ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​កូរ៉េ​ខាង​ត្បូង​មិន​ទាន់​ដក​តំណែ​ង​លោក​យូន​ស៊ុក​យូល​នៅ​ឡើយ​ទេ

1 ខែ មុន

ទី​ក្រុង​សេអ៊ូល៖ ​នៅ​ទី​បំផុត​ ផែន​ការ​ដក​តំណែង​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​ លោក​យូន​ស៊ុក​យូល ក្លាយ​ជា​ផែន​ស្ករ​ទៅ​វិញ​ហើយ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​នៅ​ពេល​ក្រុម​អ្នក​តំណាង​រាស្ត្រ​របស់​គណ​បក្ស​លោក​យូន​ស៊ុក​យូល​ខ្លួន​ឯង (គណ​បក្ស​អំណាច​ប្រជា​ជន​) ​បាន​ដើរ​ចេញ​ពី​កន្លែង​​​ប្រជុំ​សភា​​។ មាន​ន័យ​ថា​ញត្តិ​របស់​គណ​បក្ស​ប្រឆាំង​ដែល​ស្នើ​សុំ​ឱ្យ​សភា​អនុ​ម័ត​នោះ​នៅ​៥០%​ទល់​នឹង​៥០%​។ គាំទ្រ​ក៏​​មិន​ទាន់​គាំទ្រ រី​ឯ​ជំទាស់​ក៏​មិន​ទាន់​ជំទាស់​។​…

ទី​ក្រុង​សេអ៊ូល៖ ​នៅ​ទី​បំផុត​ ផែន​ការ​ដក​តំណែង​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​ លោក​យូន​ស៊ុក​យូល ក្លាយ​ជា​ផែន​ស្ករ​ទៅ​វិញ​ហើយ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​នៅ​ពេល​ក្រុម​អ្នក​តំណាង​រាស្ត្រ​របស់​គណ​បក្ស​លោក​យូន​ស៊ុក​យូល​ខ្លួន​ឯង (គណ​បក្ស​អំណាច​ប្រជា​ជន​) ​បាន​ដើរ​ចេញ​ពី​កន្លែង​​​ប្រជុំ​សភា​​។ មាន​ន័យ​ថា​ញត្តិ​របស់​គណ​បក្ស​ប្រឆាំង​ដែល​ស្នើ​សុំ​ឱ្យ​សភា​អនុ​ម័ត​នោះ​នៅ​៥០%​ទល់​នឹង​៥០%​។ គាំទ្រ​ក៏​​មិន​ទាន់​គាំទ្រ រី​ឯ​ជំទាស់​ក៏​មិន​ទាន់​ជំទាស់​។​

អាច​ថា​មក​ពី​គណ​បក្ស​កាន់​អំណាច​មិន​ចង់​ឱ្យ​បក្ស​ប្រឆាំង​ចំណេញ​ផ្នែក​នយោបាយ​។ បើ​បោះ​ឆ្នោត​ទម្លាក់​បេក្ខ​​ជ​ន​ប្រធានា​ធិប​តី​ខ្លួន​ឯង​មាន​ន័យ​ស្មើ​នឹង​ធ្វើ​ទៅ​តាម​ការ​ចង់​បាន​​ ​ឬ​ដើរ​នៅ​លើ​ផ្លូវ​ដែល​គេ​គូស​ឱ្យ​ដើរ​របស់​ក្រុម​ប្រឆាំង​។ ដូច្នេះ ពួក​គេ​មិន​ចង់​លេង​តាម​សេណារីយោ​នយោបាយ​បែប​ហ្នឹង​ទេ​។​ ​មនុស្ស​នៅ​ក្នុង​បក្ស​ជា​មួយ​គ្នា​ទោះ​បី​អាក្រក់​ល្អ​ស​​ខ្មៅ​យ៉ាង​ដូច​ម្ដេច​ក៏​ពួក​គេ​សុខ​ចិត្ត​ឱប​ក្រសោប​គ្នា​ដែរ​។ នេះ​ជា​ចរិត​អ្នក​នយោបាយ​ទូទាំង​ពិភព​លោក​។

គោល​ជំហរ​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​ទាំង​នោះ​ហាក់​ផ្ទុយ​គ្នា​ពី​ជំហរ​​របស់​ប្រធាន​គណ​បក្ស​អំណាច​ប្រជា​ជន​ដែល​ប្រកាស​កាល​ពី​ម្សិល​មិញ​ថា​ «លោក​គាំទ្រ​ការ​បោះ​ឆ្នោត​ដក​តំណែង​លោក​យូន​ស៊ុក​យូល​»​។ ប្រធាន​គណ​បក្ស​រូប​នេះ​បារម្ភ​តែ​ម្យ៉ាង​គត់ «​បើ​មិន​ដក​គាត់​នៅ​ពេល​នេះទេ គាត់​អាច​នឹង​ប្រកាស​ច្បាប់​អាជ្ញា​សឹក​ជា​លើក​ទី​២​»​។ ​លោក​យូន​ស៊ុក​យូល​ក៏​រាង​ផ្អែម​មាត់​មិន​តិច​​ដែរ​នៅ​ថ្ងៃ​នេះ ព្រោះ​ក្រុម​បក្ស​ប្រឆាំង​អាច​ប្រមូល​សំឡេង​អ្នក​តំណាង​រាស្ត្រ​​​ជិត​គ្រប់​២/៣​។​ ពោល​គឺ​ប្រមូល​បាន​១៩២​សំឡេង​ ខណៈ​ដែល​ចំនួន​កូរ៉ុម​កំណត់​ត្រូវ​ការ​២០០​សំឡេង​ទើប​អាច​ដក​តំណែង​លោក​យូន​ស៊ុក​យូល​បាន​។​

នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​​កាល​ពី​ល្ងាច​​ថ្ងៃ​សៅរ៍ គេ​ឃើញ​ថា​​មាន​តែ​អ្នក​តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង​​​ប៉ុណ្ណោះ​ដែល​​បោះ​ឆ្នោត​។ ចំណែក​អ្នក​តំណាង​រាស្ត្រ​​គណ​បក្ស​កាន់​អំណាច​ដើរ​ចេញ​ស្ទើរ​តែ​ទាំង​អស់​គ្នា​ លើក​លែង​តែ​ម្នាក់​គត់​ដែល​វិល​ត្រឡប់​ទៅ​វិញ​តាម​ការ​អំពាវ​នាវ​របស់​ប្រធាន​រដ្ឋ​សភា​​។ ​​គេ​មិន​ទាន់​ដឹង​ថា​តើ​ការ​បោះ​ឆ្នោត​ដក​តំណែង​នេះ​ត្រូវ​ពន្យារ​ពេល​រហូត​ដល់​ពេល​ណា​ទេ​។ ​​អគ្គ​លេខា​ធិការ​រដ្ឋ​សភា​បង្ហើប​​ឱ្យ​ដឹង​ថាគេ​​ត្រូវ​រង់​ចាំ​រហូត​ដល់​ម៉ោង​១២:៤៨​រំលង​អធ្រាត្រ​ថ្ងៃ​សៅរ៍​នេះ​។

​តាម​មើល​ទៅ​, គណ​បក្ស​របស់​លោក​យូន​ស៊ុក​យូល​ដែល​ប្រកាស​ថា​នឹង​គាំទ្រ​ឱ្យ​ដក​តំណែង​លោក​យូន​ស៊ុក​យូល​នោះ​ប្រហែល​ជា​អឺអើ​បាន​ត្រឹម​តែ​មាត់​ទទេ​តែ​ប៉ុណ្ណោះ​។ ដល់​ពេល​សម្រេច​កិច្ច​ការ​មែន​ទែន​ ពួក​គេ​ជំទាស់​នឹង​ការ​ដក​តំណែង​នេះ​ទៅ​វិញ​។ អាច​ថា​លោក​យូន​ស៊ុក​យូល​គាត់​ប្រើ​យុទ្ធ​សាស្ត្រ​បញ្ចុះ​បញ្ចូល​យ៉ាង​ម៉េច​មិន​ដឹង​ទេ​ ហើយ​អាច​និយាយ​បាន​ថា​គាត់​មាន​មន្ត​ស្នេហ៍​នៅ​ក្នុង​ការ​ទាក់​ទាញ​ ឬ​បន្ទន់​ចិត្ត​កំហឹង​របស់​មនុស្ស​ដែល​ខឹង​មួយ​ឆាវ​ៗ​។ ក្រោយ​មក​ត្រជាក់​ចិត្ត​វិញ​។

​កាល​​​ពី​ព្រឹក​​​ថ្ងៃ​សៅរ៍ លោក​យូន​ស៊ុក​យូល​​បាន​ថ្លែង​​សុន្ទរ​កថា​មួយ​ សូម​អភ័យ​ទោស​ចំពោះ​កំហុស​ឆ្គង​របស់​លោក​កាល​ពី​យប់​ថ្ងៃ​អង្គារ​ដែល​ប្រកាស​ប្រើ​ច្បាប់​អាជ្ញា​សឹក​ ហើយ​ធ្វើ​​ឱ្យ​ជ្រួល​ច្របល់​ពេញ​ផ្ទៃ​​ប្រទេស​។ ប៉ុន្តែ​លោក​សូម​បញ្ជាក់​ឡើង​វិញ​ថា «​លោក​នឹង​មិន​លា​លែង​ពី​តំណែង​ជា​ដាច់​ខាត​»។ ដូច្នេះ​ ទោះ​បី​មាន​សម្ពាធ​ខ្លាំង​យ៉ាង​ណា​ក្ដី​ ទាំង​ពី​គណ​បក្ស​ប្រឆាំង និង​គណ​បក្ស​របស់​លោក​យូន​ស៊ុក​យូល​ខ្លួន​ឯ​ង លោ​ក​នៅ​តែ​ប្រកាន់​ជំហរ​រឹង​មាំ​ដដែល​នៅ​ក្នុង​រឿង​នេះ​។ លោក​ថ្លែង​ថា​ការ​​ប្រកាស​​ប្រើ​ច្បាប់​អាជ្ញា​សឹក​នោះ​មិន​មែន​ដើម្បី​ក្រាញ​អំណា​ច​ទេ​​​។ ប៉ុន្តែ​​​ដោយ​សារ​ចិត្ត​អន្ទះ​សា​របស់​លោក​មួយ​គ្រា​ៗ​។​​​

អ្នក​តំណាង​រាស្ត្ររបស់​គណ​បក្ស​កាន់​អំណាច​​​ដែល​មុន​ដំបូង​ដើរ​ចេញ​ពី​សភា ហើយ​ក្រោយ​មក​វិល​ទៅ​បោះ​ឆ្នោត​វិញ​នោះ​ គាត់ទទួល​ស្គាល់​ថា​ «លោក​យូន​ស៊ុក​យូល​គ្មាន​គុណ​វុឌ្ឍិ​ (លក្ខណៈ​សម្បត្តិ​) គ្រប់​គ្រាន់​ជា​ប្រធា​នា​ធិបតី​កូរ៉េ​ខាង​ត្បូង​ទេ​។ ប៉ុន្តែ​គាត់​ (អ្នក​តំណាង​រាស្ត្រ​) ជាប់​ជំពាក់​ត្រូវ​បោះ​ឆ្នោត​ការ​ពារ​លោក​យូន​ស៊ុក​យូល និង​ជំទាស់​នឹង​ញត្តិ​ចង់​ដក​តំណែង។​

ប្រធាន​គណ​បក្ស​កាន់​អំណាច​នៅ​កូរ៉េ​ខាង​ត្បូង​

​ឥឡូ​វនេះ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​តើ​សភា​គាំទ្រ​ការ​ដក​តំណែង ឬ​រក្សា​ទុក​​តំណែង​របស់​លោក​យូន​ស៊ុក​យូល​​ឱ្យ​នៅ​ដដែល​? មូល​ហេតុ​ដោយ​សារ​សភា​មិន​ទាន់​បោះ​ឆ្នោត​នៅ​ឡើយ​ទេ​។ ទោះ​ជា​យ៉ាង​ណា​ក្ដី ​​គណ​បក្ស​ប្រឆាំង​ទាំង​តូច​ទាំង​ធំ​និយា​យជា​លក្ខ​ណៈ​បង្ការ​ជើង​ទុក​ជា​មុន​ថា​បើ​នៅ​​​ប់​ថ្ងៃ​សៅរ៍​នេះបោះ​ឆ្នោត​មិន​បាន​សម្រេច​ទេ​ សភា​នឹង​កោះ​ប្រជុំ​ម្ដង​ទៀត​នៅ​ថ្ងៃ​ពុធ​៕​​

ក្រុម​គណ​បក្ស​ប្រឆាំង​នៅ​កូរ៉េ​ខាង​ត្បូង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ