំ ២០២៤ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ជ្រំ បាន​បញ្ជូន​ក្រុម​ក្មេង​ទំនើង ទៅ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ