ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ឆេះ​ហាង​តែ​នៅ​វៀតណាម​យ​ប់​មិញ​ផ្ដើម​ចេ​ញ​ពី​ទំនាស់​ពាក្យ​សម្ដី

21 ម៉ោង មុន

ទី​ក្រុង​ហាណូយ៖ នៅ​ទី​បំផុត​ ដឹង​ការ​ពិត​ជា​បណ្ដើរ​ៗ​ហើយ​នៅ​ពី​​​ក្រោយ​ហេតុ​ការណ៍​សោក​នាដ​កម្ម​ឆេះ​ហាង​លក់​តែ​គជ់ និង​កាហ្វេ​នៅ​តាម​ដង​វិថី​ផាំ​វ៉ាន់​ដុង​ នៃ​ទី​ក្រុង​ហាណូយ ប្រទេស​វៀត​ណាម​ កាល​ពី​យប់​ថ្ងៃ​ពុធ ​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​រហូត​ដល់​១១​នាក់​។ បុរស​វ័យ​៥១​ឆ្នាំ​ដែល​ត្រូវ​សមត្ថ​កិច្ច​ចាប់​ឃុំ​ខ្លួន​ដើម្បី​សួរ​ចម្លើយ​នោះ​​បាន​ប្រាប់​ដំណើរ​ហេតុ​​ដែល​នាំ​ឱ្យ​គាត់​ផ្ទុះ​កំហឹង​មួយ​ឆាវ​ ហើយ​ក៏​ដុត​ហាង​របស់​អ្នក​ដទៃ​ចោល​តែ​ម្ដង​។​…

ទី​ក្រុង​ហាណូយ៖ នៅ​ទី​បំផុត​ ដឹង​ការ​ពិត​ជា​បណ្ដើរ​ៗ​ហើយ​នៅ​ពី​​​ក្រោយ​ហេតុ​ការណ៍​សោក​នាដ​កម្ម​ឆេះ​ហាង​លក់​តែ​គជ់ និង​កាហ្វេ​នៅ​តាម​ដង​វិថី​ផាំ​វ៉ាន់​ដុង​ នៃ​ទី​ក្រុង​ហាណូយ ប្រទេស​វៀត​ណាម​ កាល​ពី​យប់​ថ្ងៃ​ពុធ ​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​រហូត​ដល់​១១​នាក់​។ បុរស​វ័យ​៥១​ឆ្នាំ​ដែល​ត្រូវ​សមត្ថ​កិច្ច​ចាប់​ឃុំ​ខ្លួន​ដើម្បី​សួរ​ចម្លើយ​នោះ​​បាន​ប្រាប់​ដំណើរ​ហេតុ​​ដែល​នាំ​ឱ្យ​គាត់​ផ្ទុះ​កំហឹង​មួយ​ឆាវ​ ហើយ​ក៏​ដុត​ហាង​របស់​អ្នក​ដទៃ​ចោល​តែ​ម្ដង​។​

គេ​ឃើញ​បុរស​ជា​ជន​សង្ស័យ​ទិញ​សាំង​៧​លីត្រ​យក​មក​ដុត​ហាង​លក់​តែ​គជ់​នេះ​​ដោយ​សារ​តែ​កំហឹង​ និង​ជម្លោះ​ជា​មួយ​ភ្ញៀវ​ដែល​អង្គុយ​ផឹក​ស៊ី​នៅ​ក្នុង​ហាង​នោះ​។ បុរស​ឈ្មោះ​កៅ​វ៉ាន់​ហុង​​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​ព្រឹប​ៗ​តែ​ម្ដង​កាល​ពី​ពេល​រំលង​អធ្រាត្រ​​ដើម្បី​ស៊ើ់ប​អង្កេត​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​មនុស្ស​ឃាត​។ កាល​ពី​វេលា​ម៉ោង​៩​យប់​ បុរស​ឈ្មោះ​​ហុង​បាន​ចូល​ទៅ​ញ៉ាំ​អី​នៅ​​ក្នុង​ហាង​ខាង​លើ​។

នៅ​ទី​នេះ ក្រៅ​ពី​អង្គុយ​ញ៉ាំ​ភេសជ្ជៈ​ផ្សេង​ៗ​ ភ្ញៀវ​​អាច​ច្រៀង​កម្សាន្ត​ជា​លក្ខណៈ​មិត្ត​ភក្តិ ឬ​គ្រួសារ​។ គេ​ឃើញ​បុរស​នេះ​​ដើរ​ចូល​ហាង​នោះ​តែ​ម្នាក់​ឯង​គត់​។ គាត់​កុម្ម៉ង់​ស្រា​បៀរ​យក​មក​ផឹក​ ហើយ​ចាប់​ផ្ដើម​ក្លា​សម្ដី​ដាក់​អ្នក​ដទៃ​ បង្ក​ជា​ការ​ទាស់​ពាក្យ​សម្ដី​គ្នា​ជា​មួយ​ភ្ញៀវ​របស់​ក្រុម​ម្ខាង​ទៀត​ដែល​មាន​គ្នា​ច្រើន​​​រហូត​ដល់​៧​នាក់​។ នេះ​បើ​យោង​តាម​អ្វី​ដែល​គាត់​ប្រាប់​សមត្ថ​កិច្ច​​។

ក្រោយ​មក​ ភាគី​ទាំង​២​ក៏​បាននាំ​គ្នា​ចេញ​​ទៅ​ខាង​ក្រៅ​ហាង​​ដើម្បី​​សម្រុះ​សម្រួល​គ្នា​នៅ​លើ​ដង​វិថី​ផាំ​វ៉ាន់​ដុង​។ ប៉ុន្តែ​បុរស​ឈ្មោះ​ហុង​ត្រូវ​គេ​វាយ​ឡើង​ទ្រម​ខ្លួន​ ម៉្លោះ​ហើយ​ គាត់​មិន​សុខ​ចិត្ត​ទេ​។ គាត់​ក៏​ទៅ​ទិញ​​​ប៊ីដុង​ និង​ទិញ​សាំង​ដាក់​ពេញ​ប៊ីដុង​។ នៅ​ពេល​នោះ គាត់​បាន​ចាក​ចេញ​ពីហាង​ខាង​លើ​នេះ​មួយ​សា​ហើយ​ ហើយ​ក៏​ជិះ​តាក់​ស៊ី​ត្រឡប់​ទៅ​ហាង​នេះ​ម្ដង​ទៀត​។

នៅ​ម៉ោង​១១​យប់​ គាត់​ចុះ​ពី​លើ​ឡាន​ចម្ងាយ​ប្រហែល​៣០​ម៉ែត្រ​ពី​ហាង​។ រួច​ហើយ​គាត់​ក៏​ចាប់​ផ្ដើម​មួល​គម្រប​ប៊ីដុង​ដើម្បី​ជះ​សាំង​ទៅ​​លើ​​ម៉ូតូ​ជា​ច្រើន​គ្រឿង​ដែល​ចត​នៅ​ខាង​មុខ​ហាង​។ រួច​គាត់​កេះ​ដែក​កេះ​អុច​​សាំង​ឱ្យ​ឆាប​ឆេះ​តែ​ម្ដង​។ អាជ្ញា​ធរ​ប្រាប់​ថា​អគ្គិ​ភ័យ​នេះ​​​ឆេះលឿន​​យ៉ាង​ឆាប់​រហ័ស​​។ នៅ​ពេល​ភ្លើង​ចាប់​ផ្ដើម​ឆេះ​ថ្មី​ៗមាន​មនុស្ស​ស្ថិត​នៅ​ក្នុង​ហាង​នោះ​រាប់​សិប​នាក់​។

ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​មិន​អាច​ជម្លៀស​ខ្លួន​ចេញ​ទាន់​ពេល​វេលា​បាន​ឡើយ​​ដោយ​សារ​ភ្លើង និង​ផ្សែង​ហុយ​ផ្អោង​ពាស​ពេញ​ហាង​នោះ​តាំង​ពី​ខាង​ក្រៅ​រហូត​ដល់​​ខាង​ក្នុង​។ ច្រក​ចេញ​ចូល​ និង​ជណ្ដើរ​ឡើង​ចុះ​ហាង​ត្រូវ​បិទ​ខ្ទប់​ជិត​ឈឹង​ដោយ​ផ្សែង និង​ភ្លើង​។ ហេតុ​នេះ គ្មាន​នរណា​ម្នាក់​អាច​ចេញ​រួច​ទេ​។ ពួក​គេ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ជ្រួល​ច្រាល​យ៉ាង​ខ្លាំង​។ នៅ​ក្នុង​ស្ថាន​ភាព​ប្រថុច​ញ៉ុច​បែប​នេះ អ្នក​ខ្លះ​រត់​ទៅ​សម្ងំ​លាក់​ខ្លួន​នៅ​ក្នុង​បង្គន់​​ដោយ​​​ស្មាន​ថា​រួច​ខ្លួន​។ អ្នក​ខ្លះ​ទៀត​​ដើរ​​ឡើង​ទៅជាន់​ខាង​លើ​។

​រហូត​ដល់​ម៉ោង​១១:៤០​យប់​ទើប​​​ភ្លើង​​​រលត់​ទៅ​វិញ​បន្ទាប់​ពី​អាជ្ញា​ធរ​បញ្ជូន​ភ្នាក់​ងារ​ពន្លត់​អគ្គិ​ភ័យ និង​ឡាន​ទឹក​ជា​ច្រើន​គ្រឿង​។ នៅ​ទី​បញ្ចប់​បន្សល់​ទុក​​សាក​សព​ជន​រង​គ្រោះ​១១​នាក់​។ សាក​សព​៥​នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ផ្ដុំ​គ្នា​នៅ​ក្នុង​បន្ទប់​ទឹក​។ មនុស្ស​៧​នាក់​ត្រូវ​គេ​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា​។ ប៉ុន្តែ​នៅ​ក្នុង​ចំណោម​នោះ ៤​នាក់​រង​របួស​ធ្ងន់​ត្រូវ​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ