ខេត្តតាកែវ ៖ ជារឿងគួរឱ្យអាម៉ាស់មួយដែល សមត្ថកិច្ចចម្រុះខេត្តតាកែវ ដឹកនាំដោយមន្ត្រីយោធាព្រំដែន និងសមត្ថកិច្ចជលផល ចុះបង្ក្រាបជនជាតិវៀតណាមចូលឆក់ត្រីដោយខុសច្បាប់ក្នុងទឹកដីខ្មែរ នៅស្រុកអង្គរបុរីខេត្តតាកែវ ប៉ុន្តែភ្លាត់ស្នៀតត្រូវជនជាតិវៀតណាមវាយ បកវិញគួរឲ្យអាម៉ាស់។ ក្រុមមន្ត្រីខ្មែរទាំងនេះបាននិងកំពុងព្យាយាមលាក់រឿងអាម៉ាស់នេះ ព្រោះតែកំសោយនៃប្រតិបត្តិការរបស់ខ្លួន។
ប្រភពព័ត៌មានរាយការណ៍ថា កាលពីវេលាម៉ោង១១ និង ៣០នាទី ថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២៤ក្រុមមន្ត្រីយោធាព្រំ ដែនខេត្តតាកែវជាប់ខេត្តអាងយ៉ាង ប្រទេសវៀតណាម ដឹកនាំដោយមន្ត្រីយោធាឈ្មោះឡេះ សូនី និងលោក ឃិន វែង នាយផ្នែករដ្ឋបាលជលផលបុរីជលសារបានបើកប្រតិបត្តិការបង្ក្រាប ក្រុមអ្នកនេសាទជនជាតិវៀត ណាម ៧-៨នាក់ ដែលចូលមកឆក់ត្រីដោយខុសច្បាប់។ ជារឿយៗបណ្ដាជនជាតិវៀតណាមទាំងនោះតែងតែលួចចូលមកនេសាទខុសច្បាប់នៅក្នុងទឹកដីខ្មែរ តាម រយៈការឃុបឃិតបើកដៃ ពីមន្ត្រីមានសមត្ថកិច្ចនៅច្រក ព្រំដែនបាក់ដៃ។
ប្រភពបន្តថា នៅក្នុងពេលធ្វើប្រតិបត្តិការនោះ ក្រុមអ្នក នេសាទល្មើសច្បាប់ជនជាតិវៀតណាមដែលមិនញញើតសមត្ថកិច្ចខ្មែរនោះ ដណ្ដើមកាំភ្លើងពីដៃមន្ត្រីយោធានិងជលផលខ្មែរបានកាំភ្លើង២ដើម ស្របពេលដែលលោក ឃិន វែង ប្រវាយប្រតប់ទាញបានតែបង់កាំភ្លើងមកវិញដោយបន្សល់គ្រាប់ក្នុងកាំភ្លើង១គ្រាប់។ ពេលនោះ ជន ជាតិវៀតណាម ក៏បានបាញ់ភ្ជុចដី១គ្រាប់ជាការគំរាម ហើយពួកគេក៏រត់ចេញ តាមច្រកបាក់ដៃដោយផ្ញើកាំភ្លើងទាំង២ដើមនោះទុកនៅភាគីទាហានវៀតណាម ការពារព្រំដែននៅឈមច្រកបាក់ដៃនោះដែរ។
អ្វីៗត្រូវបានសម្របសម្រួល តាមរយៈការដែលមន្ត្រីខ្មែរព្រមដោះដូរទៅយកកាំភ្លើងនោះមកវិញ ដោយមិនចង់វែងឆ្ងាយតទៅទៀត។ បើទោះជាយ៉ាងណាក៏ដោយ នេះបង្ហាញឲ្យឃើញអំពីកំសោយមួយរបស់មន្ត្រីទីនោះ និងវិធានការការពារធនធានធម្មជាតិព្រោះតែការបើកដៃឲ្យជនជាតិវៀតណាមចូលមកនេសាទដោយខុសច្បាប់ក្នុង ទឹកដីខ្មែរ។ មជ្ឍដ្ឋានប្រជាពលរដ្ឋចោទសួរថា តើនរណាជាអ្នកអនុញ្ញាតឲ្យជនជាតិវៀតណាមចូលនេសាទ ក្នុង ទឹកដីខ្មែរ ដោយសេរីសព្វថ្ងៃ នៅក្នុងខេត្តតាកែវនោះ? យូរឆ្នាំមកហើយរហូតដល់បច្ចុប្បន្នគួរតែបញ្ចប់ហើយឬនៅអំពីបញ្ហានេះ ពីព្រោះវារាំរ៉ៃនិងអូសបន្លាយយូរ ណាស់ហើយ។
មន្ត្រីយោធាការពារព្រំដែននិងសមត្ថកិច្ចជលផលខ្មែរនៅក្នុងប្រតិបត្តិការនេះត្រូវគេរាយការណ៍ថា រាកអាចម៍រាកនោម ដែលមកដល់ពេលនេះ នៅក្នុងចំណោមន្ត្រីទាំងនោះមួយចំនួន មិនទាន់បាត់ភ័យ ឬនៅដេកគ្រុននៅឡើយ។ គេរាយការណ៍ថា មានជនជាតិវៀតណាមតែងតែចូលមកនេសាទនៅក្នុងដីខ្មែរ ដោយខុសច្បាប់ទាំងការឆក់ឬប្រើឧបករណ៍ល្មើសផ្សេងៗ។ ជនជាតិវៀតណាមដែលចូលមកនេសាទក្នុងទឹកដីខ្មែរ នៅស្រុកអង្គរបុរីខេត្តតាកែវបានដោយសេរីនោះ ព្រោះតែមានការឃុបឃិតពីសមត្ថកិច្ចខ្មែរនៅច្រកព្រំដែនបាត់ដៃឈមនឹងខេត្តអានយ៉ាង ប្រទេសវៀតណាមយូរមកហើយ។
លោកសូ សឿន នាយប៉ុស្តិ៍រដ្ឋបាលគោកធ្លក ស្រុកអង្គរ បុរីខេត្តតាកែវទទួលស្គាល់ថា មានរឿងភ្លាត់ស្នៀតនោះកើតមែន។ លោកនាយប៉ុស្តិ៍បញ្ជាក់ថា ករណីខាងលើពិតជាបានកើតឡើង ហើយសមត្ថកិច្ចនៅក្នុងប្រតិបត្តិការនេះបាននឹងកំពុងដេកភ័យ និងព្យាយាមបិទបាំងរឿងនេះមិនឱ្យថ្នាក់ដឹកនាំខេត្តបានដឹងនោះទេ។
លោកសៅ កុសល ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តតាកែវ មិនលើកទូរសព្ទនោះឡើយ។
ករណីនេះគួរតែមានការស៊ើបអង្កេតឲ្យបានច្បាស់លាស់ពីថ្នាក់ដឹកនាំខេត្តតាកែវ ឬមួយក៏ត្រូវបញ្ចប់ដូចអ្វីដែលពួកមន្ត្រីក្នុងប្រតិបត្តិការខាងលើ សុំតែកាំភ្លើងហើយរួច ខ្លួន? យ៉ាងណាក៏ដោយគេរំពឹងថា រដ្ឋបាលខេត្តតាកែវនិងសមត្ថកិច្ចពាក់ព័ន្ធ នឹងពិនិត្យ ក៏ដូចជាស៊ើបអង្កេតរឿងនេះដើម្បីឲ្យដឹងការពិត និងបញ្ចប់វប្បធម៌នៃការ អនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកនេសាទក្នុងទឹកដីខ្មែរដោយសេរីដូចសព្វថ្ងៃនេះ ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ