ទីក្រុងម៉ូស្គូ៖ លោកពូទីនថ្លែងថាលោកត្រៀមខ្លួនជជែកគ្នាជាមួយលោកត្រាំដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន។ លោកមិនកំណត់លក្ខខណ្ឌទុកជាមុនទេនៅក្នុងការចរចាគ្នាលើកនេះ។ ការថ្លែងដូច្នេះបន្ទាប់ពីលោកត្រាំធ្លាប់ប្រកាសជារឿយៗថាលោកនឹងខិតខំដោះស្រាយបញ្ហាអ៊ុយក្រែនជាបណ្ដើរៗចាប់តាំងពីឈ្នះឆ្នោតភ្លាមៗ។ មានន័យថាមិនចាំបាច់រង់ចាំរហូតដល់ថ្ងៃស្បថចូលកាន់តំណែងនោះទេ។ ទោះជាយ៉ាងណាក្ដី លោកត្រាំពុំដែលប្រកាសអំពីយន្តការ ឬវិធីក្នុងការបញ្ចប់សង្គ្រាមនេះទេ។
លោកពូទីនថ្លែងប្រាប់អ្នកសារព័ត៌មានថាលោកត្រៀមជួបគ្នាដោយផ្ទាល់ជាមួយលោកត្រាំបន្ទាប់ពីអាក់ខានជួបគ្នា និងនិយាយរកគ្នាអស់រយៈពេល៤ឆ្នាំមកហើយ។ ចំពោះសំណួរថាតើលោកត្រៀមធ្វើសម្បទានអ្វីខ្លះសម្រាប់លោកត្រាំ? លោកពូទីនតបថារុស្ស៊ីមិនមែនស្ថិតនៅក្នុងស្ថានភាពចាញ់ប្រៀបភាគីម្ខាងទៀតនោះទេទាំងនៅក្នុងសមរភូមិនយោបាយ យោធា និងការទូត។ លោកថ្លែងថាចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីឆ្នាំ២០២២ រុស្ស៊ីកាន់តែមានឥទ្ធិពលខ្លាំងឡើងៗជាលំដាប់។
នាពេលឆាប់ៗនេះ លោកថ្លែងថាពួកអ៊ុយក្រែនដែលចង់បន្តច្បាំងគ្នាយូរៗទៅពួកគេនឹងរត់ចោលសមរភូមិជាបន្តបន្ទាប់។ ដូច្នេះ នៅទីបញ្ចប់ អ៊ុយក្រែនគ្មានសល់ទាហានសម្រាប់តស៊ូនៅក្នុងសមរភូមិតទៅទៀតទេ។ យើងត្រៀមខ្លួនរួចហើយនៅក្នុងការចរចាគ្នា ហើយយើងសង្ឃឹមថាភាគីម្ខាងទៀតត្រូវតែត្រៀមខ្លួនចរចាគ្នា និងធ្វើសម្បទានឱ្យគ្នាទៅវិញទៅមក។
គេដឹងថាលោកពូទីនត្រៀមខ្លួនពិភាក្សាគ្នាជាមួយលោកត្រាំអំពីការបង្កើតបទឈប់បាញ់។ ប៉ុន្តែលោកនឹងមិនបោះបង់ចោលទឹកដីអ៊ុយក្រែនដែលកងទ័ពរុស្ស៊ីកំពុងកាន់កាប់រួមទាំងតំបន់គ្រីម៉េដែលរុស្ស៊ីដាក់បញ្ចូលជាទឹកដីរបស់រុស្ស៊ីតាំងពីឆ្នាំ២០១៤។ ចំណុចមួយទៀត លោកសូមទាមទារឱ្យអ៊ុយក្រែនបោះបង់ចោលគំនិតចង់ចូលជាសមាជិកអង្គការណាតូ។
លោកពូទីនថ្លែងថាលោកត្រៀមចរចាគ្នាជាមួយនរណាក៏ដោយឱ្យតែជាមេដឹកនាំអ៊ុយក្រែន។ សូម្បីតែលោកលោកហ្សេឡិនស្គីក៏លោកអាចចរចាជាមួយបានដែរ។ ប៉ុន្តែរាល់កិច្ចព្រមព្រៀងណាមួយត្រូវតែចុះហត្ថលេខាទទួលស្គាល់ដោយរដ្ឋាភិបាលស្របច្បាប់របស់អ៊ុយក្រែន។ លោកហ្សេឡិនស្គីសព្វថ្ងៃនេះត្រូវលោកពូទីនមិនទទួលស្គាល់ថាស្របច្បាប់ទេព្រោះលោកហ្សេឡិនស្គីផុតអាណត្តិតាំងពីយូរមកហើយ។ ប៉ុន្តែគាត់ពន្យារពេលការបោះឆ្នោតដោយសម្អាងថាប្រទេសជាតិមានសង្គ្រាម។
ដូច្នេះ បើយោងតាមទ្រឹស្ដីរបស់លោកពូទីន អ៊ុយក្រែនត្រូវតែរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជាថ្មីទើបអាចចាត់ទុកជាបានការ។ ជាថ្មីម្ដងទៀត លោកពូទីនទាមទារឱ្យយកកិច្ចព្រមព្រៀងបឋមដែលអ៊ុយក្រែន និងរុស្ស៊ីបានចុះហត្ថលេខានៅទីក្រុងអ៊ីស្តាន់ប៊ូល (Istanbul) ប្រទេសតួកគីកាលពីប៉ុន្មានឆ្នាំមុន។ លោកថារាល់ការចរចាគ្នាត្រូវផ្អែកទៅលើស្មារតីនៃកិច្ចព្រមព្រៀងនោះជាគោល។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនយល់ថាអ៊ុយក្រែនហាក់ដូចជាចាញ់ប្រៀបរុស្ស៊ីទាំងស្រុងបើផ្អែកទៅលើកិច្ចព្រមព្រៀងនោះ៕
ចែករំលែកព័តមាននេះ