រាជធានីភ្នំពេញ ៖ លោកនៅ ស៊ីនឿន ក្នុងវ័យ២៥ឆ្នាំ ជាតារាចម្រៀង និងសម្តែងដុះដាលចេញពីកម្មវិធីយុវតារានាឆ្នាំ២០០៧ ដោយលោកប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធីយុវតារារបស់ស្ថានីយទូរទស្សន៍បាយ័ន។ ក្រោយពីប្រឡងជាប់ចំណាត់ថ្នាក់ហើយលោកបានចូលប្រឡូកក្នុងវិស័យសិល្បៈចម្រៀងដោយថតសម្លេងឱ្យផលិតកម្មស្ពានតារា និងផលិតកម្មSpak Music ។ ក្រៅពីនេះលោកជាតារាសម្តែងកាយវិការឱ្យផលិតកម្មក្រៅប្រទេសមួយចំនួន និងធ្លាប់សម្តែងភាពយន្តបានប្រហែល៧រឿង ក្នុងនោះចុងក្រោយគឺរឿង«ព្រលឹងខ្មោចតៃហោង» ប៉ុន្តែលោកមិនទាន់មានឈ្មោះល្បីទេ ហើយកក៏មិនទាន់ក្លាយជាតួឯកដែរ។
កន្លងមកគេឃើញលោកឡើងច្រៀងជាកិត្តិយសនៅតាមកម្មវិធីប្រគំតន្ត្រីចុងសប្តាហ៍ក្នុងស្ថានីយទូរទស្សន៍នានា។ គេស្គាល់លោកតាមរយៈបទ«ខ្លាចស្នេហ៍តាមខ្សែទូរស័ព្ទ» បទ«មនុស្សគ្មានហុងស៊ុយ» បទ«នៅក្បែរបងសង្សារបង នៅក្បែរគេសង្សារគេ» និងបទ«បេះដូងឃ្លាតទ្រូង»ជាដើម ។
លោកនៅ ស៊ីនឿន ចាកចេញពីផលិតកម្មចាស់ទៅច្រៀងឱ្យផលិតកម្មថ្មី តែមិនបានប៉ុន្មានផងលោកសម្រាកពីការងារសិល្បៈចម្រៀងទៅធ្វើជាពិធីករក្នុងកម្មវិធីទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ ក្នុងកម្មវិធីប្រគំតន្ត្រីថ្ងៃសៅរ៍នៅកោះពេជ្រ ។ ពេលសម្រាកពីសិល្បៈចម្រៀងរយៈពេលប៉ុន្មានខែនេះ លោកស៊ីនឿនលេចឮពាក្យចចាមអារ៉ាមថា ក្រោយពីបែកបាក់ស្នេហាជាមួយនាងកុល ដាវី បានទាក់ទងអ្នកមេម៉ាយកូន៣មានទ្រព្យសម្បត្តិស្តុកស្តម្ភទិញផ្ទះ ទិញរថយន្តឱ្យជិះ ហើយរស់នៅជាមួយគ្នាទៀតផង។
នៅពេលអ្នកយកព័ត៌មានទូរស័ព្ទជួបសម្ភាសន៍នាពេលថ្មីៗនេះ លោកស៊ីនឿនឆ្លើយបដិសេធថានោះជារឿងមិនពិតទេ ហើយលោកកំពុងតែស្រាវជ្រាវរកអ្នកនិយាយនោះ។ កន្លងមកលោកធ្លាប់បានឮនឹងត្រចៀកពីអ្នកសិល្បៈដូចគ្នា និងមិត្តភក្តិរួមអាជីព តែពេលសួរនាំស្រាវជ្រាវទៅមិនមានអ្នកណាដឹងថា ជាការពិតទេ ។
លោកនៅ ស៊ីនឿន បន្តថា ដីសង់ផ្ទះ គឺអ៊ំរបស់លោកឱ្យ រីឯផ្ទះឪពុកម្តាយលោកអ្នកធ្វើនិងចូលលុយលោកសន្សំខ្លះ ។ ចំពោះរថយន្តលោកសន្សំលុយទិញគឺគ្មានអ្នកមេម៉ាយណាទិញឱ្យទេ ។ លោកផ្តាំទៅអ្នកនិយាយបង្ខូចពីលោកថា បើគ្មានការពិតទេកុំនិយាយតទៅទៀត។
នៅពេលយើងសួរថាតើលោកមានទំនាក់ទំនងស្នេហាជាមួយនាងកុល ដាវី ពិតមែនឬទេ? លោកនៅ ស៊ីនឿន ឆ្លើយថា «ពិត»។ នៅពេលយើងសួរថា កន្លងមកឮថា លោកបែកបាក់ស្នេហាជាមួយនាងកុល ដាវី តើដាច់ស្រេចហើយឬនៅ? លោកឆ្លើយថា «ខ្ញុំនិងនាងកុល ដាវី នៅតែជាគូស្នេហ៍ជាធម្មតាទេ គ្រាន់តែនៅរៀងៗខ្លួន មិនសូវបានជួបគ្នាទេ» ៕
ចែករំលែកព័តមាននេះ