ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​អំពាវ​នាវ​ឱ្យ​លោក​ត្រាំ​រួ​ម​កម្លាំង​ជា​មួយ​អឺរ៉ុប​ក្នុង​ការ​ចរ​ចា​គ្នា

19 ម៉ោង មុន

ទី​ក្រុង​ប្រ៊ុច​សែល​៖ ប្រធានា​ធិបតី​អ៊ុយ​ក្រែន​ លោក​ហ្សេឡិន​ស្គី ដែល​កំពុង​ចូ​លរួម​កិច្ច​ប្រជុំ​ជា​មួយ​ថ្នាក់​ដឹក​នាំ​រដ្ឋ​ជា​សមាជិក​សហ​ភាព​អឺរ៉ុប​បាន​អំពាវ​នាវ​យ៉ាង​ទទូច​ទៅ​លោក​ត្រាំ​សូម​លោក​មេត្តា​ប្រកាន់​ជំហរ​គាំទ្រ​ខាង​អ៊ុយ​ក្រែន និង​អឺរ៉ុប​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​​អ៊ុយ​ក្រែន​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​លោក​ត្រាំ​ធ្លាប់​ប្រកាស​ថា​លោក​ពិត​ជា​អន្ទះ​សា​ចង់​បញ្ចប់​សង្គ្រាម​នេះ​យ៉ាង​ខ្លាំង​។ ថ្វី​ដ្បិត​លោក​ត្រាំ​ពុំ​ដែល​ប្រកាស​អំពី​យន្ត​ការ ឬ​វិធី​ដោះ​ស្រាយ​ជម្លោះ​យ៉ាង​ណា​ក្ដី ប៉ុន្តែ​បើ​តាម​ប្រភព​ផ្ទៃ​ក្នុង​បង្ហើប​ឱ្យ​ដឹង​ថា​វិធី​របស់​លោក​គឺ​កាត់​ផ្ដាច់​ជំនួយ​យោធា​ទៅ​ឱ្យ​​​អ៊ុយ​ក្រែន​ដើម្បី​បង្ខំ​ឱ្យ​អ៊ុយ​ក្រែន​ចូល​អង្គុយ​នៅ​តុ​ចរ​ចា​។ ម៉្យាង​ទៀត​…

ទី​ក្រុង​ប្រ៊ុច​សែល​៖ ប្រធានា​ធិបតី​អ៊ុយ​ក្រែន​ លោក​ហ្សេឡិន​ស្គី ដែល​កំពុង​ចូ​លរួម​កិច្ច​ប្រជុំ​ជា​មួយ​ថ្នាក់​ដឹក​នាំ​រដ្ឋ​ជា​សមាជិក​សហ​ភាព​អឺរ៉ុប​បាន​អំពាវ​នាវ​យ៉ាង​ទទូច​ទៅ​លោក​ត្រាំ​សូម​លោក​មេត្តា​ប្រកាន់​ជំហរ​គាំទ្រ​ខាង​អ៊ុយ​ក្រែន និង​អឺរ៉ុប​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​​អ៊ុយ​ក្រែន​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​លោក​ត្រាំ​ធ្លាប់​ប្រកាស​ថា​លោក​ពិត​ជា​អន្ទះ​សា​ចង់​បញ្ចប់​សង្គ្រាម​នេះ​យ៉ាង​ខ្លាំង​។

ថ្វី​ដ្បិត​លោក​ត្រាំ​ពុំ​ដែល​ប្រកាស​អំពី​យន្ត​ការ ឬ​វិធី​ដោះ​ស្រាយ​ជម្លោះ​យ៉ាង​ណា​ក្ដី ប៉ុន្តែ​បើ​តាម​ប្រភព​ផ្ទៃ​ក្នុង​បង្ហើប​ឱ្យ​ដឹង​ថា​វិធី​របស់​លោក​គឺ​កាត់​ផ្ដាច់​ជំនួយ​យោធា​ទៅ​ឱ្យ​​​អ៊ុយ​ក្រែន​ដើម្បី​បង្ខំ​ឱ្យ​អ៊ុយ​ក្រែន​ចូល​អង្គុយ​នៅ​តុ​ចរ​ចា​។ ម៉្យាង​ទៀត​ លោក​អាច​នឹង​បង្ខំ​ឱ្យ​អ៊ុយ​ក្រែន​ទទួ​លស្គាល់​ទឹក​ដី​ដែល​កង​ទ័ព​រុស្ស៊ី​កំពុង​កាន់​កាប់​នោះ​ជា​ទឹក​ដី​របស់​រុស្ស៊ី​ដោយ​ស្រប​ច្បាប់​។

និយាយ​ឱ្យ​ស្រួល​ស្ដាប់​ លោក​ត្រាំ​ចង់​ឱ្យ​អ៊ុយ​ក្រែន​កាត់​ទឹក​ដី​របស់​ខ្លួន​ឱ្យ​រុស្ស៊ី​ជា​ថ្នូរ​នឹង​សន្តិ​ភាព​តាម​ទ្រឹស្ដី​ «អារ​សាច់​ជូន​ខ្លា​ទើប​នៅ​ស្រុក​បាន​»​។ ប្រភព​ខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​លោក​ត្រាំ និង​ទី​ប្រឹក្សា​របស់​គាត់​គ្មាន​សង្ឃឹមថា​អ៊ុយ​ក្រែន​អាច​ដណ្ដើម​យក​ទឹក​ដី​ដែល​បាត់​បង់​ត្រឡប់​មក​វិញ​ទេ​។​ នៅ​ក្នុង​ស្ថាន​ភាព​ដែល​លោ​ក​ហ្សេឡិន​ស្គី​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ធ្វើ​ការ​ជា​មួយ​លោក​​ត្រាំ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ លោក​គ្មាន​អ្វី​ក្រៅ​ពី​អំពាវ​នាវ​ឱ្យ​លោក​ត្រាំ​កាន់ជើង​អ៊ុយ​ក្រែន​នោះទេ​។

លោក​ហ្សេឡិន​ស្គី​ថា​លោក​ពូទីន​នៅ​ពេល​នេះ​កាន់តែ​​មាន​គំនិត​ផ្ដេស​ផ្ដាស​មែន​ទែន​ហើយ​។​ ​យោង​តាម​លោក​ហ្សេឡិនស្គី ភាគី​ទាំង​បី​ អាមេរិក (​ក្រោម​ការ​ដឹក​នាំ​របស់​ត្រាំ), សហ​ភាព​អឺរ៉ុប និង​អ៊ុយ​ក្រែន​ត្រូវ​តែ​រក្សា​ជំហរ​តែ​មួយ​នៅ​ក្នុង​​ការ​​ចរ​ចា​គ្នា​។​​ បើ​​សិន​​​ម្នាក់​និយាយ​ទៅ​លិច ម្នាក់​និយាយ​ទៅ​កើត​ ប្រាកដ​​ជា​ស្ដាប់​គ្នាមិន​បាន​​​ទេ​។ ធ្វើ​ដូច្នេះ ធ្វើ​ឱ្យ​លោក​ពូទីន​ចំណេញ​នយោបាយ​ទៅ​វិញ​។ លោក​ថា​យើ​ងត្រូវ​តែ​មាន​ឯក​ភាព​ផ្ទៃ​ក្នុងជា​មុន​សិន​ទើប​អាចរក​ឃើញ​ដំណោះ​ស្រាយ​​​សន្តិ​ភាព​។

លោក​ហ្សេឡិន​ស្គី​យល់ថា​លុះ​ត្រា​តែ​អាមេរិក និង​អឺរ៉ុប​រួម​កម្លាំង​គ្នា​ទើប​អាច​បញ្ឈប់​សកម្ម​ភាព​របស់​លោក​ពូទីន និង​ជួយ​សង្គ្រោះ​អ៊ុយ​ក្រែន​បាន​។ ផ្ទុយ​ពី​លោ​កត្រាំ​ដែល​កំពុង​សម្រួច​មាត់​កាត់​ផ្ដាច់​ជំនួយ​ដើម្បី​ពន្លឿន​ការ​ចរ​ចា​គ្នា​ឱ្យ​ឆាប់​ចប់​ សហ​ភាព​អឺរ៉ុប​ចង់​ផ្ញើ​សារ​នយោបាយ​ច្បាស់​ៗ​ទៅ​លោក​ត្រាំ​ថា​​ទោះ​បី​លោក​​គិត​អ្វី​ក៏​គិត​ទៅ​ចុះ។ ប៉ុន្តែ​អឺរ៉ុប​នឹង​បន្ត​ជួយ​អ៊ុយ​ក្រែន​ដើម្បី​តស៊ូ​នៅ​ក្នុង​សង្គ្រាម​។ នៅ​ក្នុង​ការ​ចរ​ចា​គ្នា​ អឺរ៉ុប​យល់ថា​មិន​ត្រូវ​ធ្វើ​ឱ្យ​ចាញ់​ប្រៀប​គេ​ដើម្បី​ផ្ដោត​សំខាន់​ទៅ​លើ​​ការ​បញ្ចប់​សង្គ្រាមតែ​​មួយ​មុខ​នោះ​ទេ​។

អឺរ៉ុប​ចង់​មាន​ន័យថា​​នៅ​ក្នុង​ការ​ចរ​ចា​គ្នា​នេះ​មិន​អាច​លោក​ត្រាំអត្ត​នោ​ម័ត​តែ​ពីរ​នាក់​លោក​ពូទីន​នោះ​ទេ​។​ ប៉ុន្តែ​ត្រូវ​តែ​គោរព​មតិ​យោ​បល់​របស់​អ៊ុយ​ក្រែន​ និងគិត​ទៅ​ដល់​បូរណ​ភាព​ទឹក​ដី​របស់​អ៊ុយ​ក្រែន​​ជា​បញ្ហា​សំខាន់​​​។ លោក​អង់​តូនីញ៉ូ កូស្តា​ (Antonio Costa) ដែល​ជា​ប្រធានអង្គ​ប្រជុំ​លើក​នេះ​​ថ្លែង​ថា​សហ​ភាព​អឺរ៉ុប​នឹង​ខិត​ខំ​សម្រេច​ឱ្យ​បាន​នូវ​សន្តិ​ភាព​​ដែល​ប្រកប​ដោយ​​យុត្តិ​ធម៌ និង​​ស្ថិត​ស្ថេរ​ចីរ​កាល​យូរ​អង្វែង​។​

​នៅ​ក្នុង​ន័យ​នេះ បើ​គេ​បក​ស្រាយ​មិន​ច្រឡំ​ទេ​ អឺរ៉ុប​អាច​នឹង​បន្ត​ជួយ​អ៊ុយ​ក្រែន​​នៅ​ក្នុង​​សង្គ្រាមរយៈ​ពេល​វែង​បើ​សិន​លោក​ត្រាំ​​​ឈប់​ផ្ដល់​ជំនួយ​ និង​មិន​ព្រម​សហ​ការ​ជា​មួយ​អឺរ៉ុប​ទេ​។ ចំណុច​សំខាន់​នៅ​ត្រង់​ជំហរ​របស់​ថ្នាក់​ដឹក​នាំអ៊ុយ​ក្រែន និង​ជំហរ​របស់​ប្រជា​ជន​អ៊ុយ​ក្រែន​ទៀត​។ បើ​អ៊ុយ​ក្រែន​ចង់​ងាក​ទៅ​ខាង​អឺរ៉ុប​ ហើយ​ផាត់​លោក​ត្រាំចោល​ ពេល​នោះ ត្រូ​វតែ​បន្ត​សង្គ្រាម​រយៈ​ពេល​៤​ឆ្នាំ​ទៀត​រហូត​ដល់​មាន​ការ​បោះ​ឆ្នោត​នៅ​អាមេរិក​អាណត្តិ​ថ្មី​។ តាម​ពិត​ លោក​ត្រាំឈ្នះ​ឆ្នោត​ក៏​ដោយ​សារ​លោ​កសន្យា​ដោះ​ស្រាយ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន។ សង្គ្រាម​នេះ​​​បង្ក​ការ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​សេដ្ឋ​កិច្ច សង្គម​កិច្ច​ ​និង​មនុស្ស​ធម៌​​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ