ទីក្រុងសេអ៊ូល៖ មេធាវីការពារក្ដីឱ្យលោកយូនស៊ុកយូល ប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវសភាបោះឆ្នោតព្យួរតំណែងកាលពីល្ងាចថ្ងៃសៅរ៍ ថ្លែងថាលោកកំពុងត្រៀមខ្លួនរួចហើយដើម្បីឡើងការពារខ្លួន និងតតាំងក្ដីឱ្យដឹងស-ខ្មៅគ្នាម្ដងនៅក្នុងតុលាការធម្មនុញ្ញ។ តាមគម្រោង តុលាការនឹងបើកសវនាការជាផ្លូវការ និងជាសាធារណៈនៅថ្ងៃទី២៧ ខែធ្នូខាងមុខនេះ។
ការប្រកាសរបស់លោកមេធាវីស៊ឹកដុងយុន (Seok Dong-hyeon) ដូចខាងលើនេះពាក់ព័ន្ធនឹងការចោទប្រកាន់ចំពោះកូនក្ដីរបស់លោក (យូនស៊ុកយូល) ពីបទក្បត់ជាតិ និងប្រឆាំងនឹងអំណាចរដ្ឋ។ ទោសនេះធ្ងន់ណាស់ បើមិនដល់ថ្នាក់ប្រហារជីវិត ឬជាប់ពន្ធនាគារ១ជីវិតទេ ក៏ត្រូវជាប់ពន្ធនាគារជាច្រើនឆ្នាំផងដែរបើសិនតុលាការរកឃើញថាលោកមានកំហុសពិតមែន។
ចំណុចស្លាប់-របស់លោកយូនស៊ុកយូលនៅត្រង់អភ័យឯកសិទ្ធិជាប្រធានាធិបតីដែលប្រៀបបាននឹងអាវយ័ន្តការពារលោកពីការចាប់ខ្លួន។ អ្នកក្រោមបង្គាប់របស់លោកដែលធ្លាប់បានឃុបឃិតគ្នានៅក្នុងការប្រកាសច្បាប់អាជ្ញាសឹកត្រូវសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ដូចជារដ្ឋមន្ត្រីការពារជាតិ, រដ្ឋមន្ត្រីមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ និងស្នងការនគរបាលទីក្រុងសេអ៊ូល។
ទោះជាយ៉ាងណាក្ដី សមត្ថកិច្ចបញ្ជាក់ម្ដងទៀតនៅថ្ងៃនេះ «បើលោកយូនស៊ុកយូលដែលត្រូវសមត្ថកិច្ចកោះហៅម្ដងជាពីរដងនៅតែមិនព្រមចូលខ្លួនទៅឆ្លើយបំភ្លឺទៀត លើកនេះត្រូវតែចាប់ខ្លួនទាំងអភ័យឯកសិទ្ធិព្រោះគាត់ធ្វើខុសច្បាប់ដែរ។ ដូច្នេះ ទោះបីមានអភ័យឯកសិទ្ធិក៏មិនអាចជួយបានដែរ។ សមត្ថកិច្ចមិននិយាយច្រើនទេ លោកត្រូវតែចូលឆ្លើយបំភ្លឺនៅការិយាល័យអគ្គរដ្ឋអាជ្ញានៅថ្ងៃសៅរ៍សប្ដាហ៍នេះបើមិនចង់មានបញ្ហាកាន់តែធំ។
សព្វថ្ងៃនេះ លោកយូនស៊ុកយូលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីស្ថាប័នជំនាញចំនួន២។ ទី១-ស៊ើបអង្កេតពីគណៈកម្មការចម្រុះដែលមានសមាសភាពមកពីនគរបាលជាតិ, ក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយ។ ទី២-ស៊ើបអង្កេតពីអគ្គរដ្ឋអាជ្ញា។ ដូច្នេះទៅច្រកណាក៏មិនរួចខ្លួនដែរ។ គេពិនិត្យសើរើទាំងអស់ឡើងវិញតាំងពីករណីប្រពន្ធរបស់គាត់ប្រព្រឹត្តអំពើបក្សពួកនិយមទទួលអំណោយពីអ្នកដទៃ ហើយត្រូវគេលួចបង្កប់កាមេរ៉ាថតបានវីឌីអូកំពុងទទួលអំណោយនោះ។
ប៉ុន្តែលោកមេធាវីសឹកដុងយុន (Seok Dong-hyeon) និយាយដោយផ្អែកទៅលើទិដ្ឋភាពច្បាប់ថា «ករណីដែលលោកយូនស៊ុកយូលប្រកាសច្បាប់អាជ្ញាសឹកនោះមិនគួរណាចាត់ចូលជាអំពើក្បត់ជាតិទេ»។ លោកចង់មានន័យថាប្រទេសនានានៅលើពិភពលោកមានសិទ្ធិប្រកាសច្បាប់អាជ្ញាសឹកជារឿងធម្មតា។ ម៉្យាងទៀត ច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ដទៃទៀតក៏ផ្ដល់សិទ្ធិឱ្យប្រកាសច្បាប់អាជ្ញាសឹកផងដែរ។
សរុបសេចក្ដីមក ក្នុងនាមជាក្រុមមេធាវីការពារក្ដីជូនលោកយូនស៊ុកយូល លោកមេធាវីសូមប្រកាសត្រៀមខ្លួនតទល់គ្នានៅក្នុងតុលាការធម្មនុញ្ញរហូតដល់ទីបញ្ចប់។ លោកមេធាវីថ្លែងបន្តទៀតថាបើតាមការរំពឹងទុក តុលាការអាចនឹងមិនចាត់ការសំណុំរឿងក្បត់ជាតិទៅតាមពាក្យបណ្ដឹងទេ។ ប៉ុន្តែក្រុមរបស់លោកនឹងចូលរួមសហការនៅក្នុងដំណើរការស៊ើបអង្កេតនេះ៕
ចែករំលែកព័តមាននេះ