ទីក្រុងកូណាគ្រី៖ ថ្មីៗនេះ មានហេតុការណ៍ប្រជ្រៀតគ្នាស្លាប់មនុស្សយ៉ាងតិច៥៦នាក់ និងរបួសជាច្រើននាក់ទៀតនៅពហុកីឡដ្ឋាននៃប្រទេសហ្គីណេ។ មុននឹងឈានដល់បញ្ហានោះ មានការប៉ះទង្គិចគ្នា និងប្រវាយប្រតប់គ្នារវាងក្រុមអ្នកគាំទ្រក្រុមបាល់ទាត់ម្ខាងៗ។ អាជ្ញាធរកំពុងចុះស៊ើបអង្កេតយ៉ាងដុតដៃដុតជើងដើម្បីវែកមុខអ្នកទទួលខុសត្រូវធំបំផុតនៅក្នុងរឿងនេះ។
នៅក្នុងចំណោមជនរងគ្រោះដែលស្លាប់នោះក៏មានកុមារតូចៗមួយចំនួនផងដែរ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុក។ នាយករដ្ឋមន្ត្រីហ្គីណេថ្លែងថាហេតុការណ៍ប្រជ្រៀតគ្នាស្លាប់យ៉ាងរង្គាលនេះកើតឡើងនៅពេលប្រកួតរវាងក្រុមឡាបេ (Labe) និងក្រុមអឹនហ្សឺរ៉េកូរ៉េ (Nzerekore) ដើម្បីជាកិត្តិយសចំពោះអគ្គបញ្ជាការកងទ័ពប្រទេសនេះ។
សារព័ត៌មានក្នុងស្រុកផ្សាយថាកងសន្តិសុខបានប្រើប្រាស់ឧស្ម័នចេញទឹកភ្នែកដើម្បីរក្សាភាពស្ងប់ស្ងាត់ឡើងវិញនៅពេលហ្វូងមនុស្សចាប់ផ្ដើមជ្រួលច្របល់ និងមិនសប្បាយចិត្តទាល់តែសោះនៅពេលក្រុមម្ខាងទៀតទាត់បាល់ប៉េណាល់ទីចូលខាងក្រុមខ្លួន។ ពួកគេចាប់ផ្ដើមគប់គ្រវែងដុំថ្មចូលទីលានប្រកួត។ ដោយសារមើលឃើញសភាពការណ៍មិនស្រួល កងសន្តិសុខក៏ប្រើប្រាស់ឧស្ម័នចេញទឹកភ្នែកនៅក្នុងបំណងល្អតែប៉ុណ្ណោះដើម្បីធ្វើឱ្យអ្នកកំពុងជ្រួលច្របល់នោះចាប់ផ្ដើមបំបែកហ្វូង។
តាមពិត ឧស្ម័នចេញទឹកភ្នែកគេប្រើសម្រាប់បំបែកហ្វូងបាតុករដែលតវ៉ាដោយហិង្សានៅតាមទីវាល ឬនៅតាមដងផ្លូវដែលមានទីធ្លាធំទូលាយសម្រាប់ការជម្លៀសខ្លួនដើម្បីគេចចេញពីការឈ្លក់ផ្សែង។ ប៉ុន្តែការប្រើប្រាស់ឧស្ម័នចេញទឹកភ្នែកនៅក្នុងទីលានបាល់ទាត់មិនត្រូវកាលៈទេសៈទេព្រោះមនុស្សមិនដឹងត្រូវរត់ទៅណា។ នៅឥណ្ឌូណេស៊ីកាលពីប៉ុន្មានឆ្នាំមុនក៏មានករណីមនុស្សជាន់គ្នាស្លាប់ច្រើនបែបនេះដែរដោយសារឧស្ម័នចេញទឹកភ្នែក។
ឧស្ម័ននេះធ្វើឱ្យមនុស្សឈ្លក់ផ្សែង និងដកដង្ហើមមិនដល់គ្នា។ ម៉្លោះហើយ អ្នកទស្សនាបាល់ទាត់ត្រូវតែរត់តម្រង់ទៅរកច្រកចេញ-ចូលដើម្បីគេចចេញពីស្ថានភាពដ៏គ្រោះថ្នាក់នេះ។ តាមរយៈវីឌីអូឃ្លីបដែលថតបានពីកន្លែងកើតហេតុ គេឃើញអ្នកគាំទ្រក្រុមបាល់ទាត់ម្ខាងទៀតដែលមិនសុខចិត្តនឹងបាល់ប៉េណាល់ទីនោះស្រែកតវ៉ាយ៉ាងពុះកញ្ជ្រោលទៅអាជ្ញាកណ្ដាល។
មិនយូរប៉ុន្មានពួកគេរត់ទាំងហ្វូងសំដៅទៅបរិវេណប្រកួត។ សាក្សីនិយាយថាក្រោយពេលបាញ់ឧស្ម័នចេញទឹកភ្នែកនោះ មនុស្សគិតតែសម្រុកចេញទៅខាងក្រៅកន្លែងប្រកួត។ អ្នកខ្លះចេញតាមច្រកទ្វារទាន់ក៏ចេញទៅ។ រីឯអ្នកខ្លះទៀតចេញមិនទាន់ក៏ចាប់ផ្ដើមឡើងទៅលើជញ្ជាំង ឬរបងពហុកីឡដ្ឋាន។ នៅទីបំផុត ពួកគេសុចចិត្តប្រថុយជីវិតលោតពីលើរបងខ្ពស់ៗ។
សូមជម្រាបថាប្រទេសហ្គីណេគ្រប់គ្រងដោយរបបយោធាចាប់តាំងពីពួកគេធ្វើរដ្ឋប្រហារផ្ដួលរំលំអតីតប្រធានាធិបតីអាល់ហ្វា ខុនដេ (Alpha Conde) កាលពីឆ្នាំ២០២១។ ហ្គីណេស្ថិតនៅក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍនៃតំបន់អាហ្វ្រិកខាងលិចដូចជាម៉ាលី (Mali), នីហ្ស៊ែ (Niger) និងបួគីណាហ្វាសូ (Burkina Faso) ដែលសុទ្ធតែឡើងកាន់អំណាចដោយរដ្ឋប្រហារ៕
ចែករំលែកព័តមាននេះ