ទីក្រុងម៉ូស្គូ៖ លោកពូទីនកំពុងជ្រើសរើសទីតាំងនៅប្រទេសអ៊ុយក្រែនដើម្បីវាយប្រហារនាពេលអនាគត។ លោកថានេះជាការត្រៀមវាយបកវិញទៅលើករណីដែលអ៊ុយក្រែនបាញ់គ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយម៉ាកអាត់តាខំចូលតំបន់កៀវ។ ប្រភពខ្លះថាការវាយប្រហាររបស់អ៊ុយក្រែននៅក្នុងពេលនោះត្រូវចំបញ្ជាការដ្ឋានយោធារបស់រុស្ស៊ី បណ្ដាលឱ្យស្លាប់ឧត្ដមសេនីយ៍ផ្កាយបីម្នាក់, មេបញ្ជាការកងទ័ពកូរ៉េខាងជើងម្នាក់, ស្លាប់មន្ត្រីយោធារាប់សិបនាក់ និងទាហានរុស្ស៊ីជាច្រើននាក់។
ជាធម្មតាផែនការយោធាត្រូវគេរក្សាការណ៍សម្ងាត់បំផុត។ ប៉ុន្តែលើកនេះ លោកទីនប្រកាសអំពីគម្រោងវាយប្រហារជាសាធារណៈតែម្ដង។ លោកថាអគារធ្វើការរបស់រដ្ឋាភិបាលនៅទីក្រុងកៀវកម្រិតទីតាំងចេញបញ្ជាក៏អាចនឹងស្ថិតនៅក្នុងបញ្ជីដែលត្រូវកម្ទេចផងដែរ។ កាលពីពេលកន្លងមក រុស្ស៊ីវាយប្រហារជាច្រើនដងទៅលើទីក្រុងតូច-ធំរបស់អ៊ុយក្រែន។ គ្រាន់តែថាភាគច្រើនច្រើនវាយទីតាំងអគ្គិសនី ឬអគារធម្មតាតែប៉ុណ្ណោះ។ រុស្ស៊ីពុំទាន់វាយប្រហារអគាររបស់រដ្ឋាភិបាលម្ដងណាទេ។
អ៊ុយក្រែនក៏មិនមែនដំឡូងមូលនោះដែរ។ រដ្ឋាភិបាលបានដាក់ប្រព័ន្ធការពារដែនអាកាសយ៉ាងក្រាស់ឃ្មឹកដើម្បីទប់ទល់នឹងលទ្ធភាពនៃការវាយប្រហារដោយគ្រាប់មីស៊ីល។ ទោះជាយ៉ាងណាក្ដី លោកពូទីននិយាយដោយមោទកភាពថាគ្រាប់មីស៊ីលហាយពើសូនិច (hypersonic) លឿនជាងសំឡេងដែលរុស្ស៊ីវាយប្រហារអ៊ុយក្រែនថ្មីៗនេះជាមីស៊ីលទំនើបចុងក្រោយរបស់រុស្ស៊ី។ ដូច្នេះ លោកហ៊ានធានាអះអាងថាគ្មានប្រព័ន្ធការពារដែនអាកាសលោកខាងលិចណាមួយអាចទប់ទល់បានឡើយ។
នៅឯកិច្ចប្រជុំនៅកាហ្សាក់ស្ថានជាមួយប្រទេសសម្ព័ន្ធមិត្តតាំងពីសម័យសហភាពសូវៀត លោកពូទីនថ្លែងថាយើងត្រូវតែឆ្លើយតបទៅនឹងការវាយប្រហារចូលទឹកដីរុស្ស៊ីដោយគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយផលិតនៅបស្ចិមប្រទេស។ ពោលគឺដូចដែលលោកធ្លាប់បានប្រកាសកាលពីពេលកន្លងមកដូច្នេះដែរ។ នៅក្នុងចំណោមវិធានការឆ្លើយតបនោះក៏រួមទាំងការបាញ់សាកល្បងគ្រាប់មីស៊ីលម៉ាកអូរេស្នីក (Oreshnik) នៅលើសមរភូមិជាក់ស្ដែងដូចដែលរុស្ស៊ីធ្លាប់ធ្វើកាលពីថ្ងៃទី២១ ខែវិច្ឆិកា។
លោកថ្លែងបន្តទៀតថានៅពេលបច្ចុប្បន្ននេះ ក្រសួងការពារជាតិ និងអគ្គសេនាធិការដ្ឋានកងទ័ពរុស្ស៊ីកំពុងសម្រាំងជ្រើសរើសទីតាំងនៅលើទឹកដីអ៊ុយក្រែនសម្រាប់ត្រៀមវាយប្រហារនាពេលខាងមុខ។ លោកចង់មានន័យថាជ្រើសរើសទុកឱ្យហើយ។ នៅពេលអ៊ុយក្រែនបន្តបាញ់មីស៊ីលឆ្ងាយៗចូលទឹកដីរុស្ស៊ីទៀត រុស្ស៊ីងាយស្រួលវាយបកវិញចូលទីតាំងទាំងនោះ។
លោកពូទីនបង្ហើបឱ្យដឹងថាគោលដៅដែលកំពុងជ្រើសរើសនោះអាចជាទីតាំងយោធា, រោងចក្រផលិតបរិក្ខារយោធា ឬទីតាំងចេញបញ្ជានៅទីក្រុងកៀវ។ រុស្ស៊ីថាកាលពីថ្ងៃទី១៩ ខែវិច្ឆិកា អ៊ុយក្រែនបាញ់មីស៊ីលអាត់តាខំ (ATACMS) ជាលើកទី១ចូលភាគខាងលិច។ ក្រោយមក ពួកគេបន្តបាញ់មីស៊ីលនេះទៀតចូលតំបន់ខឺសនៅថ្ងៃទី២៣ម្ដង និងថ្ងៃទី២៥ម្ដងទៀត។
លោកពូទីនទំនងជាចង់បង្ហាញថារុស្ស៊ីមិនចាញ់ប្រៀបលោកខាងលិចទេពាក់ព័ន្ធនឹងចំនួនអាវុធយុទ្ធភ័ណ្ឌ។ លោកថារុស្ស៊ីកំពុងពន្លឿនការផលិតគ្រាប់មីស៊ីលទំនើបចុងក្រោយកើនឡើងលើសក្រុមប្រទេសសមាជិកអង្គការណាតូរហូតដល់ទៅដប់ដងឯណោះ។ មិនទាន់បញ្ចប់ត្រឹមហ្នឹងទេ លោកថារុស្ស៊ីនឹងបង្កើនការផលិតកាន់តែច្រើនថែមទៀតនាពេលអនាគត៕
ចែករំលែកព័តមាននេះ