លម្អិតករណីចា.ប់លោកយាយ៨២ឆ្នាំដាក់គុ.ករឿងទំនា.ស់ព្រំដី រួចដោះលែងវិញ
- តាកែវ
ខេត្តតាកែវ ៖ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជួបសួរសុខទុក្ខ…
ខេត្តតាកែវ ៖ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជួបសួរសុខទុក្ខ…
ខេត្តតាកែវ ៖ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជួបសួរសុខទុក្ខ និងជូនលោកយាយ ជុំ យ៉េន អាយុ៨២ឆ្នាំ ចេញពីពន្ធនាគារដោយផ្ទាល់ទៅដល់គេហដ្ឋាន ស្ថិតនៅភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ក្រោយពេលលោកយាយត្រូវបានសមត្ថកិច្ចចាប់ និងឃុំខ្លួនដាក់ពន្ធនាគារ តាមដីការរបស់តុលាការ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ តែត្រូវបានតុលាការកំពូលចេញសាលដីកាសម្រេចដោះលែងឱ្យលោកយាយបាននៅក្រៅឃុំ ។
សំណុំរឿងនេះ បានបែកធ្លាយតាមបណ្ដាញសង្គម ដែលកូនស្រីរបស់គាត់ជាច្រើននាក់ បានកាន់រូបថតលោកយាយយំរៀបរាប់គួរឱ្យភ្ញាក់ផ្អើល ជុំវិញការចាប់ខ្លួនលោកយាយ អាយុជាង៨០ឆ្នាំ ដាក់ពន្ធនាគារ ។ ហើយអ្វីដែលគួរឱ្យសង្វេគនោះ គឺលោកយាយនៅជាមួយកូនស្រីគ ដែលនិយាយមិនកើត ចេញតែទឹកភ្នែក ។
បើតាមដីកាសម្រេចរបស់សភាព្រហ្មទណ្ឌតុលាការកំពូល នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានសរសេរថា ឈ្មោះ ជុំ យ៉េន ភេទស្រី កើតឆ្នាំ១៩៤២ មានវ័យចាស់ជរា គិតមកទល់នឹងពេលនេះ មានអាយុ៨២ឆ្នាំហើយ ។ ហេតុនេះ តាមគោលការណ៍មនុស្សធម៌ គប្បីសភាព្រហ្មទណ្ឌ នៃតុលាការកំពូល ព្យួរការអនុវត្តទោសចំពោះទណ្ឌិតឈ្មោះនេះ តាមបញ្ញត្តិនៃមាត្រា៤៤៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។
ដីកាសម្រេចសភាព្រហ្មទណ្ឌតុលាការកំពូល បានបញ្ជាក់យ៉ាងដូច្នេះថា៖
១-ទទួលបណ្ដឹងសើរើលេខ ៣៩ ស.រ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ និងបញ្ជូនសំណុំរឿងព្រហ្មទណ្ឌ នៃបណ្តឹងសើរើលេខ ៣៩ ស.រ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ របស់តុលាការកំពូលទៅសភាពេញអង្គ នៃតុលាការកំពូលជាសមត្ថកិច្ច ។
២-ព្យួរការអនុវត្តទោសលើទណ្ឌិតឈ្មោះ ជុំ យ៉េន ភេទស្រី កើតឆ្នាំ១៩៤២ ដែលមានក្នុងសាលក្រមព្រហ្មទណ្ឌលេខ ៣០“ខ” ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តតាកែវ ។ ឯកឧត្តម វុី សំណាង អភិបាលខេត្តតាកែវ ក៏បានជួយឧបត្ថមដល់លោកយាយនូវគ្រឿងឧបភោគ-បរិភោគ រួមជាមួយថវិកាមួយចំនួនដល់លោកយាយ ក្នុងការជួយសម្រាលនូវការលំបាកផងដែរ ។
លោកយាយ ជុំ យ៉េន អាយុ៨២ឆ្នាំ រស់នៅភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ដែលត្រូវបានចាប់ និងឃុំខ្លួនដាក់ពន្ធនាគារ ក្នុងសំណុំរឿងទំនាស់ព្រំដី ។
ការសម្រេចឱ្យលោកយាយបាននៅក្រៅឃុំរបស់តុលាការកំពូលនេះ បានកើតឡើងក្រោយមានការចែកចាយព័ត៌មាននេះនៅតាមបណ្តាញសង្គមព្រោងព្រាត ពាក់ព័ន្ធនឹងចំណាត់ការតាមផ្លូវច្បាប់ ដែលលោកយាយមានអាយុរហូតដល់៨២ឆ្នាំ រួមរឹតដោយជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមប្រចាំកាយនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់តុលាការខេត្តតាកែវ ហើយយកលោកយាយទៅឃុំខ្លួននៅពន្ធនាគារកាលពីថ្ងៃអាទិត្យ ក្រោមបទចោទប្រកាន់ពីបទ «ធ្វើឲ្យខូចខាតដោយចេតនា និងធ្វើឲ្យបាត់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ» ប្រព្រឹត្តនៅភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដែលបទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្តន្ទទោសតាមបញ្ញត្តិមាត្រា៤១០ និងមាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌ ។
ដំណើររឿងដែលឈានដល់ការចោទប្រកាន់ពីតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ទៅលើលោកយាយរូបនេះ គឺផ្តើមចេញពីទំនាស់ព្រំដី និងការសុំបើកផ្លូវជាមួយអ្នកជិតខាង រហូតមានការប្តឹងប្ដល់គ្នា ហើយក៏មានការចាប់ខ្លួន និងឃុំខ្លួនលោកយាយតែម្តង ។ ក្រៅពីការចាប់ខ្លួនលោកយាយដាក់ពន្ធនាគារ កូនៗរបស់លោកយាយ២នាក់ទៀតក៏ត្រូវបានចាប់ និងឃុំខ្លួនដាក់ពន្ធនាគារផងដែរ កាលពីប៉ុន្មានខែមុន នៅក្នុងករណីតែមួយនេះ ។
សម្រាប់ករណីនេះ ក្រោយមានការចែកចាយព័ត៌មានច្រើននៅតាមបណ្តាញសង្គម អមដោយសាររិះគន់ផងនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឲ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមទាំងអាជ្ញាធរពាក់ព័ន្ធ ពិនិត្យករណីនេះឡើងវិញ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនភាគីពាក់ព័ន្ធ ។
អយ្យការអមសាសាដំបូងខេត្តតាកែវបានបញ្ជាក់ថា យោងតាមសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ៣០(ខ) ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តតាកែវ ដែលបានសម្រេចផ្តន្ទាទោសឈ្មោះ ជុំ យ៉េន ដាក់ពន្ធនាគារកំណត់រយៈពេល៨(ប្រាំបី)ខែ ពីបទ «ធ្វើឲ្យខូចខាតដោយចេតនា និងធ្វើឲ្យបាត់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ» ។
ទោះបីជាបែបណាក៏ដោយ ការសម្រេចចាប់ខ្លួនមនុស្សចាស់ជរាទៅអនុវត្តច្បាប់ក្នុងពន្ធនាគារ បានជះឥទ្ធិពលអវិជ្ជមានសម្រាប់វិស័យតុលាការ ។
តុលាការកំពូល ចេញសេចក្តីថ្លែងការណ៍ ជុំវិញសំណុំរឿងចាប់ឃុំខ្លួន លោកយាយអាយុ៨២ឆ្នាំ
តុលាការកំពូលបានចេញសេចក្តីថ្លែងការណ៍មួយ ពន្យល់ជុំវិញសំណុំរឿងចាប់ឃុំខ្លួន លោកយាយអាយុ៨២ឆ្នាំ រស់នៅភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ តាមដីកាបង្គាប់ឱ្យចាប់ និងឃុំខ្លួនរបស់អយ្យការអមសាលាដំបូងខេត្តតាកែវ ។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យតុលាការកំពូល បានបញ្ជាក់៣ចំណុចដូចខាងក្រោម៖
១-តុលាការកំពូលបានទទួលពាក្យបណ្ដឹងសើរើពីបុគ្គលប្តឹងសើរើចំនួនបីរូប ទី១-ឈ្មោះ ជុំ រំ ភេទប្រុស អាយុ៣៨ឆ្នាំ ទី២-ឈ្មោះ ជុំ យ៉េន ភេទស្រី ឆ្នាំកំណើត១៩៤២ និងទី៣-ឈ្មោះ ទេព កុសល ភេទប្រុស អាយុ៣៦ឆ្នាំ ដែលបុគ្គលទាំងបីរូប មានទោសដាក់ពន្ធនាគារកំណត់រយៈពេល៨(ប្រាំបី)ខែក្នុងម្នាក់ៗ ពីបទ«ធ្វើឱ្យខូចខាតដោយចេតនា និងធ្វើឱ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ» ប្រព្រឹត្តនៅភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ តាមបញ្ញត្តិមាត្រា៤១០ និងមាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌ តាមអំណាចសាលក្រមស្ថាពរលេខ៣០“ខ” ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តតាកែវ ។
២-បន្ទាប់ពីទទួលសំណុំរឿងទាំងមូលតាមនីតិវិធីពីសាលាដំបូងខេត្តតាកែវ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ តុលាការកំពូលបានពិនិត្យ ពិចារណា និងសម្រេចបើកការសើរើរឿងក្តីនេះ តាមនីតិវិធីដូចមានក្នុងដីកាសម្រេចលេខ៣៩ XVI ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ របស់សភាព្រហ្មទណ្ឌនៃតុលាការកំពូល ។ បន្ថែមពីលើនេះ ផ្អែកតាមគោលការណ៍មនុស្សធម៌ តុលាការកំពូលក៏បានពិចារណាព្យួរការអនុវត្តទោសលើឈ្មោះ ជុំ យ៉េន ឆ្នាំកំណើត១៩៤២ បច្ចុប្បន្នមានអាយុ៨២ឆ្នាំ ។
៣-សំណុំរឿងក្ដីសើរើនេះ នឹងត្រូវជំនុំជម្រះជាសភាពេញអង្គ ដោយធ្វើការសម្រេចលើអង្គហេតុ និងអង្គច្បាប់ ដើម្បីរកយុត្តិធម៌ដល់គូភាគី ផ្អែកលើភស្តុតាង ទាំងដាក់បន្ទុក និងដោះបន្ទុក ៕
ចែករំលែកព័តមាននេះ