ទីក្រុងសេអ៊ូល៖ នារីក្លាហានជនជាតិកូរ៉េខាងត្បូងម្នាក់ដែលហ៊ានឈរតទល់ដោយមិនខ្លាចស្លាប់នៅពេលដែលប្រធានាធិបតីកូរ៉េខាងត្បូង លោកយូនស៊ុកយូល ប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីរាត្រីថ្ងៃអង្គារនោះ លោកស្រីយល់ថាខ្លួនមិនមានអ្វីអស្ចារ្យនោះទេ។ ប៉ុន្តែអ្នកខាងក្រៅចាត់ទុកថាការដែលលោកស្រីហ៊ានប្រទាញប្រទង់គ្នាជាមួយទាហាននៅយប់នោះជាការឆ្លុះបញ្ចាំងអំពីទឹកចិត្តរបស់មនុស្សដែលមានទឹកចិត្តអង់អាចក្លាហាន។ ទង្វើរបស់លោកស្រីកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង។
នារីវ័យ៣៥ឆ្នាំឈ្មោះអាញ់ឃ្វីរីយុង (Ahn Gwi-ryeong) ជាអ្នកនាំពាក្យរបស់គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងនៅកូរ៉េខាងត្បូង។ នៅក្នុងវីឌីអូឃ្លីបដែលថតបានដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ គេឃើញថានារីឈ្មោះអាញ់ឃ្វីរីយុងហ៊ានយកដៃទៅចាប់កាន់កាណុងកាំភ្លើងរបស់ទាហានដើម្បីទប់មិនឱ្យទាហានសម្រុកចូលទៅក្នុងសាលធំរបស់វិមានរដ្ឋសភា។ ពួកគេធ្វើទៅតាមបញ្ជាដើម្បីដាក់គំនាបឱ្យសភាបោះឆ្នោតគាំទ្រច្បាប់អាជ្ញាសឹក។ ប៉ុន្តែសភានៅតែបោះឆ្នោតជំទាស់ដដែល។
ស្ត្រីអ្នកនាំពាក្យរូបនេះមិនមែនមនុស្សអន់ប៉ុន្មានទេ គ្រាន់តែអ្នកស្រីព្យាយាមដាក់ខ្លួន។ នៅក្នុងចំណោមវីឌីអូឃ្លីបដែលគេបង្ហោះនៅលើបណ្ដាញសង្គម វីឌីអូខ្លះបង្ហោះត្រឹមតែ១ប៉ប្រិចភ្នែកប៉ុណ្ណោះទទួលបានចំនួនចូលមើល១,២លានដងនៅលើយូរធូប។ អ្នកស្រីប្រាប់ថាកាលនោះអ្វីដែលមាននៅក្នុងចិត្តរបស់អ្នកស្រីមានតែ១គត់ ធ្វើយ៉ាងណាទប់ស្កាត់ពួកគេ (ទាហាន) មិនឱ្យចូលទៅក្នុងរដ្ឋសភា។ អ្នកស្រីតែពីរុញច្រានពួកគេឱ្យថយក្រោយវិញ។ អ្នកស្រីខិតខំអស់ពីលទ្ធភាពដែលអាចធ្វើទៅបាន។
កាលនោះ មិនមែនតែអ្នកស្រីម្នាក់ទេ។ អ្នកឯទៀតក៏ខំទាំងគ្មានអាវុធនៅក្នុងដៃដើម្បីទប់ទល់នឹងទាហានដែលសម្រុកចូលទាំងហ្វូងៗទៅក្នុងបរិវេណសភា។ នៅពេលអ្នកតំណាងរាស្ត្រកោះប្រជុំកាលពីយប់ថ្ងៃអង្គារ ជំនួយការរបស់ពួកគេខិតខំប្រមែប្រមូលរបស់របរដូចជាតុ កៅអី និងគ្រឿងសង្ហារិមនៅក្នុងសភាដើម្បីយកមកឃាំងច្រកចេញចូល។
អ្នកខ្លះទៅដោះយកបំពង់ផ្សែងសម្រាប់ពន្លត់អគ្គិភ័យមកបាញ់ដាក់មុខទាហាន។ រយៈពេលពីរម៉ោងកន្លះបន្ទាប់ពីលោកយូនស៊ុកយូលប្រកាសតាមទូរទស្សន៍ដើម្បីប្រើច្បាប់អាជ្ញាសឹក អ្នកតំណាងរាស្ត្រខាងក្រុមប្រឆាំង១៩០រូបបានបោះឆ្នោតជំទាស់នឹងច្បាប់នេះ។ មិនយូរប៉ុន្មាន លោកយូនស៊ុកយូលក៏ប្រកាសលុបចោលច្បាប់នោះវិញ។
ក្រោយមក មានពាក្យចចាមអារ៉ាមថានេះមិនមែនជាគំនិតរបស់លោកយូនស៊ុកយូលទេ។ មេខ្លោងនៅពីក្រោយរឿងនេះគឺរដ្ឋមន្ត្រីការពារជាតិជាអ្នកជូនយោបល់ឱ្យលោកធ្វើដូច្នេះ។ ឥឡូវនេះ អតីតរដ្ឋមន្ត្រីការពារជាតិរូបនោះបានដាក់ពាក្យលាលែងពីតំណែងរួចហើយ ហើយត្រូវលោកយូនស៊ុកយូលធ្វើចំណារឯកភាព១០០%។ លោកយូនបានប្រកាសតែងតាំងអតីតនាយឧត្ដមសេនីយ៍ពាក់ផ្កាយបួនម្នាក់ដែលធ្វើជាឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំប្រទេសអារ៉ាប៊ីសាឌីតដើម្បីកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិថ្មី។
អតីតរដ្ឋមន្ត្រីការពារជាតិដែលទើបតែចុះពីតំណែងថ្ងៃនេះក៏មិនទាន់រួចខ្លួនដែរ។ សមត្ថកិច្ចកំពុងស៊ើបអង្កេត និងប្រមូលភស្តុតាងដើម្បីប្ដឹងឡើងតុលាការពីបទបះបោរប្រឆាំងនឹងរដ្ឋអំណាច។ ចំណែកលោកយូនស៊ុកយូលខ្លួនលោកក៏មិនទាន់អស់បញ្ហាត្រឹមនេះដែរ។ សភាត្រៀមកោះប្រជុំនៅថ្ងៃសៅរ៍សប្ដាហ៍នេះដើម្បីពិនិត្យមើលសំណើសុំដកតំណែងលោក។ ទោះជាយ៉ាងណាក្ដី ក្រុមអ្នកតំណាងរាស្ត្ររបស់ «គណបក្សអំណាចប្រជាជន» ដែលជាគណបក្សរបស់លោកយូនស៊ុកយូល និងជាបក្សកំពុងកាន់អំណាចនៅកូរ៉េខាងត្បូងបានប្រកាសទុកជាមុនថាខ្លួននឹងបោះឆ្នោតជំទាស់នឹងសំណើនេះ៕
ចែករំលែកព័តមាននេះ