ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាពង្រឹងការអភិរក្ស និងស្តារសត្វក្តាន់ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​កំពុង​ពង្រឹង​ផែនការ​សកម្មភាព​សម្រាប់​ការ​អភិរក្ស និង​ស្តារ​សត្វ​ក្តាន់​ដែល​កំពុង​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​នៅ​លើ​ពិភពលោក ។ ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ប្រភេទ​សត្វ​ក្តាន់​នេះ​ត្រូវ​បាន​ចាត់ទុកជា​ប្រភេទ​កំពុង​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​នៅ​ក្នុង​បញ្ជី​ក្រហម​នៃ​អង្គការ​សហភាព​អន្តរជាតិ​សម្រាប់​ការពារ​ធម្មជាតិ​IUCN ។ ក្រសួងបរិស្ថាន​បាន​លើក​ឡើង​ថា សត្វ​ក្តាន់​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​កំពុង​ពង្រឹង​ផែនការ​សកម្មភាព​សម្រាប់​ការ​អភិរក្ស និង​ស្តារ​សត្វ​ក្តាន់​ដែល​កំពុង​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​នៅ​លើ​ពិភពលោក ។

ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ប្រភេទ​សត្វ​ក្តាន់​នេះ​ត្រូវ​បាន​ចាត់ទុកជា​ប្រភេទ​កំពុង​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​នៅ​ក្នុង​បញ្ជី​ក្រហម​នៃ​អង្គការ​សហភាព​អន្តរជាតិ​សម្រាប់​ការពារ​ធម្មជាតិ​IUCN ។

ក្រសួងបរិស្ថាន​បាន​លើក​ឡើង​ថា សត្វ​ក្តាន់​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ប្រមាណ​១០០​ក្បាល នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រែក​ប្រសព្វ នៃ​ខេត្តក្រចេះ និង​នៅ​តាម​តំបន់ការពារធម្មជាតិ​មួយ​ចំនួន​ទៀត​មាននៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង ។

ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង និង​ស្តារ​ប្រភេទ​សត្វ​ក្តាន់ តំណាង​សហគមន៍​តំបន់ការពារធម្មជាតិ អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ជំនាញ និង​អ្នក​ពាក់ព័ន្ធ​នានា បាន​ជួប​ពិភាក្សា​គ្នា​លើ​សេចក្តី​ព្រាង​ផែនការ​សកម្មភាព​សម្រាប់​ពង្រឹង​ការ​អភិរក្ស និង​ស្តារ​សត្វ​ក្តាន់ ឆ្នាំ​២០២៥-២០៣៥ នៅ​ក្នុង​ប្រទេស​កម្ពុជា​» នា​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ខេត្តសៀមរាប​។

លោក ស្រី ស៊ុន​លាង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​តំបន់ការពារធម្មជាតិ បាន​លើក​ឡើង​ថា ការ​រៀបចំ​ផែនការ​សកម្មភាព​សម្រាប់​ការ​អភិរក្ស និង​ស្តារ​សត្វ​ក្តាន់​នេះ គឺ​ស្រប​ទៅ​នឹង​គោលដៅ​របស់​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​២០២៣-២០២៨ ដែល​ជា​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​វែង​ក្នុង​ការ​ការពារ​ប្រភេទ​សត្វ​កំពុង​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ និង​ជា​សម្បត្តិ​ធម្មជាតិ​ដ៏​មាន​តម្លៃ​របស់​ប្រទេស​កម្ពុជា និង​ពិភពលោក​។

មន្ត្រីជាន់ខ្ពស់​របស់​ក្រសួងបរិស្ថាន បានឱ្យ​ដឹង​ដែរ​ថា ផែនការ​ការ​សកម្មភាព​នេះ​ក៏​ស្រប​ទៅ​នឹង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​ជីវៈចម្រុះ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ប្តេជ្ញា​ចិត្តការ​ការពារ​ធនធាន​ជីវៈចម្រុះ ដូច​ជា ប្រភេទ​សត្វ​ក្តាន់ និង​ទីជម្រក​របស់​វា​មិន​ឱ្យ​បាត់បង់​។ ជា​ពិសេស​ការ​រៀបចំ​នៃ​កម្មវិធី​ស្តារ​ឡើង​វិញ គឺ​ជួយ​ធានា​បាន​នូវ​ការ​រក្សា​សេនេទិច ប្រភេទ​នេះ​បាន​គង់វង្ស​យូរអង្វែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ