រាជធានីភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ច នាព្រលានយន្តហោះអន្តរជាតិថ្មី ក្រុងតាខ្មៅ ដែលកំពុងសាងសង់ គណៈប្រតិភូជាន់ខ្ពស់ នៃស្ថានទូតចំនួន៤ រួមមាន ៖ ឥណ្ឌូនេស៊ី អង់គ្លេស ព្រុយណេ និងម៉ាឡេស៊ី បានសម្តែងការកោតសរសើរចំពោះកម្ពុជា ដែលនឹងមានព្រលានយន្តហោះខ្នាតអន្តរជាតិ ក្នុងពេលឆាប់ៗ ខាងមុខនេះ ។
លោក ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ក្នុងឱកាសចុះទស្សនកិច្ច នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានការចូលរួមពីឯកអគ្គរដ្ឋទូត ចំនួន៤ប្រទេស ដែលប្រចាំនៅកម្ពុជា នៅថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា មន្ត្រីទូតធំៗ ចំនួន៤ ប្រចាំប្រទេសកម្ពុជា បានសាទរ និងកោតសរសើរចំពោះកម្ពុជា ដែលនឹងទទួលបានសមិទ្ធផលអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F នៅឆ្នាំ២០២៥ ខាងមុខនេះ ខណៈព្រលានយន្តហោះអន្តរជាតិថ្មី បានកំពុងដំណើរសាងសង់លើផ្ទៃដី ទំហំប្រមាណ ២,៦០០ហិកតា ។
សូមជម្រាបជូនថា ឯកអគ្គរដ្ឋទូត ចំនួន៤ ប្រទេសនោះ រួមមាន ៖ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា, ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា, ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា និងឯកឧត្តម Pengiran Kasmirhan ឯកអគ្គរាជទូតប្រុយណេ ប្រចាំនៅកម្ពុជា ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ព្រលានយន្តហោះអន្តរជាតិតេជោ សម្រេចការសាងសង់បានប្រហែលជាង ៩០% និងចំនួនទឹកប្រាក់ ១,៣៣៦លានដុល្លារ ហើយគ្រោងនឹងបើកដំណើរការនៅឆមាសទី១ ឆ្នាំ២០២៥ ខាងមុខ ទៅតាមផែនការ ដែលបានគ្រោងទុក ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបាន ៕
ចែករំលែកព័តមាននេះ